រាជធានីភ្នំពេញ ៖ អង្គភាពស៊ីម៉ាក់ បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន បានផ្តល់គ្រឿងចក្រ ដើម្បីចូលរួមកម្ទេចសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា ។
យោងតាមឯកឧត្តម ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់ បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ថា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សូមស្វាគមន៍គ្រឿងចក្រកម្ទេចមីនថ្មីទំនើប ដែលបានមកដល់ព្រះរាជាណាចក្រនេះ ដើម្បីចូលរួមកម្ទេចសំណល់សពខ្មាំងឈ្លានពាន (សំណល់យុទ្ធភណ្ឌសង្គ្រាម) នេះជាសម្ភារៈបច្ចេកទេស ដើម្បីពង្រឹងសន្តិភាពមនុស្សជាតិពិតៗ ។
ឯកឧត្តមបានលើកឡើងថា គ្រឿងចក្រកម្ទេចមីនធុនធ្ងន់ ប្រភេទ KOMATSU នេះ មានទម្ងន់ជាង៤០តោន ត្រូវបានប្រើប្រាស់និងអភិវឌ្ឍន៍បច្ចេកទេសនៅកម្ពុជា រវាងអង្គភាព CMAC និងក្រុមហ៊ុន KOMATSU នៅចុងទសវត្សឆ្នាំ១៩៩៨ និងបានដាក់ឱ្យដំណើការ ក្នុងអង្គភាព CMAC តាំងពីកំឡុងឆ្នាំ២០០៥ មកម្លេះ ។
ជាមួយគ្នានោះដែរ ឯកឧត្តម បានសូមអរគុណជាថ្មី ចំពោះរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់គ្រឿងចក្រកម្ទេចមីនធុនធ្ងន់នេះ ជូនរាជរដ្ឋាភិបាល ដើម្បីគាំទ្រអង្គភាព CMAC ក្នុងការពន្លឿនល្បឿនការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមមនុស្សធម៌នៅកម្ពុជា ជាពិសេសសំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន ប្រយោជន៍ផ្តល់នូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋខ្មែរវិលត្រឡប់ទៅភូមិឋាននិងប្រើប្រាស់ដីធ្លីក្នុងការកសាងជីវភាពជាថ្មីឡើងវិញ ប្រកបដោយសុខសុវត្ថិភាព និងកសាងជីវិតដោយសន្តិភាព៕







ចែករំលែកព័តមាននេះ