ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ពី​ភ្នំ​រើសផ្លែ​សំ​រ៉​ង​វិញ​ ជុំ​គ្នា​ផឹកស្រា​ក្លែម​ឆា​ក្តៅ​សាច់​កង្កែប​លាយ​សាច់​គីង្គក់​ លុះ​ព្រឹក​ឡើង​ ផ្អើល​អ្នក​ភូមិ

4 ខែ មុន
  • កំពត

ខេត្តកំពត​ ៖ តាម​ប្រភព​ព​ត៌​មាន​ពី​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា​ មាន​ករណី​បុរស​ម្នាក់​ទើប​និង​ចុះ​ពី​ភ្នំ​រើស​

ខេត្តកំពត​ ៖ តាម​ប្រភព​ព​ត៌​មាន​ពី​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា​ មាន​ករណី​បុរស​ម្នាក់​ទើប​និង​ចុះ​ពី​ភ្នំ​រើស​សំ​រ៉​ង​មក​ដល់​ផ្ទះ ក៏​បាន​ជួបជុំ​គ្នា​ផឹកស៊ី​ជាមួយ​អ្នក​ភូមិ​ដែល​ទៅ​រើស​សំ​រ៉​ង​ជាមួយ​គ្នា ​ដោយ​មាន​គ្រឿងក្លែម​ឆា​ក្តៅ​សាច់​កង្កែប​និង​សាច់​គីង្គក់ ក្រោយ​ពី​ផឹកស៊ី​អស់​រយៈពេល​ពីរ​ទៅ​បី​ម៉ោង​(​ម៉ោង​១០និង​៣០​នាទី​យប់​)​ក៏​ឈប់​ផឹក​បែក​គ្នា​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​។

តាម​ប្រភព​បងថ្លៃ​ប្រុស​ដែល​នៅផ្ទះ​ជិត​គ្នា​ឲ្យ​ដឹង​ថា​ នៅ​ពេល​ប្អូនថ្លៃ​​ឈប់​ផឹក​មក​ដល់​ផ្ទះ​ គាត់​ឮ​សូរ​ប្អូន​ក្អួត​ក៏​ដើរទៅ​មើល ពេល​នោះ​គាត់​សួរ​ថា​ ប្អូន​ចេះ​តែ​ម៉េច​បង​កោសខ្យល់​ឲ្យ ជន​រង​គ្រោះ​ប្រាប់​បងថ្លៃ​ថា​ខ្ញុំ​អត់​អី​ទេ​មិនបាច់​កោសខ្យល់​ទេ ឃើញ​ប្អូន​ថា​មិន​អី ហើយ​មិន​ព្រម​ឲ្យ​កោសខ្យល់​ទៀត បងថ្លៃ​ក៏​ដើរទៅ​ផ្ទះ​វិញ​ទៅ​។

ប្រពន្ធនិងកូនរបស់បុរសរងគ្រោះ

​តាម​ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា​ ប្រហែលជា​ម៉ោង​១១​ជាង​បងថ្លៃ​ប្រុស​ក៏​មក​មើល​ម្តងទៀត​ក៏​ស្រាប់តែ​ឃើញ​ប្អូនថ្លៃ​ដេក​ស្លាប់​នៅ​ផ្លូវ​ចូល​ផ្ទះបាយ​បាត់​ទៅ​ហើយ​ក៏​ស្រែកហៅ​អ្នក​ជិតខាង​ឲ្យ​មក​ជួយ​និង​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ដើម្បី​មក​ពិនិត្យសាកសព​។

លោក​អនុសេនីយឯក គិ​ន ឆែ​រី នាយ​ប៉ុស្តិ៍​អណ្តូង​ខ្មែរ ក្រុង​កំពត​បាន​ឲ្យ​ដឹង​ថា​ ពេល​ប្រជាពលរដ្ឋ​រាយ​ការ​មក​ប៉ុស្តិ៍​ថា​មាន​មនុស្ស​ស្លាប់​នៅ​ក្នុងផ្ទះ​ដោយ​គ្មាន​អ្នក​ណា​ដឹង​ និង​មិនដឹង​មូលហេតុ លោក​ក៏​បាន​រាយ​ការ​ទៅ​អធិការ​នគរបាល​ក្រុង​ និង​សមត្ថកិច្ច​ជំនាញ​ដើម្បី​មក​ពិនិត្យ​សាកសព​ភ្លាម​ៗ​ទាំង​យប់ ។

ក្រោយ​ពី​ធ្វើការ​ពិនិត្យ​និង​ធ្វើ​កោសល​វិ​ច្ច​យ័​រួច សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ ​ជន​រង​គ្រោះ​ឈ្មោះ លុយ ដា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​តូច សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត​។ សាកសព​ពិតជា​ស្លាប់​ដោយសារ​គាំងបេះដូង​ពិតប្រាកដ​មែន តាម​ការ​ពិនិត្យ​នៅ​លើ​ខ្លួន​សាកសព​គ្មាន​ស្លាកស្នាម​អ្វី​គួរ​សង្ស័យ​ករណី​បទល្មើស​ផ្សេង​ៗ​ឡើយ​។

តាម​ប្រ​ព​ភព​ពី​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ទៀត​ថា​ បុរសរងគ្រោះ​​រូប​នេះ​មាន​ប្រពន្ធ​និង​មានកូន​ប្រុស​ម្នាក់ ប៉ុន្តែ​ប្រពន្ធ​មិន​បាន​នៅផ្ទះ​ជាមួយ​នោះ​ទេ​ ដោយ​ប្រពន្ធ​ទៅ​ធ្វើការ​នៅ​ក្រុង​ព្រះ​ស៊ី​ហ​នុ រីឯ​រូប​គាត់​នៅផ្ទះ​ជាមួយ​កូនប្រុស​។

តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា​ គ្រួសារ​ប្តី​ប្រពន្ធ​មួយ​គ្រួសារ​នេះ​កន្លង​មក​ពុំ​សូវ​ចុះសម្រុង​ជាមួយ​គ្នា​ទេ ហើយ​ក៏​ធ្លាប់​បាន​លែងលះ​គ្នា​ទៀត​ផង ។ ទោះ​បែក​គ្នា​ជាមួយ​ប្រពន្ធ​មួយ​រយះ​ធំ​ទៅ​ហើយ​ក្តី​ ក៏​បុរស​រូប​នេះ​នៅ​តែ​មិន​ដាច់​អាល័យ​ពី​ប្រពន្ធ រហូត​ដល់​ប្រពន្ធ​វិល​មក​ផ្ទះ​មើល​កូន​ក៏​ត្រូវ​បុរស​រូប​នេះ​សុំ​ជានា​រួមរស់​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​វិញ ប្រពន្ធ​ក៏​ព្រម​នៅ​រួមរស់​ជាមួយ​គ្នា​វិញ​ទៅ​។

ដោយ​ជីវភាព​ក្នុង​គ្រួសារ​ជួប​ការ​ខ្វះខាត​ គ្មាន​ចំណូល​ដើម្បី​ដោះស្រាយ​ក្នុង​គ្រួសារ ​ប្រពន្ធ​ក៏​សុំ​ប្តី​ទៅ​ធ្វើការ​នៅ​ខេត្ត​ព្រះ​ស៊ី​ហ​នុ ប៉ុន្តែ​ពុំ​មាន​ប្រភព​ណា​ដឹង​ថា​ប្រពន្ធ​បុរស​រូប​នេះ​ទៅ​ធ្វើការ​នៅ​ខេត្ត​ព្រះ​ស៊ី​ហ​នុ​មិនដឹង​ធ្វើការ​អ្វី​នោះ​ឡើយ​។

តាមប្រភព​ពី​អ្នក​ភូមិ​ដដែល​ឲ្យ​ដឹង​ទៀត​ថា​ ​ការ​ស្លាប់​បុរស​ខាងលើ​ខ្លះ​ស​ង្ស័យថា​ពុល​សាច់សត្វ​គីង្គក់ ខ្លះ​សង្ស័យ​ថា​ខ្យល់គរ មក​ពី​ភ្នំ​អស់កំលាំង​ហើយ​ផឹកស្រា​ទើប​ជួប​បញ្ហា​ដូច្នេះ ។ បើ​ពុល​សាច់​គីង្គក់់​វា​ពុល​អ្នក​ហូប​ទាំងអស់​គ្នា​ទៅ​ហើយ​ មិនអាច​ហូប​៤​ទៅ​៥​នាក់​ គេ​មិន​ពុល ​មក​ពុល​តែឯង​នោះ​ទេ​គឺ​បណ្តាល​មក​ពី​ខ្យល់គរ​ច្រើន​ជាង (​នេះ​គ្រាន់តែ​ជា​ការ​សង្ស័យ​)​របស់​អ្នក​ភូមិ​ដែល​ឃើញ​ពួក​គាត់​ផឹកស៊ី​ប៉ុណ្ណោះ​។

ក្រោយ​ពី​ធ្វើ​កោសល​វិ​ច្ច័​យ​រួច​ សមត្ថកិច្ច​បាន​ប្រគល់​សពជនរងគ្រោះ​ជូន​ក្រុម​គ្រួសារ​សាច់​ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ