សមត្ថកិច្ចបានឱ្យខេត្តចំនួន៣ មានខេត្តសៀមរាប ព្រះវិហារ និងកំពង់ធំ បញ្ឈប់ការធ្វើអាជីវកម្មយកកម្រៃសេវានាំសត្វ និងផលិតផលមានដើមកំណើតពីសត្វចតុបាទមានដូចជា គោ ក្របី និងជ្រូក ពេលដឹកជញ្ជូនឆ្លងកាត់ និងចេញក្រៅខេត្តទាំងនេះ ។
ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៥ សីហា ឆ្នាំ២០២២ បានចេញលិខិតជម្រាបទៅអភិបាលនៃគណៈអភិបាលខេត្តទាំងបីថា ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានពិនិត្យឃើញថា នាពេលកន្លងមករដ្ឋបាលខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តព្រះវិហារ បានផ្តល់គោលការណ៍អនុញ្ញាតឱ្យក្រុមហ៊ុនឯកជនធ្វើអាជីវកម្មយកកម្រៃសេវានាំសត្វនិងផលិតផលមានដើមកំណើតពីសត្វចតុប្បាទគោ ក្របី ជ្រូកឆ្លងកាត់ និងចេញក្រៅខេត្តសាមីនីមួយៗ ។
ក្រសួងបញ្ជាក់ថា ការអនុវត្តបែបនេះ គឺផ្ទុយទៅនឹងច្បាប់លិខិតគតិយុត្តនានាពាក់ព័ន្ធនឹងការផ្តល់សេវា និងការប្រមូលចំណូលមិនមែនសារពើពន្ធនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងបង្កឱ្យមានផលប៉ះពាល់ដល់បរិយាកាសនៃការធ្វើអាជីវកម្មសត្វ និងផលិតផលមានដើមកំណើតពីសត្វរបស់វិស័យឯកជនផងដែរ ។
ក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទបានស្នើរដ្ឋបាលខេត្តកំពង់ធំ សៀមរាប និងខេត្តព្រះវិហារ ត្រូវនិរាករនូវរាល់គោលការណ៍អនុញ្ញាតទាំងអស់ដែលរដ្ឋបាលខេត្តសាមីនីមួយៗបានផ្តល់ជូនទៅរូបវន្ត័បុគ្គល ឬនីតិបុគ្គលឱ្យធ្វើអាជីវកម្មប្រមូលកម្រៃសេវានាំសត្វ និងផលិតផលមានដើមកំណើតពីសត្វចតុប្បាទឆ្លងកាត់ និងចេញក្រៅខេត្តដែលបានកំពុងអនុវត្តនាពេលបច្ចុប្បន្ន និងជំរុញ ណែនាំឱ្យប្រជាពលរដ្ឋ ហើយនិងអ្នកពាក់ព័ន្ធដាក់ពាក្យស្នើសុំសេវាអង្គភាពច្រកចេញចូលតែមួយ ដោយបង់កម្រៃសេវាតាមការកំណត់នៅក្នុងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន ។
លោកស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាយល់ឃើញថា ការបញ្ឈប់ការធ្វើអាជីវកម្មយកកម្រៃសេវានាំសត្វខាងលើនេះ គឺជាការគិតគូរ យកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទហើយមានក្តីសង្ឃឹមថានឹងមានវិធានការបញ្ឈប់យកកម្រៃសេវានាំសត្វនៅទូទាំំងប្រទេសនាពេលខាងមុខ ។
ប្រធានសមាគមន៍បានបញ្ជាក់ថា ក្រសួងកសិកម្មនូវតែបន្តយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យចិញ្ចឹមសត្វនេះហើយបានធ្វើឱ្យបងប្អូនប្រជាកសិករដែលជាអ្នកចិញ្ចឹមសត្វ និងអ្នកចរាចរសត្វនេះបច្ចុប្បន្ននេះមានចិត្តត្រេកអរ ។ លើសពីនេះយើងសង្ឃឹមជឿជាក់ថា វិស័យចិញ្ចឹមសត្វនៅកម្ពុជានឹងមានការរីកចម្រើនថែមទៀតនាពេលខាងមុខនេះ ។
បើតាមប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាខាងលើ នៅពេលកន្លងមកការធ្វើអាជីវកម្មយកកម្រៃសេវានាំសេត្វចូលនេះបានធ្វើឱ្យក្រុមអ្នករកស៊ីជួបការលំបាកដូចជា ខាតបង់នូវពេលវេលានិងលុយកាក់ ពោល បើអ្នករកទទួលទានចង់នាំសត្វចូលដោយឆ្លងកាត់ខេត្តត្រូវមកបង់កម្រៃសេវាជាមុន៕
ចែករំលែកព័តមាននេះ