ទីក្រុងកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានប្រកាសកាលពីថ្ងៃពុធថា ជំនួបត្រីភាគីជុំបន្ទាប់ទំនងជានឹងត្រូវរៀបចំឡើងនៅដើមខែមីនា នាទីក្រុងអាប៊ូដាប៊ី សហភាពអារ៉ាប់រួម បន្ទាប់ពីមានកិច្ចពិភាក្សាប្រកបដោយផ្លែផ្កាជាមួយប្រេសិតរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។ នេះបើយោងតាមសារព័ត៌មាន Xinhua និងប្រភពដទៃទៀតចុះផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈនេះ។
លោកប្រធានាធិបតីអ៊ុយក្រែន បានសង្កត់ធ្ងន់ថា បច្ចុប្បន្នមានការត្រៀមលក្ខណៈខ្ពស់សម្រាប់កិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំកំពូល ដោយអ៊ុយក្រែន និងដៃគូអន្តរជាតិមានឆន្ទៈរួមគ្នាក្នុងការជំរុញឱ្យជម្លោះដ៏រ៉ាំរ៉ៃនេះឈានដល់ទីបញ្ចប់។
គម្រោងនៃជំនួបត្រីភាគី អ៊ុយក្រែន-អាម៉េរិក-រុស្ស៊ី នេះកើតឡើងចំពេលដែលរដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតយ៉ាងខ្លាំងក្លា ដើម្បីដើរតួជាអ្នកសម្របសម្រួលបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ ខណៈដែលសមរភូមិជាក់ស្ដែងនៅតែបន្តឆាបឆេះ ការជ្រើសរើសយកទីក្រុងអាប៊ូដាប៊ីជាទីតាំងចរចា បង្ហាញពីយុទ្ធសាស្ត្រប្រើប្រាស់តំបន់អព្យាក្រឹត ដើម្បីទាក់ទាញភាគីជម្លោះឱ្យមកអង្គុយតុចរចាវិញ ក្នុងបំណងស្វែងរកកិច្ចព្រមព្រៀងសន្តិភាពដែលអាម៉េរិកបានសន្យាថានឹងធ្វើឱ្យសម្រេចក្នុងពេលឆាប់ៗ៕
ចែករំលែកព័តមាននេះ