ប្រជាពលរដ្ឋបានអបអរសាទរចំពោះប្រមុខរដ្ឋាភិបាលដែលបានលុបចោលគម្រោងវិនិយោគជុំវិញសួនសត្វភ្នំតាម៉ៅ ។ ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានបញ្ជាយ៉ាងច្បាស់ថា លុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឲ្យធ្វើការដោះដូរ និងអភិវឌ្ឍសួនសត្វនេះ ។ រក្សាទុកដី និងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដី ដែលត្រូវការពារ និងអភិរក្សដោយក្រសួងកសិកម្ម ។

ក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាព និងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ ។ មានការឲ្យដឹងថា ក្រុមហ៊ុនបានឈូសឆាយផ្ទៃដីជុំវិញសួនសត្វភ្នំតាម៉ៅប្រមាណ៥០០ហិកតា ។
តាមអ្នកឧកញ៉ាម៉ុង រិទ្ធី ប្រធានក្រុមហ៊ុនម៉ុងរិទ្ធីក្រុម ដែលទទួលបានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន ចុះទៅស្តាធ្វើការដាំដុំព្រៃឈើដែលបានឈូសឆាយហើយនោះឡើងថា បើតាមការអោយដឹងក្រៅផ្លូវការផ្ទៃដីដែលឈូសឆាយអស់ចំនួនប្រមាណជា៥០០ហិកតានោះ បើដាំដើមឈើក្នុងរង្វង់៧ម៉ែត្របួនជ្រុងមួយដើម សរុបកូនឈើដែលតម្រូវដាំ ប្រមាណជា១០២០០០ដើម ។

អ្នកឧកញ៉ា ម៉ុង រិទ្ធី បាននាំក្រុមការងារចុះទៅដាំកូនឈើ ចាប់ពីថ្ងៃទី៨ ខែសីហា ជាមួយសកម្មភាពសប្បុរជននានាក៏ចុះទៅដាំផងដែរ ក្រៅពីអ្នកឧកញ៉ា ។ ប៉ុន្តែមានការមើលឃើញថា ការដាំដើមឈើស្តាឡើងវិញជុំវិញតំបន់ភ្នំពេញតាម៉ៅ មិនងាយជាការងាយស្រួលដូចការឈូសឆាយឡើយ ។

គេមិនគ្រាន់ធ្វើពិធីដាំនៅថ្ងៃនេះ ហើយទុកចោលកូនឈើទាំងអស់នោះឡើយ ។ បន្ទាប់ពីដាំគេត្រូវយកចិត្តទុកដាក់ចំពោះការថែទាំផង ។ ដាំនិងការថែទាំ ដែលប្រើពេលវេលាយូរត្រូវចំណាយទាំងកម្លាំងកាយចិត្ត និងថវិកា ។
តាមអ្នកឧកញ៉ា ម៉ុង រិទ្ធី ដែលបានផ្តល់បទសម្ភាសដល់សារព័ត៌មានដើម្បីឲ្យស្តាឡើងវិញនេះ ទទួលបានផលគេត្រូវមានគម្រោងច្បាស់លាស់ មិនមែនទៅដាំ ដើម្បីថតបង្ហោះហ្វេសប៊ុកឡើយ ។

លោកថា មុនដំឡូងគេ គួរជ្រើសរើសពូជឈើឲ្យច្បាស់លាស់ ហើយអាយុកាលកូនឈើដែលយកទៅដាំនោះមិនត្រូវមានអាយុតិចជាង២០ខែទេ ។ ព្រៃឈើជុំវិញសួនសត្វភ្នំតាម៉ៅក្នុងទំហំជាង៥០០ហិកតានោះត្រូវបានពលរដ្ឋបញ្ជាក់ថា មានអាយុចន្លោះពី២០ទៅ៤០ឆ្នាំ ហើយត្រូវក្រុមហ៊ុនឈូសឆាយតែប៉ុន្មានខែចុងក្រោយនេះ ។
ការឈូសឆាយ ហាក់ចំណាយពេលតែមួយពព្រិចភ្នែក ប៉ុន្តែការស្តាឡើងវិញទំនងប្រើពេលយូរ ។ ដាំហើយ បើដើមឈើមានការថែទាំល្អ រស់រានបាន ដូច្នោះគេត្រូវប្រើពេលពី២០ទៅ៤០ឆ្នាំ ទើបឈើទាំងនោះមានសភាពដូចដើមវិញ ។ ចុះបើនាំគ្នាដាំតែពេលនេះ ហើយគ្មានយន្តការពារថែទាំនោះគេប្រាកដជាមិនអាចឃើញសភាពប្រៃឈើដូចដើមវិញឡើយ ។

អ្នកឧកញ៉ាម៉ុង រិទ្ធី បានប្រកាសនៅលើបណ្តាញសង្គមរបស់លោកថា ព្រឹកថ្ងៃច័ន្ទ ទី០៨ ខែសីហា ឆ្នាំ២០២២ ដែលជាខួប៤៤ឆ្នាំនៃអាពាហ៍ពិពាហ៍របស់លោក និងភរិយា លោកបានយកកូនឈើប្រភេទធ្នង់ និងកូនឈើរបេងចំនួន៣២២០ដើម ទៅដាំឡើងវិញនៅក្នុងតំបន់សួនសត្វភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ នោះ ។ លោកបានសន្យាថានឹងដាំឲ្យគ្រប់ទំហំដី៥០០ហិកតានោះ ៕






ចែករំលែកព័តមាននេះ