ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​សុខាភិបាល​ ៖ មជ្ឈមណ្ឌល​បេះដូង​ខេត្តសៀមរាប កាន់តែ​នៅ​គៀក​ជិត​ប្រជាពលរដ្ឋ

11 ម៉ោង មុន

ខេត្តសៀមរាប ​៖ ថ្ងៃ​ព្រហស្បតិ៍ ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៦ ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល…

ខេត្តសៀមរាប ​៖ ថ្ងៃ​ព្រហស្បតិ៍ ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៦ ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​មជ្ឈមណ្ឌល​បេះដូង ខេត្តសៀមរាប ដែល​ជា​ជំនួយ​របស់​សមាគម​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូ​គ្រី​ស្គ ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ​។

ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា មជ្ឈមណ្ឌល​បេះដូង ដែល​កំពុង​សម្ពោធ​នា​ពេល​នេះ គឺជា​ការ​ចូលរួម​ដ៏​សំខាន់​មួយ​បន្ថែម​ទៀត​ក្នុង​ការ​ឆ្លើយ​តប និង​ចូលរួម​ដោះស្រាយ​បញ្ហា​សុខភាព​សាធារណៈ ពិសេស​ជំងឺ​បេះដូង ដែល​រួម​មាន​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង ដែល​ជា​ឃាតករ​ស្ងាត់​និង​ជា​មូលហេតុ​ចម្បង​មួយ​នៃ​មរណភាព​នៅ​កម្ពុជា ដែល​នឹង​ផ្តល់​ជា​អត្ថប្រយោជន៍ សម្រាប់​ប្រជាជន​ខេត្តសៀមរាប និង​ប្រជាជន​នៅ​តាម​បណ្តា​ខេត្ត​ជុំវិញ​ផង​ដែរ​ ។

ឆ្លៀត​ក្នុង​ឱកាស​នេះ ដើម្បី​លើកកម្ពស់​សុខាភិបាល​ខេត្ត​បន្ថែម​ទៀត ឯក​ឧត​ក្ត​ម​សាស្ត្រាចារ្យ​បាន​ណែនាំ ដល់​ថ្នាក់ដឹកនាំ​សុខាភិបាល និង​មន្ត្រី​សុខាភិបាល​ទូ​ទាំង​ខេត្តសៀមរាប រួម​ទាំង​ផ្នែក​ឯកជន ត្រូវ​យកចិត្ត​ទុក​ក្នុង​ការ​អនុវត្ត ​៖
១) ការ​ពង្រឹងគុណភាព​សេវា និង​ក្រមសីលធម៌​វិជ្ជាជីវៈ
២) ការ​ផ្ដល់​សេវា​ដោយ​សមធម៌ និង​មិន​រើសអើង​៖ ត្រូវ​ធានា​ថា អ្នកជំងឺ​គ្រប់​រូប​ទទួល​បានការ​បម្រើសេវា​សុខាភិបាល​ដោយ​គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និង​សមភាព ដោយ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​បំផុត​សង្គ្រោះ​ជីវិត​ប្រជាជន​។
៣) ការ​គ្រប់គ្រង និង​ថែទាំ​សមិទ្ធផល ដោយ​ត្រូវ​ខិតខំ​ថែ​ទាំង​អគារ អនាម័យ​ឱ្យ​បាន​ល្អ
៤) ការ​ពង្រីក​វិសាលភាព​មូលនិធិ​សមធម៌
និង៥) អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​ទាំងអស់ ត្រូវ​ចុះ​បញ្ជិកា​ក្នុង​គណៈ​វិជ្ជាជីវៈ​សុខាភិបាល និង​មាន​អាជ្ញា​បណ្ណ​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​ត្រឹមត្រូវ និង​មាន​សុពលភាព​។

ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់ សមាគម​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូ​គ្រី​ស្គ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ថ្នាក់ដឹកនាំ​មន្ទីរ​សុខាភិបាល រដ្ឋបាល​ខេត្តសៀមរាប និង​ភាគី​ពាក់ព័ន្ធ ដែល​បានការ​ចូលរួម សហការ​សម្របសម្រួល និង​បំពាក់​ឧបករណ៍​បរិក្ខារ​វេជ្ជសាស្ត្រ ការ​បណ្តុះបណ្តាល ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ដែល​សំដៅ​ធានា​ឱ្យ​សម្រេច​បាន​នូវ​សមិទ្ធផល​អគារ​ថ្មី ប្រកបដោយ​ស្តង់ដា​បច្ចេកទេស​ក​ម្រឹត​ខ្ពស់ ដែល​សមិទ្ធិ​ផល​នេះ​នឹង​ចូលរួម​លើកកម្ពស់​សុខភាព សុខុមាលភាព និង​គុណភាព​នៃ​ជីវិត​របស់​ប្រជាជន មិន​ត្រឹមតែ​ខេត្តសៀមរាប​ប៉ុណ្ណោះ​ទេ តែ​សម្រាប់​ប្រជាជន​ទូ​ទាំង​ប្រទេស រួម​ទាំង​ភ្ញៀវ​ទេសចរណ៍​ពិភពលោក​ទាំងអស់​ផង​ដែរ​។

ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា សមិទ្ធផល​នៃ​គម្រោង​មួយ​នេះ បាន​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការ​ធ្វើ​នវានុវត្តន៍​ទំនើប​កម្ម​សេវា​សុខាភិបាល ផ្នែក​សេវា​ជំងឺ​បេះដូង និង​សរសៃឈាម ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​លើកកម្ពស់​គុណភាព នៃ​ការ​បម្រើសេវា​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​។

មជ្ឈមណ្ឌល​បេះដូង​ខេត្តសៀមរាប ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប បាន​ចាប់ផ្តើម​ដំណើរការ​សាងសង់​នៅ​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៥ និង​បាន​បញ្ចប់​ជា​ស្ថាពរ នៅ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៦ ទឹកប្រាក់​សរុប​អគារ និង​បរិក្ខារ ចំនួន ២,៤៣៧,៤៨៦​ដុល្លា​អា​មេ​រិច​។ អគារ​នេះ​សង់​បន្ថែមចំនួន​២​ជាន់ ពីលើ​អគារ​មជ្ឈមណ្ឌល​ផ្តល់​ឈាម​សរុប​ផ្ទៃក្រឡា​សាងសង់​ថ្មី​ចំនួន ១,២៩៨.៤៥​ម៉ែត្រការ៉េ ចំណាយ​ថវិកា​សាងសង់​អស់​ចំនួន ១,៣០៦,២៩០​ដុល្លា​សហរដ្ឋអាមេរិក ដែល​ជាន់​ទី​១​នៃ​អគារ មាន​ទំហំ ៦៤៩,៣២ ម៉ែត្រការ៉េ ផ្តល់​សេវា​សំខាន់​ៗ រួម​មាន​៖ ១) សេវា​ពិគ្រោះ​ជំងឺ​ក្រៅ លើ​ឯកទេស​ជំងឺ​បេះដូង និង​សរសៃឈាម ២) សេវាកម្ម​អម​វេជ្ជសាស្ត្រ ឯកទេស​ជំងឺ​បេះដូង និង​សរសៃឈាម​ផ្សេង​ៗ មាន​ជា​អាទិ៍​៖ ការ​ចាប់​ចង្វាក់បេះដូង (ECG) អេកូ​បេះដូង (Echocardiography) ការ​ចាប់​ចង្វាក់បេះដូង ២៤​ម៉ោង (24 hours- ECG Holter) តេស្ត​មុខងារ​បេះដូង ដោយ Treadmill stress test និង អេកូ​បេះដូង​តាម​បំពង់​អាហារ (transesophageal echocardiography) ៣) សេវា​សម្រាក​ពេទ្យ ដែល​មាន​ចំនួន ៣​បន្ទប់ សរុប​គ្រែ​សម្រាក​ចំនួន ២២​គ្រែ​។ ជាន់​ទី​២ នៃ​អគារ មាន​ទំហំ ៦៤៩,១៣​ម៉ែត្រការ៉េ ផ្តល់​សេវា​ប្រ​ពោ​ធន​កម្ម​ជំងឺ​បេះដូង ដែល​មាន​គ្រែ​សម្រាក​ចំនួន ៨​គ្រែ និង​សេវា​សម្រាក​ពេទ្យ​បន្ទប់ VIP ចំនួន ៤​បន្ទប់ ស្មើ​និង​គ្រែ​សម្រាក​ចំនួន ៤​គ្រែ និង​បន្ទប់​ថត​ឆ្លុះ​ស​សៃ​ឈាម (Cath-Lab) សម្រាប់​ផ្តល់​សេវាកម្ម​ទំនើប​ក្នុង​ការ​ថត​ឆ្លុះ និង​ជួសជុល​សរសៃឈាម​បេះដូង​ដោយ​ដាក់ រឺ​ស័​រ ។

អគារ​មជ្ឈមណ្ឌល​បេះដូង​នេះ បាន​បំពាក់​ឧបករណ៍ វេជ្ជសាស្ត្រ​ទំនើប​ៗ​កម្រិតស្តង់ដា សរុប​ថវិកា ចំនួន ១,១៣១,១៩៦ ដុល្លា​សហរដ្ឋអាមេរិក ដូច​ជា ម៉ាស៊ីន​ថត​ឆ្លុះ​ស​សៃ​ឈាម (Monoplane Angiography)​ជំនាន់​ចុង​ក្រោយ​, ម៉ាស៊ីន​អេកូ​សាស្ត្រ​បេះដូង ស​សៃ​ឈាម និង​អេកូ​សាស្ត្រ​បេះដូង​តាម​បំពង់​អាហារ​, ម៉ាស៊ីន​ធ្វើតេស្ត​មុខងារ​បេះដូង​ដោយ (Treadmill stress test), ម៉ាស៊ីន​តាមដាន​ចង្វាក់បេះដូង​២៤​ម៉ោង​, ម៉ាស៊ីន​វាស់​ចង្វាក់បេះដូង​, ម៉ាស៊ីន​ជំនួយ​ដង្ហើម Ventilator, ម៉ាស៊ីន​តាមដាន​សញ្ញា​ជីវិត (Patient monitor), ម៉ាស៊ីន​ថត​អ៊ិ​ច​រ៉េ និង​ម៉ាស៊ីន​ជួយ​សង្គ្រោះ​អ្នកជំងឺ​ពេល​គាំ​បេះដូង (Defibrillator)​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ