ទីក្រុងម៉ូស្គូ៖ រដ្ឋសភារុស្ស៊ីបានអំពាវនាវឱ្យអង្គការសហប្រជាជាតិ រដ្ឋសភាបារាំង អង់គ្លេស អាល្លឺម៉ង់ និងសភាអឺរ៉ុបស៊ើបអង្កេតការសង្ស័យថាបារាំង និងអង់គ្លេសមានផែនការបញ្ជូនអាវុធនុយក្លេអ៊ែរទៅអ៊ុយក្រែន។ អ្នកនាំពាក្យសភាឌូម៉ារបស់រុស្ស៊ីថ្លែងថានៅពេលនិយាយដល់ការបញ្ជូនអាវុធនុយក្លេអ៊ែរ ឬផ្នែកខ្លះនៃអាវុធ (ទៅអ៊ុយក្រែន) មានន័យថាជាការរំលោភសន្ធិសញ្ញាអន្តរជាតិទាំងអស់ និងជាការសម្រេចចិត្តកម្រិតកំពូល។

អ្នកនាំពាក្យរូបនេះថ្លែងបន្តទៀតថាក្រុមអ្នកតំណាងរាស្ត្ររុស្ស៊ីសូមអំពាវនាវទៅសមាជិកសភានៅអឺរ៉ុបបើកការស៊ើបអង្កេតជាបន្ទាន់នៅក្នុងប្រទេសរបស់ពួកគេរៀងៗខ្លួនដើម្បីចង់ដឹងថាតើការអះអាងរបស់រុស្ស៊ីពិត ឬមិនពិត។ បន្ទាប់ពីស្រាវជ្រាវរកឃើញលទ្ធផលយ៉ាងណា រុស្ស៊ីយល់ថាពួកគេគួរតែបញ្ចេញជាសាធារណៈ។ នៅថ្ងៃរំលឹកខួបទី៤ឆ្នាំនៃសង្គ្រាមអ៊ុយក្រែន (២៤ កុម្កៈ) សេវាស៊ើបការណ៍សម្ងាត់របស់រុស្ស៊ីបានចេញសេចក្ដីថ្លែងការណ៍ថាអង់គ្លេស និងបារាំងជឿជាក់ថាអ៊ុយក្រែននឹងមានទឹកមាត់ប្រៃក្នុងការចរចាគ្នាជាមួយរុស្ស៊ីបើសិនប្រទេសនេះមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃ។

លោកហ្សេឡិនស្គីថ្លែងពីម្សិលមិញថាការអះអាងរបស់រុស្ស៊ីដែលថាអ៊ុយក្រែនកំពុងព្យាយាមទទួលបានអាវុធនុយក្លេអ៊ែរនោះគ្រាន់តែជាការព្យាយាមដាក់សម្ពាធអ៊ុយក្រែននៅពេលចរចាគ្នាតែប៉ុណ្ណោះ។ អង់គ្លេសយល់ថាការដែលរុស្ស៊ីអះអាងថាអ៊ុយក្រែនចង់បានអាវុធនុយក្លេអ៊ែរដោយមានជំនួយពីអង់គ្លេស និងបារាំងនោះជាការអះអាងដែលគ្មានមូលដ្ឋានច្បាស់លាស់ទាល់តែសោះ។

អ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេសថ្លែងថានេះជាការប៉ុនប៉ងយ៉ាងច្បាស់ក្រឡែតរបស់លោកពូទីនដើម្បីបង្វែរការចាប់អារម្មណ៍ពីសាធារណមតិទៅលើសកម្មភាពដ៏ឃោរឃៅរបស់គាត់ដែលប្រព្រឹត្តទៅលើអ៊ុយក្រែន។ នៅក្នុងការអះអាងរបស់រុស្ស៊ីនោះគ្មានការពិតទាល់តែសោះ។ ប្រទេសបារាំងក៏បានបញ្ចេញប្រតិកម្មចំពោះបញ្ហានេះផងដែរ។ បារាំងយល់ថានោះជាការអះអាងគ្មានមូលដ្ឋានរបស់រុស្ស៊ី។ បារាំងចាត់ទុកថានេះជាឧទាហរណ៍ថ្មីបំផុតនៃការប្រឌិតព័ត៌មាន៕ ប្រភព៖ រ៉យទ័រ និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ