ទីក្រុងម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបញ្ចេញប្រតិកម្មតបទៅនឹងផែនការរបស់អង់គ្លេសដែលចង់បញ្ជូនកងទ័ពទៅអ៊ុយក្រែនក្រោយពេលមានបទឈប់បាញ់។ ទីក្រុងម៉ូស្គូថាបើសិនអង់គ្លេសហ៊ានធ្វើដល់ថ្នាក់ហ្នឹង សង្គ្រាមអ៊ុយក្រែនមិនមែនឆាប់ចប់នោះទេ។ ប៉ុន្តែនឹងផ្ទុះឡើងកាន់តែខ្លាំង និងយូរអង្វែងថែមទៀតផង។ រុស្ស៊ីនឹងចាត់ការពួកទាហានទាំងនោះព្រោះពួកគេនឹងត្រូវចាត់ទុកជាគោលដៅដែលត្រូវវាយប្រហារដោយស្របច្បាប់។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រីម៉ារីយ៉ា សាការ៉ូវ៉ា (Maria Zakharova) ចេញសេចក្ដីប្រកាសដូចខាងលើនេះដើម្បីឆ្លើយតបទៅសេចក្ដីប្រកាសថ្មីៗនេះរបស់ប្រទេសបារាំង និងអង់គ្លេសដែលចង់បញ្ជូនបុគ្គលិកយោធាទៅអ៊ុយក្រែនក្រោយពេលមានបទឈប់បាញ់។ សារព័ត៌មានចុះផ្សាយថារដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោកចនហ៊ាលី (John Healey) ចង់ឃើញការដាក់ពង្រាយកងទ័ពអង់គ្លេសនៅទីនោះ។

លោកថ្លែងថាលោកចង់ក្លាយជារដ្ឋមន្ត្រីការពារជាតិអង់គ្លេសម្នាក់ដែលបញ្ជូនកងទ័ពទៅអ៊ុយក្រែនព្រោះការធ្វើដូច្នេះមានន័យថាសង្គ្រាមនេះពិតជាបានផុតរលត់ទាំងស្រុង។ ប៉ុន្តែអ្នកនាំពាក្យរុស្ស៊ីយល់ផ្សេងពីនេះ។ លោកស្រីថ្លែងថាផ្ទុយពីទស្សនៈខុសឆ្គងរបស់លោកចនហ៊ាលី បើសិនអង់គ្លេសបញ្ជូនកងទ័ពទៅអ៊ុយក្រែនមែន មិនមែនមានន័យថាជាការបញ្ចប់សង្គ្រាមទេ។ ប៉ុន្តែជាការអូសបន្លាយសង្គ្រាមឱ្យកាន់តែយូរ។

មិនតែប៉ុណ្ណោះ លោកស្រីយល់ថាសង្គ្រាមអាចនឹងផ្ទុះឡើងកាន់តែមានទ្រង់ទ្រាយធំជាងពេលបច្ចុប្បន្នព្រោះប្រទេសកាន់តែច្រើនឡើងៗនឹងចូលរួមនៅក្នុងសង្គ្រាមនេះ។ លោកស្រីយល់ថាអង់គ្លេសចូលចិត្តយកជើងរាទឹក ខណៈដែលអ្នកដទៃខិតខំប្រឹងប្រែងដោះស្រាយបញ្ហា។ អង់គ្លេសមានចេតនាធ្វើឱ្យមានអស្ថិរភាពនៅក្នុងតំបន់។ អ្នកនាំពាក្យរុស្ស៊ីរូបនេះសង្កត់ធ្ងន់ថាបើហ៊ានបញ្ជូនកងទ័ពទៅអ៊ុយក្រែន ពេលនោះរុស្ស៊ីមិនគួរសមតទៅទៀតទេ បើត្រូវវាយប្រហារគឺត្រូវតែវាយប្រហារ៕ ប្រភព៖ រ៉យទ័រ និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ