ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ស្កាត់ជួប​បេក្ខជន​នាយករដ្ឋមន្ត្រី​បន្តវេន

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ មុនពេលឡើង​យន្តហោះ ចាកចេញពីកម្ពុជា នៅ​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នេះ លោកស្រី ផេននី វង់…

រាជធានីភ្នំពេញ៖ មុនពេលឡើង​យន្តហោះ ចាកចេញពីកម្ពុជា នៅ​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នេះ លោកស្រី ផេននី វង់ (Penny Wong) រដ្ឋមន្ត្រី​ការបរទេសអូស្រ្តាលី បានជួបពិភាក្សាការងារជាមួយ​លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាបេក្ខជន​នាយករដ្ឋមន្ត្រីបន្តវេនរបស់​កម្ពុជា​។

ក្នុងជំនួបនោះ លោកស្រី​រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ដែលបានជួយគាំទ្រសកម្មភាពមួយចំនួន ក្នុងវេទិកាអន្តរជាតិកន្លងមក ក៏ដូចជា សម្តែងនូវ​ក្តីរីករាយ និងការសាទរដល់ការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ព្រមទាំងបានបង្ហាញនូវការគាំទ្របន្តទៀតដល់ប្រទេសកម្ពុជា។

ថ្លែងក្នុងកិច្ចជំនួបនេះ លោក ហ៊ុន ម៉ាណែត បាន​ថ្លែងអំណរគុណដ​ល់រដ្ឋាភិបាល និងប្រជាជន​អូស្រ្តាលី ដែលតែងតែជួយគាំទ្រដល់ដំណើរការនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ព្រមទាំង​បានរំលឹកនូវចំណងមិត្តភាពដ៏យូរអង្វែងនៃប្រទេសទាំងពីរ កម្ពុជា-អូស្រា្តលី ដែលមានរយៈពេល ៧០ឆ្នាំ គិតចាប់តាំងពីឆ្នាំ១៩៥២ មក។

លោកមេបញ្ជាការកងទ័ពជើងគោក ក៏បានរលឹកផងដែរនូវកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេស​អូស្រ្តាលី សម្រាប់ដំណើរស្វែងរកសន្តិភាព និងការដើរតួនាទីនាំមុខក្នុងអំទ្បុងពេលបេសកម្ម​ថែរក្សា​សន្តិភាពរបស់អង្គការសហប្រជាជាតិនៅកម្ពុជា។ បន្ថែមពីនេះទៅទៀត ប្រទេសអូស្ត្រាលី បានជួយឧបត្ថម្ភយ៉ាងខ្លាំងក្លាដល់វិស័យអប់រំធនធានមនុស្ស និងការបណ្តុះបណ្តាលភាសា​អង់គ្លេសកម្រិតខ្ពស់ដល់ប្រជាជនកម្ពុជា និងជាពិសេសការគាំទ្រលើវិស័យបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជាផងដែរ។

លោកមេបញ្ជាការកងទ័ពជើងគោក មានសង្ឃឹមយ៉ាងមុតមាំថា ប្រទេសទាំងពីរ នឹងបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការស្និទ្ធស្នាលបន្ថែមទៀត ដើម្បីផលប្រយោជន៍រួមទៅវិញទៅមក។

ភាគីទាំងពីរ ក៏បានបង្ហាញនូវទស្សនៈព្រមគ្នាថា កិច្ចការពារថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាព នៅក្នុងតំបន់ គឺជាកត្តាសំខាន់ ដែលត្រូវតែរួមគ្នាយកចិត្តទុកដាក់ និងរក្សាឱ្យបានជាចាំបាច់។

អំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន​ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជា ជាម្ចាស់ផ្ទះនេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជួប​ពិភាក្សាការងារ​ជាមួយ​លោករដ្ឋមន្ត្រី​ការបរទេសចិន វ៉ាង យី កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២​ ផងដែរ​។

សូមរម្លឹកថា លោកស្រី ផេននី វង់ (Penny Wong) រដ្ឋមន្ត្រី​ការបរទេសអូស្រ្តាលី បានមកដល់​រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ដើម្បីចូលរួម​កិច្ចប្រជុំ​ជាមួយ​រដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នាថ្ងៃទី៤-៥ ខែសីហា ឆ្នាំ២០២២។ នៅយប់ថ្ងៃទី៥សីហានេះ លោកស្រី ផេននី វង់ បានដឹកនាំប្រតិភូ ឡើងយន្តហោះ ចាកចេញពីភ្នំពេញហើយ​៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ