ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​រាជធានី ផ្តល់​គ្រឿង​ឥស្សរិយយស ជូន​ជនជាតិ​ជប៉ុន​៣​រូប ដែល​ផ្តល់​ដី​០១​កន្លែង ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើ​សួនច្បារ​សាធារណៈ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ចន្ទ ទី​០៨ ខែសីហា ឆ្នាំ​២០២២ បាន​រៀបចំ​ពិធី​បំពាក់​មេដាយ និង​ផ្ដល់​បណ្ណ​ស​សើរ ជូន​សប្បុរសជន​ជប៉ុន​ចំនួន…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ចន្ទ ទី​០៨ ខែសីហា ឆ្នាំ​២០២២ បាន​រៀបចំ​ពិធី​បំពាក់​មេដាយ និង​ផ្ដល់​បណ្ណ​ស​សើរ ជូន​សប្បុរសជន​ជប៉ុន​ចំនួន ០៣​រូប ដែល​បាន​រួមចំណែក​ក្នុង​ការ​កសាង​សួនច្បារ​សាធារណៈ​មួយ​កន្លែង (​ដែល​មាន​សួនច្បារ​កន្លែង​ហាត់ប្រាណ កន្លែង​ធាក់​កង់​) ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ភូមិ​ល្វា សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស ព្រះរាជាណាចក្រ​កម្ពុជា មុនី​សារា​ភ័​ណ្ឌ ថ្នាក់​មហា​សេរី​វឌ្ឍន៍ ជូន​សប្បុរសជន ជា​ជនជាតិ​ជប៉ុន ទាំង​០៣​រូប បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ ។

ការ​ប្រគល់​គ្រឿង​ឥស្សរិយយស ព្រះរាជាណាចក្រ​កម្ពុជា មុនី​សារា​ភ័​ណ្ឌ ថ្នាក់​មហា​សេរី​វឌ្ឍន៍ ចំនួន ០៣​គ្រឿង ត្រូវ​បាន​បំពាក់​ជូន​ក្រុម​គ្រួសារ​ស​.​ព​លោក កូ​ជិ កាន់​ហ្សា​គិ KOJI KANZAKI គឺ​លោកស្រី មិ​ឈិ​កូ កាន់​ហ្សា​គិ MICHIKO KANZAKI និង​កូនបង្កើត ០២​រូប​ទៀត គឺ​លោក SATOSHI Kanzaki និង​លោកស្រី YOKO Kanzaki គឺ​ដើម្បី​ចូលរួម​ចំណែក​លើកទឹកចិត្ត និង​តបស្នង​ដល់​តំណាង​សន្តិ​ជន​(​លោក កូ​ជិ កាន់​ហ្សា​គិ​)​ដែល​បាន​ផ្តល់​ដី សម្រាប់​ធ្វើ​សួនច្បារ ស្ថិត​នៅ​ភូមិ​ល្វា និង​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជូន​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​យក​មក​ប្រើប្រាស់ ជា​ប្រយោជន៍​សាធារណៈ ។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា ដី​សួនច្បារ​មួយ​កន្លែង​ខាងលើ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ស្ថាបនា​ឡើង​ឲ្យ​ក្លាយជា​កន្លែង​កម្សាន្ត​សាធារណៈ មាន​សួនច្បារ មាន​ដើមឈើ កន្លែង​ហាត់ប្រាណ មាន​ផ្លូវ​សម្រាប់​ធាក់​កង់ ជាមួយ​ការ​កសាង ជា​ហេដ្ឋារចនាសម្ព័ន្ធ ជា​ច្រើន​ទៀត ដូច​ជា​រៀបចំ​ជា​បន្ទប់ទឹក​សាធារណៈ ការ​កាយ​ប្រឡាយ បង្ហូរទឹក​ជាដើម ។

ចំពោះ​សួនច្បារ​មួយ​កន្លែង​នេះ​ដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ជំនាញ ចុះ​សិក្សា​រួចរាល់​ហើយ ក្រោយ​ពី​ស្ថាបនា​រួចរាល់ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​អញ្ជើញ​ក្រុម​គ្រួសារ​ស​.​ព​លោក កូ​ជិ កាន់​ហ្សា​គិ គឺ​លោកស្រី MICHIKO, Kanzaki ព្រមទាំង​កូនបង្កើត មក​ពិនិត្យ​ជា​ថ្មី ។

លោក ឃួ​ង ស្រេង ក៏​បាន​ថ្លែង​នូវ​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ក្រុម​គ្រួសារ សព​លោក កូ​ជិ កាន់​ហ្សា​គិ ដែល​បាន​បរិច្ចាគ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន ដើម្បី​ជួយ​កសាង និង​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ ឲ្យ​កាន់តែ​មាន​ភាព​ស្រស់បំព្រង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ