ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​នាំ​គ្នា​រិះគន់ ! នគរបាល​ប៉ុស្តិ៍​ជង្រុក​ហាក់ដូចជា​ខ្លាច​អំណាច​ក្មេង​ពាល

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ក្រុមបងធំ​ជនបទ​មួយ​ក្រុម​ក្នុង​នោះ​មាន​២​នាក់​បងប្អូន​ជា​ជើង​ខ្លាំង ព្រមទាំង​គូកន ត្រួ​វ​បាន​សមត្ថកិច្ច​តាម​ចាប់ខ្លួន​បន្ទាប់​ពី​ប្រ​ព្រឹ​ត្រ​អំពើ​ហិ.ង្សា​គប់ និង​វាយ​ …

ខេត្តកំពង់ស្ពឺ ៖ ក្រុមបងធំ​ជនបទ​មួយ​ក្រុម​ក្នុង​នោះ​មាន​២​នាក់​បងប្អូន​ជា​ជើង​ខ្លាំង ព្រមទាំង​គូកន ត្រួ​វ​បាន​សមត្ថកិច្ច​តាម​ចាប់ខ្លួន​បន្ទាប់​ពី​ប្រ​ព្រឹ​ត្រ​អំពើ​ហិង្សា​គប់ និង​វាយ​បំផ្លាញ​ឧបករណ៍​តន្ត្រី ដែល​កំពុង​ប្រគំ​ក្នុង​កម្មវិធី​ឡើងផ្ទះ​របស់​អ្នក​ភូមិ​ម្នាក់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០១៧ នៅ​ភូមិ​អង្គ​រមាស ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

ប្រភព​ពី​ក្រុម​តន្ត្រីករ​បាន​ឲ្យ​ដឹង​ថា វង់​តន្ត្រី​របស់​ខ្លូ​ន​(​រង់​តន្ត្រី​របស់​លោក សុវណ្ណ ថេ​ត ផ្សារ​ដើម​រកា​)​ត្រូវ​បាន​ម្ចាស់ផ្ទះ​ជួល​ឲ្យ​មក​ប្រគំ​ក្នុង​កម្មវិធី​ឡើងផ្ទះ​នៅ​ភូមិ​ឃុំ​ខាងលើ​ដើម្បី​កំដរ​ភ្ញៀវ​តាំងពី​ហូប​អាហារ​រហូត​ដល់​រាំ​លេង​កំសាន្ត​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ ប៉ុន្តែ​ស្រាប់តែ​មុន​ពេល​កើតហេតុ​លេចមុខ​ក្មេង​ស្ទាវ​មួយ​ក្រុម​បាន​យក​ដុំ​ថ្ម ដុំ​ដី និង​ដំបង គប់​មក​លើ​ក្រុម​តន្ត្រី​ដែល​កំពុង​តែ​ច្រៀង​កំដរ​កម្មវិធី​បណ្ដាល​ឲ្យ​អ្នកចម្រៀង​ភ័យ​លែង​ហ៊ាន​ច្រៀង ហើយ​ភ្លង​ក៏​លែង​ហ៊ាន​ប្រគំ​ដែរ ។

ប្រភព​បន្ត​ទៀត​ថា ក្រោយ​ពេល​គប់​មក​លើ​អ្នកចម្រៀង​ហើយ ក្រុម​ក្មេង​ស្ទាវ​ទាំងនោះ​បាន​គប់​បំផ្លាញ​ឩ​បក​រណ៍​ភ្លេង និង​វាយ​បំផ្លាញ​រថយន្ត ព្រមទាំង​សម្ភារ​ផ្សេង​ៗ​ទៀត​ជា​ច្រើន ។

ក្រោយ​កើត​មាន​អំពើ​ហិង្សា​ពី​សំណាក់​ក្រុមបងធំ​ជនបទ​រួច​មក ក្រុម​តន្ត្រី​បាន​រាយការណ៍ និង​សុំ​អន្តរាគមន៍​ពី​សំណាក់​នគរបាល​ប៉ុស្តិ៍​ជង្រុក​ដែល​នៅ​ជិត​នោះ​ដែរ តែ​ពេល​ទៅ​ដល់​មិនឃើញ​មាន​មន្ត្រី​នគរបាល​ណា​ម្នាក់​នៅ​ប្រចាំការ​ឡើយ ក៏​ទូរស័ព្ទ​រក​លោក​អធិការរង​នគរបាល​ស្រុក​គងពិសី ប៉ុន្តែ​ក្រោយ​ពេល​ទូរស័ព្ទ​រួច​យ៉ាង​យូរ​ទើប​ឃើញ​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ប៉ុស្តិ៍​មួយ​រូប​ទៅ​ដល់​កន្លែង​កើតហេតុ​ទាំង​អាកា​រៈ​ស្រវឹង​ជោក ។ វត្តមាន​របស់​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រូប​នោះ​មិន​ត្រូវ​បាន​ក្រុម​បង​ប​ធំ​ទាំងនោះ​ខ្លាចញញើត​ឡើយ ពួក​គេ​ថែម​ទាំង​បាន​សើចចំអក​ដល់​មន្ត្រី​នគរបាល​នោះ​ថា មិន​ហ៊ាន​ធ្វើ​អ្វី​គេ​ទៀត​ផង ។ មួយសន្ទុះ​ធំ​ក្រោយមក​ទើប​ពួក​បងធំ​ជនបទ​ទាំងនោះ​បាន​រត់គេច​ខ្លួន ខណៈ​មន្ត្រី​នគរបាល​រូប​នោះ​ស្នើ​សុំ​កម្លាំង​បន្ថែម ដើម្បី​ឃាត់ខ្លួន​ពួក​គេ ។

មន្ត្រី​នគរបាល​មួយ​រូប​ដែល​អះអាង​ថា ខ្លួន​នៅ​ប្រចាំការ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ជង្រុក បាន​និយាយ​ថា ពួក​មុខសញ្ញា​ដែល​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ទាំង​អស់នោះ គឺ​គាត់​ស្គាល់​អត្តសញ្ញាណ​ខ្លះ​ហើយ ដូច្នេះ​សូម​ឲ្យ​ខាង​ភ្លេង​រៀបចំ​ទុកដាក់​អី​វាន់​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​សិន ចាំ​ព្រឹក​ចាំ​ធ្វើ​កំណត់ហេតុ ។ មុខសញ្ញា​បងធំ​២​នាក់​បងប្អូន​ត្រូវ​បាន​ស្គាល់​ច្បាស់​ជាងគេ​គឺ​ឈ្មោះ ឌឿ​ន និង ឈ្មោះ ដា មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើត​ហេតុតែ​ម្តង ។ មុខសញ្ញា​បងធំ​ទាំង​២​នាក់​នេះ​គឺ​តែងតែ​បង្ក​ការ​អុកឡុក​នៅ​តាម​កម្មវិធី​បុណ្យ ឬ​ការ​ណា​ដែល​មាន​ដាក់​អក​កេស ឬ​ចាក់​ធុងបាស់ មិន​ដែល​ខាន​នោះ​ទេ ។ ជន​ទាំង​២​នាក់​នេះ​តែងតែ​រត់​គេ​ខ្លួន​ក្រោយ​បង្កហេតុ​ម្តង​ៗ តែ​ជន​នេះ​ក៏​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ក្នុង​បទ​ប្រព្រឹត្ត​អំពើ​ហិង្សា​យក​ទៅ​ដាក់គុក​ដែរ​កាលពី​ពេល​កន្លង​ទៅ តែ​មិនឃើញ​ជាប់​យូរ​នោះ​ទេ ឃើញ​វិល​មក​វិញ​ហើយ​ប្រព្រឹត្ត​លើស​ដើម ។

ភ្ញៀវ និង​សាច់ញាតិ​ម្ចាស់​កម្មវិធី​ឡើងផ្ទះ​ដែល​នៅ​ក្នុង​កម្មវិធី​បាន​រិះគន់​ត្រង់​ៗ​ថា នគរបាល​ប៉ុស្តិ៍​ជង្រុក​ហាក់បីដូចជា​ខ្លាចញញើត​អំណាច​ក្មេង​ពាល មិន​ហ៊ាន​ហៅ​សួរនាំ ធ្វើ​កំណត់ហេតុ​ឡើយ ទុក​ឱកាស​ឲ្យ​ក្រុម​ក្មេង​ពាល​ទាំងនោះ​ដើរ​ចេញពី​កន្លែង​បង្ក​យ៉ាង​រំភើយ ។ ពួក​គាត់​បន្ត​ថា នៅ​ក្នុងភូមិ​កើតហេតុ​ឲ្យ​តែ​មានបុណ្យ ឬ​ការ គឺ​ក្រុម​ក្មេង​ពាល​ទាំងនេះ​តែងតែ​បង្ក​ការ​អុកឡុក​មិន​ដែល​ខាន​ឡើយ ។

ប្រជាពលរដ្ឋ​បាន​រិះគន់​លោកនាយ​ប៉ុស្តិ៍​ផង​ដែរ​ពាក់ព័ន្ធ​នឹង​ក្រុម​ក្មេង​ពាល​ទាំងនេះ ដោយ​អ្នកខ្លះ​លើក​ឡើង​ថា លោកនាយ​ប៉ុស្តិ៍​ហាក់​មិន​មាន​សមត្ថភាព​ក្នុង​ការ​បង្ក្រាប​ក្រុមបងធំ​ជនបទ​ទាំងនេះ​ឡើយ មិនដឹង​ថា តើ​មាន​មូលហេតុ​អ្វី​នោះ​ទេ បានជា​មិនសូវ​ឃើញ​ចាប់ខ្លួន​នៅ​ពេល​ប្រព្រឹត្ត ។ ពួក​គេ​ប្រព្រឹត្ត​អំពើ​ហិង្សា​កាប់​ចាក់​១០​ដង ឃើញ​សមត្ថកិច្ច​ចាប់​ម្តង ហើយ​បើ​រឿង​ជាប់គុក​វិញ​ក៏​ជាប់​មិន​ដែល​បាន​យូរ​ឡើយ មិនដឹង​ថា​យ៉ាងណា​នោះ​ទេ ឬ​មួយ​ក្រុម​ក្មេង​ពាល​ទាំងនោះ​មាន​ខ្នងបង្អែក​ក្រាស់​ទើប​សមត្ថកិច្ច​ញញើត​មិនសូវ​ហ៊ាន​បង្ក្រាប?

ដោយឡែក​ម្ចាស់​ដើមការ​វិញ​មិន​ហ៊ាន​មាត់ក​អ្វី​ទាំងអស់ ដោយ​សុំ​ទុក​ឲ្យ​សមត្ថកិច្ច​ធ្វើការ​សិន ។

ម្ចាស់​វង់ភ្លេង​រង់ចាំ​មើល​ថា តើ​សមត្ថកិច្ច​នគរបាល​ជង្រុក និង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​គង​ពីសី អាច​ចាប់ខ្លួន​ក្រុមបងធំ​ទាំងនេះ​យក​មក​ចាត់ការ​តាម​ផ្លូវច្បាប់​បាន​ដែរ​ឬ​យ៉ាងណា ដើម្បី​ឲ្យ​គាត់​ទទួល​បាន​សំណង​ការ​ខូចខាត​មក​វិញ​ផង​ដែរ ។

នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០១៧​នេះ លោក សម សា​មួន ស្នងការ​នគរបាល​ខេត្ត បាន​ប្រាប់​ថា មិន​ទាន់​ឃើញ​ខាង​អធិការ​ស្រុក​រាយការណ៍​មក​លោក​នៅឡើយ​ទេ ហើយ​ករណី​នេះ​លោក​នឹង​ចាត់​ខាង​ជំនាញ​ព្រហ្មទណ្ឌ​ចុះ​ស្រាវជ្រាវ ដើម្បី​ចាប់ខ្លួន​ក្រុម​ក្មេង​ស្ទាវ​ទាំងនោះ​យក​មក​ចាត់ការ​តាម​ច្បាប់ ៕