ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាន់ ប៊ុ​ន​លាភ និង​ជា សំនៀង ប៉ះ​ថៃ​លើស​ង្វៀ​នខា​រ៉ា​បាវ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​១៤ មក​រា ប្រដាល់​អន្តរជាតិ​របស់​ខា​រ៉ា​បាវ​មិន​មានការ​ប្រកួត​សន្សំ​ពិន្ទុ​ទៀត​ទេ ដោយ​ត្រូវ​សម្រាក​មួ​យស​ប្ដា​ហ៍ ​បន្ទាប់​ពី​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​រដូវ​កាល​ទី​២ ​បាន​បញ្ចប់​

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​១៤ មក​រា ប្រដាល់​អន្តរជាតិ​របស់​ខា​រ៉ា​បាវ​មិន​មានការ​ប្រកួត​សន្សំ​ពិន្ទុ​ទៀត​ទេ ដោយ​ត្រូវ​សម្រាក​មួ​យស​ប្ដា​ហ៍ ​បន្ទាប់​ពី​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​រដូវ​កាល​ទី​២ ​បាន​បញ្ចប់​បាន​៤​ស​ប្ដា​ហ៍រ​វាង​កីឡាករ​កម្ពុជា និង​បរទេស​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។ ព្រឹត្តិការណ៍​នេះ ​ត្រូវ​បាន​មហាជន​ភាគ​ច្រើន​​ផ្ដោត​ការ​ចាប់អារម្មណ៍ ខណៈ​ដែល​ស​ប្ដា​ហ៍​នេះ​សមាសភាព​កីឡាករ​កម្ពុជា ​ដែល​ឡើង​ប្រកួត​មិត្តភាព​សុទ្ធតែ​ជា​ជើង​ខ្លាំង និង​ល្បីឈ្មោះ​ដោយ​តម្រូវ​ឱ្យ​កីឡាករ​ចាន់ ប៊ុ​ន​លាភ និង​ជា សំនៀង ត្រូវ​ប៉ះ​ជាមួយ​ថៃ ។

ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ដណ្ដើម​ខ្សែក្រវាត់​របស់​​ភេសជ្ជៈ​ខា​រ៉ា​បាវ​វគ្គ​២​នេះ មានការ​រំពឹង​ខ្ពស់​យ៉ាង​ខ្លាំង​ថា នឹង​មានការ​គាំទ្រ​ដាច់​ឆ្ងាយ​ជាង​ការ​ប្រកួត​អន្តរជាតិ​កាលពី​វគ្គ​១ ដោយសារ​តែ​សមាសភាព​កីឡាករ​សុទ្ធតែ​ល្អ​ៗ និង​ល្បីឈ្មោះ បើ​ទោះជា​ព្រឹត្តិការណ៍​នេះ​ត្រឹម​ជា​ការ​ប្រកួត​មិត្តភាព ។ កីឡាករ​កម្ពុជា​២​រូប​គឺ ចាន់ ប៊ុ​ន​លាភ និង​ជា សំនៀង គឺជា​គូប្រកួត​ស៊ីសាច់ហុតឈាម​ជាមួយ​កីឡាករ​ថៃ​នៅ​រសៀល​ថ្ងៃ​សៅរ៍​នោះ ដែល​ការ​ប្រកួត​របស់​ពួក​គេ​គឺ​អ្នក​ណា​ៗ​ក៏​ជឿ​ថា ​ម្នាក់​ៗ​មិន​ចង់​ចាញ់​ដែរ ។

អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា កីឡាករ​ទាំង​៤​រូប​ត្រូវ​បាន​ផ្គូផ្គង​ហើយ​ត្រូវ​ប៉ះ​គ្នា​ក្នុង​ស​ប្ដា​ហ៍​ទី​២​នេះ ​សម្រាប់​ព្រឹត្តិការណ៍​អន្តរជាតិ​ខា​រ៉ា​បាវ ដោយ​អ្នក​ឈ្នះ​នឹង​ទទួល​បាន​កិត្តិយស ហើយ​អ្នក​ចាញ់​នឹង​ត្រូវ​បាក់មុខ​មិន​ខុស​គ្នា​នឹង​កីឡាករ​ដែល​ប្រកួត​ដណ្ដើម​ពិន្ទុ​នោះ​ឡើយ ។ កីឡាករ​កម្ពុជា​ត្រូវ​បាន​អះអាង​ថា ​សម្ងំ​ហ្វឹកហាត់​មិន​ខុស​គ្នា​នោះ​ទេ ដោយសារ​តែ​មិន​ចង់​បាក់មុខ​នៅ​លើ​សង្វៀន​អន្តរជាតិ​របស់​ខា​រ៉ា​បាវ ដែល​មាន​អ្នក​ទស្សនា​កុះករ​ទស្សនា​រាល់​ស​ប្ដា​ហ៍ ។ យ៉ាងណាមិញ គេ​មិន​ទាន់​ដឹង​ថា កីឡាករ​ណាមួយ​នឹង​មាន​លទ្ធភាព​ដណ្ដើម​បាន​ជ័យជម្នះ​សម្រាប់​ការ​ប្រកួត​មិត្តភាព​កំដរ​រេញ​មួ​យស​ប្ដា​ហ៍ ដែល​ការ​ប្រកួត​សន្សំ​ពិន្ទុ​ត្រូវ​ខាង​កម្មវិធី​តម្រូវ​ឱ្យ​សម្រាក ។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ប្រាប់​ថា កីឡាករ ចាន់ ប៊ុ​ន​លាភ មក​ពី​ក្លិប​និរោធ​មាន​ជ័យ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ផា យ៉ាក់​ឡេ​ក ក្នុង​នាម​ជា​គូ​បើក​ឆាក​អន្តរជាតិ​មិត្តភាព​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ដោយ​ជំនួប​រវាង​ពួក​គេ ​គឺ​បាន​កើតឡើង​ដោយសារ​តែ​ការ​ផ្គូផ្គង​ទុកជា​យូរ​មក​ហើយ ​ដើម្បី​ឱ្យ​ពួក​គេ​ស្ទាបស្ទង់​សមត្ថភាព ។ លោក​ថា កីឡាករ​ចាន់ ប៊ុ​ន​លាភ ចាត់​ទុក​ថា​ ជា​ជើង​ខ្លាំង​ម្នាក់​នៅ​លើ​សង្វៀន​ប្រដាល់​អន្តរជាតិ​នា​ពេល​កន្លង​មក ទើប​ការ​ប៉ះ​ប្រកួត​មិត្ត​ភាព​នៅ​លើស​ង្វៀ​នខា​រ៉ា​បាវ កីឡាករ​រូប​នេះ​នឹង​ធ្វើ​ឱ្យ​អ្នកគាំទ្រ​អស់ចិត្ត ហើយ​ជាប់​ចិត្តនឹង​ការ​ប្រកួត​ដែល​ប្រកាស​ធ្វើ​ឡើង ។ លោក​ថា ព្រឹត្តិការណ៍​ដែល​បាន​ទទួល​ជោគជ័យ​ក្រោយ​ការ​បញ្ចប់​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នៅ​រដូវ​កាល​ទី​១​នេះ កាន់តែ​មាន​សន្ទុះ​ចាប់អារម្មណ៍​ទ្វេ​ដង បន្ទាប់​ពី​ក្រុមការងារ​ប្រកួត​សម្រេច​ដាក់​កីឡាករ​កម្ពុជា​៤​រូប និង​ថៃ​៤​រូប​សុទ្ធតែ​ខ្លាំង​ឱ្យ​ឡើង​ប្រកួត​គ្នា ។ លោក​ជឿជាក់​ទៅ​លើ​សមត្ថភាព​ពូកែ​គេច និង​ពូកែ​វាយ​សន្ធាប់​របស់​កីឡាករ​កម្ពុជា ចាន់ ប៊ុ​ន​លាភ ទើប​សម្រេច​ជ្រើស​ភ្លាម​ឱ្យ​ឡើង​ប្រកួត​មិត្តភាព​នៅ​ថ្ងៃ​សៅរ៍​នេះ ដើម្បី​ឱ្យ​អ្នកគាំទ្រ​ជាប់ចិត្ត​មិន​ខុស​គ្នា​ពី​ការ​ប្រកួត​សន្សំ​ពិន្ទុ ។

ទោះបី​យ៉ាងណា លោក​មិន​ហ៊ាន​ប៉ាន់​ស្មានថា ​ការ​ប្រកួត​របស់​គេ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ខាន​ស្អែក​នេះ អ្នក​ណា​នឹង​ទទួល​បាន​កិត្តិយស​នោះ​ទេ ដោយសារ​តែ​កីឡាករ​ថៃ​ក៏​ជា​ជើង​ខ្លាំង ហើយ​កីឡាករ​កម្ពុជា​ក៏​ខ្លាំង ។ លោក​រំពឹង​យ៉ាង​ខ្លាំង​ថា ការ​ប្រកួត​បើក​ឆាក​របស់​គូ​អន្តរជាតិ​ទី​១​រវាង ចាន់ ប៊ុ​ន​លាភ និង​កីឡាករ​ថៃ នឹង​ទាក់ទាញ​ចំណាប់អារម្មណ៍​ខ្លាំង​ក្លា ក្នុង​ពេល​ដែល​ម្នាក់​ៗ​ក៏​ត្រូវ​លោក​ជឿ​ថា នឹង​ប្រឹង​ប្រកួត​អស់ពី​សមត្ថភាព​រៀងខ្លួន ។ កីឡាករ​ថៃ ផា យ៉ាក់​ឡេ​ក ធ្លាប់​ប្រកួត​៦៤​លើក ឈ្នះ​៦១​លើក និង​ចាញ់​៣​លើក ក្នុង​ពេល​​ដែល​កីឡាករ​កម្ពុជា​ឆ្លងកាត់​ការ​ប្រកួត​៦១​លើក ឈ្នះ​៥១​លើក ចាញ់​៨​លើក និង​ស្មើ​២​លើក​នៅ​លើ​សង្វៀន ។

សម្រាប់​កីឡាករ​ជា សំនៀង លោក​ញាណ សុធី បញ្ជាក់​ថា គេ​ក៏​ជា​គូ​ឯក​សម្រាប់​ព្រឹត្តិការណ៍​មិត្តភាព​របស់​ភេសជ្ជៈ​ខា​រ៉ា​បាវ ដោយ​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ផ្លា​យ ណ​យ ។

លោក​ថា ការ​ប្រកួត​របស់​គូ​នេះ​នៅ​មិន​ទាន់​ដឹង​ថា អ្នក​ណា​ទទួល​បាន​កិត្តិយស​នោះ​ទេ ​ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា​ក៏​ល្អ ហើយ​កីឡាករ​ថៃ​ក៏​មានកេរ្តិ៍ឈ្មោះ​មិនធម្មតា ។ បើ​ទោះជា​ប្រវត្តិ និង​បទ​ពិសោធន៍​កម្ពុជា​រាង​ស្ទើរ​ជាង ប៉ុន្តែ​បើ​និយាយ​ពី​កម្លាំង​ស៊ុ​ហ្វ និង​បច្ចេកទេស​ គឺ​គេ​ល្អ​នៅ​លើ​សង្វៀន ទើប​ម្នាក់​ៗ​បាន​ត្រឹមតែ​យល់​ថា ​ពួក​គេ​នឹង​ប្រកួត​ស្វិត​ស្វាញ ។ កីឡាករ​ថៃ​លោក​ថា ​ធ្លាប់​ប្រកួត​១០៦​លើក ឈ្នះ​៨៣​លើក ចាញ់​១៩​លើក និង​ស្មើ​៤​លើក ក្នុង​ពេល​កីឡាករ​កម្ពុជា​ ធ្លាប់​ប្រកួត​បាន​៧៥​លើក ឈ្នះ​៦០​លើក ចាញ់​១២​លើក និង​ស្មើ​៣​លើក ៕