ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ក្រុម​ចោរ​អាការ​ប្លន់​ផ្ទះ​លក់​ស្រូវ ចាប់ខ្លួន​បាន​៧​នាក់ ដកហូត​អាវុធ​២​ដើម

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមត្ត​កិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​នគរបាល​រាជធានី​ភ្នំពេញ ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០១៧ …

រាជធានី​ភ្នំពេញ ៖ សមត្ត​កិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​នគរបាល​រាជធានី​ភ្នំពេញ ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០១៧ បាន​ធ្វើការ​ស្រាវជ្រាវ រ​ហុត​ឈាន​ដល់​ការ​បង្ក្រាប និង​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ជា​ចោរ​ប្រើ​កាំភ្លើង​អាការ​ចំនួន​៧​នាក់ ដែល​ជា​ក្រុម​ប្លន់​ផ្ទះ​លក់​ស្រូវ ព្រមទាំង​ដកហូត​បាន​អាវុធ​ចំនួន​២​ដើម​ទៀត​ផង ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​ថា កិច្ចសហការ​បង្ក្រាប​នោះ​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ឯក សុខ ខេ​ម​រិ​ន ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​ដឹកនាំ​កម្លាំង​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ទោ ង៉េ​ង ជួរ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង និង​លោក​វរសេនីយ៍ឯក អេ​ង សោភា ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ដែល​សមត្ត​កិច្ច​ចាប់ខ្លួន​ទាំង​៧​នាក់​មាន ១-​ឈ្មោះ អ៊ី សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​អ្នក​កាន់​កាំភ្លើង​ភ្ជង់ និង​បាញ់​ជន​រង​គ្រោះ​, ២-​ឈ្មោះ ស៊ុន ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​, ៣-​ឈ្មោះ សាត ធឹ​ម ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ២​នាក់​នេះ​ជា​អ្នកចូលរួម​ធ្វើ​សកម្មភាព និង​ជា​អ្នក​ប្រមូល​ទ្រព្យសម្បត្តិ​ក្នុង​អំពើ​ប្លន់ , ៤-​ឈ្មោះ អឿ​ន សុ​ផា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​អ្នក​ឌុ​ប​បក្សពួក​ទម្លាក់​គោលដៅ​ធ្វើ​សកម្មភាព​, ៥.​ឈ្មោះ ហម ហាន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ​, ៦-​ឈ្មោះ មាស ធឹ​ម ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ២​នាក់​នេះ​ជា​អ្នក​ដើរ​ស៊ើប​មើល​ផ្ទះ​ជន​រង​គ្រោះ ដើម្បី​កំណត់​ឲ្យ​បក្សពួក​ធ្វើ​សកម្មភាព និង ៧-​ឈ្មោះ ស្វាយ តាក់ ហៅ ច ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​អ្នក​ធ្វើ​សកម្មភាព ។

ប្រភព​ព័ត៌មាន​បន្ត​ថា ក្រៅពី​៧​នាក់​ដែល​ចាប់ខ្លួន​នេះ នៅ​មាន​សមាសភាព​៤​នាក់​ទៀត​កំពុង​គេចខ្លួន ក្នុង​នោះ​ម្នាក់​ជា​មេខ្លោង និង​ជា​អ្នក​កាន់​កាំភ្លើង​អាការ​បាញ់​សម្លាប់​ជន​រង​គ្រោះ​យ៉ាង​ស្ទាត់ជំនាញ​ទៀត​ផង ។

ក្រុម​ជនសង្ស័យ​ទាំង​៧​នាក់​ត្រូវ​បាន​សមត្ថកិច្ច​សហការ​ស្រាវជ្រាវ និង​ចាប់ខ្លួន​បាន​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ស្ពឺ ដែល​ជា​កន្លែង​ពួក​គេ​ប្រមូលផ្តុំ​គ្នា​មុន​ចេញ​ធ្វើ​សកម្មភាព និង​ជា​ភូមិសាស្ត្រ​លាក់​ទុក​អាវុធ​អាកា​២​ដើម​នោះ ។

ក្រោយ​ពេល​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​៧​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​កាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ហើយ​ពួក​គេ​កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​យក​ចម្លើយ​យ៉ាង​យកចិត្តទុកដាក់​ថែម​ទៀត ។

គួរ​រំលឹក​ថា កាលពី​យប់​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ភូមិ​ព្រៃ​ក្រាយ សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ក្រុម​ចោរប្លន់​មាន​គ្នា​ចំនួន​៧​នាក់ និង​ប្រដាប់​ដោយ​កាំភ្លើង​អាកា​៦​ដើម ព្រមទាំង​កណ្ដៀវ​ច្រូតស្រូវ​ផង បាន​ចូល​ធ្វើ​សកម្មភាព​ប្លន់​យក​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ដល់​ក្នុងផ្ទះ ដោយពេល​ទៅ​ដល់​ពួក​ចោរ​ខាងលើ​បាន​ចាប់​ម្ចាស់ផ្ទះ​២​នាក់​ប្ដី​ប្រពន្ធ និង​កូន​២​នាក់​ទៀត​ចងស្លាបសេក ព្រមទាំង​យក​ស្កុ​ត​បិទ​មាត់​ជាប់​មិន​ឲ្យ​ស្រែក រួច​វាយ​បង្ខំ​ឲ្យ​យក​ទ្រព្យសម្បត្តិ​មាន​តម្លៃ និង​លុយ​កា​កាក់​ឲ្យ​ពួក​គេ មិនតែប៉ុណ្ណោះ​នៅ​ក្នុង​ពេល​នោះ​ក្រុម​ចោរ​បាន​បាញ់​ជា​ច្រើន​គ្រាប់​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ដែល​ត្រូវជា​បងប្រុស​ជីដូនមួយ​របស់​ម្ចាស់ផ្ទះ និង​ជា​ប្រជា​ការពារ​ភូមិ ២​គ្រាប់​រង​របួស​ធ្លាយ​ពោះវៀន និង​ត្រូវ​ដៃ ខណៈ​ជន​រង​គ្រោះ​រូប​នេះ​កាន់​កាំភ្លើង​ខ្យល់​១​ដើម ចូល​ទៅ​ជួយ​ម្ចាស់ផ្ទះ​ដែល​ជា​ប្អូន ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​ខាងលើ ប្ដី​ឈ្មោះ កែម កន អាយុ​៤២​ឆ្នាំ និង​ប្រពន្ធ ឈ្មោះ ភី ធឿ​ន អាយុ​៣៨​ឆ្នាំ ពួក​គាត់​មាន​រោង​ម៉ាស៊ីនកិនស្រូវ​ខ្នាត​តូច​មួយ ម៉ាស៊ីនបោកស្រូវ​១​គ្រឿង និង​មាន​ចិញ្ចឹម​ជ្រូក​ផង​ដែរ ។ ចំណែក​ប្រជា​ការពារ​ភូមិ​រង​គ្រោះ​ឈ្មោះ រី សុភាព ហៅ គយ ប៉ន អាយុ​ជាង​៤៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ជាមួយ​គ្នា ៕