ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ឈ្នះ​មេដាយ​សរុប​២៨​គ្រឿង ​ពី​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​នៅ​ឥណ្ឌូ​ណេ​ស៊ី​

1 ឆ្នាំ មុន
  • ភ្នំពេញ

ឥណ្ឌូ​ណេ​ស៊ី ៖ អត្ត​ព​លិ​ក​ជន​ពិការ​កម្ពុជា បាន​បញ្ចប់​ភារកិច្ច​របស់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​

ឥណ្ឌូ​ណេ​ស៊ី ៖ អត្ត​ព​លិ​ក​ជន​ពិការ​កម្ពុជា បាន​បញ្ចប់​ភារកិច្ច​របស់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១១ ឆ្នាំ​២០២២ នៅ​ទីក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ជា​ផ្លូវការ​ត្រឹម​ថ្ងៃ​ទី​០៥ ខែសីហា ដោយ​ដណ្តើម​បាន​មេដាយ​សរុប ២៨​គ្រឿង និង​ឈរ​លេខ​រៀង​ទី​៧ ក្នុង​ចំណោម ១១​ប្រទេស​ចូលរួម​។

មេដាយ​ទាំង​២៨​គ្រឿង​របស់​កម្ពុជា​មាន មេដាយ​មាស​៧​គ្រឿង មេដាយ​ប្រាក់​១០​គ្រឿង និង​មេដាយ​សំរឹទ្ធ​១១​គ្រឿង រកបាន​លើ​ប្រភេទ​កីឡា​ចំនួន ៧ រួម​មាន អត្តពលកម្ម​, ហែល​ទឹក​, អុក​អន្តរជាតិ​, ប៊ូ​ស្យា​, បាល់ទះ​អង្គុយ​, វាយ​កូន​ឃ្លី​លើ​តុនិង​បាល់បោះ​ជិះរទេះ ។ ៤​ប្រភេទ​កីឡា​ដែល​មិនទទួល​បាន​មេដាយ មាន​វាយ​សី លើក​ទម្ងន់ បាល់បោះ​ពិការ​ភ្នែក (Goalball) និង​បាល់ទាត់​ច​លករ​ខួរក្បាល (Football CP)​។

ម្ចាស់ផ្ទះ​ឥណ្ឌូ​ណេ​ស៊ី ឈរ​កំពូល​តារាង​ដោយ​រក​មេដាយ​សរុប​បាន ៤២៨​គ្រឿង (​មាស​១៧៧, ប្រាក់​១៤១ និង​សំរឹទ្ធ ១១០) តាម​ពីក្រោយ​ដោយ​ថៃ មេដាយ​សរុប​៣២០​គ្រឿង (​មាស ១១៧, ប្រាក់​១១៦ និង​សំរឹទ្ធ ១១០) វៀតណាម ឈរ​នៅ​លេខ​៣ ជាមួយ​មេដាយ​សរុប​១៨០​គ្រឿង (​មាស​៦៤, ប្រាក់​៦០ និង​សំរឹទ្ធ​៥៦)​។

ដោយឡែក ម៉ា​ឡេ​ស៊ី ឈរ​នៅ​លេខ​៤ រកបាន​មេដាយ​សរុប ៧០​គ្រឿង (​មាស​៣៦, ប្រាក់​២០ និង​សំរឹទ្ធ​១៤) ហ្វី​លី​ពី​ន ឈរ​នៅ​លេខ​៥ ដោយ​រកបាន​មេដាយ​សរុប​១០៤​គ្រឿង (​មាស​២៨, ប្រាក់​៣១ និង
សំរឹទ្ធ ៤៥) លេខ​៦ មី​យ៉ា​ន់​ម៉ា មេដាយ​សរុប ៤៤​គ្រឿង (​មាស​១៤, ប្រាក់​១៣ និង​សំរឹទ្ធ​១៧)​។ ៤​ប្រទេស​ដែល​នៅ​ពីក្រោម​កម្ពុជា គឺ​លេខ​៨ សិង្ហ​បុរី រកបាន​មេដាយ​សរុប ២៧​គ្រឿង (​មាស​៧, ប្រាក់ ៩ និង​សំរឹទ្ធ​១១) ទី​ម័​រ​ខាងកើត លេខ​៩ រកបាន​មេដាយ​សរុប​១២​គ្រឿង (​មាស​៥, ប្រាក់ ២ និង​សំរឹទ្ធ​៥) ព្រុយ​ណេ លេខ​១០ មេដាយ​សរុប ៤​គ្រឿង (​មាស​១, ប្រាក់​០ និង​សំរឹទ្ធ ៣) និង​ចុង​ក្រោយ​គេ​គឺ ឡាវ រកបាន​មេដាយ​សុ​ប ៩​គ្រឿង (​មាស ០, ប្រាក់​២ និង​សំរឹទ្ធ ៧)​។

សរុប​មេដាយមាស​ទាំង​៧​គ្រឿង​ដែល​កីឡាករ​-​កីឡាការិនី​កម្ពុជា ដណ្តើម​បាន រួម​មាន​៖ បាល់បោះ (​វិញ្ញាសា​នារី ៣​ទល់​៣), អត្ត​ពលកម្ម (​វិញ្ញាសា លោត​ចម្ងាយ​), ប៊ូ​ស្យា (​វិញ្ញាសា​នារី​ឯកត្តជន ប្រភេទ​ពិការ BC2) អត្តពលកម្ម (​វិ​ញ្ញាសា​រត់​ចម្ងាយ ១.៥០០​ម៉ែត្រ ប្រភេទ​T46) អត្ត​ពលកម្ម (​វិញ្ញាសា​រត់​ចម្ងាយ ៤០០​ម៉ែត្រ ប្រភេទ T47), បាល់ទះ​អង្គុយ​(​វិញ្ញាសា​បុរស​), អត្ត​ពលកម្ម (​វិញ្ញាសា​ប្រណាំង​រទេះ​បណ្ដាក់ ១០០​ម៉ែត្រ ៤x៤) ។

ដោយឡែក មេដាយ​ប្រាក់​ចំនួន ១០​គ្រឿងរកបាន​ដោយ​កីឡាហែលទឹក​៣​គ្រឿង អត្តពលកម្ម ៦​គ្រឿង និង​បាល់បោះ​ជិះរទេះ​១​គ្រឿង ខណៈ​មេដាយ​សំរឹទ្ធ​១១​គ្រឿង ដណ្តើម​បាន​ដោយ​កីឡា
វាយ​កូន​ឃ្លី​លើ​តុ ១​គ្រឿង ហែល​ទឹក​៥​គ្រឿងអត្តពលកម្ម ៤​គ្រឿង និង​អុក​អន្តរជាតិ ១ គ្រឿង ។

ការ​សម្រេច​បាន​សមិទ្ធផល​របស់​ក្រុម​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា​ខាងលើ​នេះ បាន​ធ្វើ​ឲ្យ​កម្ពុជា​បំបែកកំណត់​ត្រា​ប្រវត្តិសាស្ដ្រ ឈ្នះ​មេដាយ​ច្រើន​ជាង​ពេល​ណា​ណា​ទាំងអស់ បើ​គិត​ចាប់ពី​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​បង្កើត​ឡើង​ដំបូង​កាលពី​ឆ្នាំ​២០០១​រហូតមក​ទល់​បច្ចុប្បន្ន ។ ពិសេស​លើស​ពី​នេះ កម្ពុជា​បាន​បំបែក​កំណត់​ត្រា ឆ្នាំ​២០១៣ នៅ​មី​យ៉ា​ន់​ម៉ា លើ​មេដាយ​ទាំង​៣​ប្រភេទ (​មាស ប្រាក់ និង​សំរឹទ្ធ​)កាលនោះ​កម្ពុជា​ដណ្ដើម​បាន​មេដាយ​សរុប​៩​គ្រឿង មាន​មេដាយមាស​៣​គ្រឿង ប្រាក់​៤​គ្រឿង និង​សំរឹទ្ធ​២​គ្រឿង​។

សូម​បញ្ជាក់​ថា អត្ត​ព​លិ​ក​កម្ពុជា បាន​ពាំនាំ​មេដាយ​ត្រឡប់​មក​មាតុប្រទេស​វិញ​ហើយ ដើម្បី​ត្រៀមខ្លួន​ម្ដងទៀត​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​វិញ​ម្ដង​នៅ​ឆ្នាំ​ក្រោយ សម្រាប់​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១២ ដែល​គ្រោង​ធ្វើ​អំឡុង​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៣៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ