ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលក្រម​ផ្តន្ទាទោស​អតីត​ស្នងការ​រង​ខេត្តកំពង់ឆ្នាំង​ហើយ ពាក់ព័ន្ធ​ដីធ្លី​នៅ​បឹង​ទន្លេសាប

1 ឆ្នាំ មុន
  • ភ្នំពេញ

តាម​ការ​គ្រោងទុក​លោក លិ សុខា ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២២​នេះ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​អតីត​ស្នងការ​រង​ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធ​

រាជធានី​ភ្នំពេញ ៖ តាម​ការ​គ្រោងទុក​លោក លិ សុខា ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២២​នេះ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​អតីត​ស្នងការ​រង​ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធ​ដីធ្លី​នៅ​តំបន់​៣ បឹង​ទន្លេសាប ខេត្តកំពង់ឆ្នាំង ។

សាលក្រម​នេះ បាន​ប្រកាស​ផ្តន្ទាទោស​លើ​ឈ្មោះ ស៊ុ សុ​ជាតិ ហៅ​ឈុ​យ ភេទ​ប្រុស អាយុ​៥១ ឆ្នាំ អតីត​ជា​ស្នងការ​រង​ខេត្តកំពង់ឆ្នាំង ដាក់​ពន្ធនាគារ​កំណត់​៤​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការដ្ឋ​ចំនួន​៥០​លាន​រៀល ព្រមទាំង​ដកហូត​ប្រាក់​ជាង​៥០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ពាក់ព័ន្ធ​ពី​បទ បំផ្លិចបំផ្លាញ និង​គៃបំបាត់​, បទ ហ៊ុម​ព័ទ្ធ​កាន់កា​.​ប់​ដី​ព្រៃ​លិច​ទឹក​, បទ មិន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល និង​បទ សម្អាត​ប្រាក់ ។

សាលក្រម​នេះ ទុក​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ បើសិន​មិន​សុខចិត្ត​ចំពោះ​ការ​កាត់ក្តី​នេះ ។

សូម​ជម្រាប​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២២ បាន​លើកយក​សំណុំរឿង​ខាងលើ​នេះ មក​បើក​សវនាការ​ជំនុំ​ជម្រះក្តី​ពាក់ព័ន្ធ​ករណី​បំផ្លិចបំផ្លាញ ហ៊ុម​ព័ទ្ធ កាន់កា​.​ប់​ដី​ព្រៃ​លិច​ទឹក នៅ​ចំណុច​តំបន់​៣ នៃ​បឹង​ទន្លេសាប ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​កង្កែប និង​ភូមិ​ធ្លក ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។ សវនាការ​បាន​សាកសួរ​ដេញដោល​ចប់​សព្វ និង​បាន​លើក​ពេល​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ជនជាប់ចោទ នៅ​ថ្ងៃ​ទី​៤ ខែសីហា នេះ ។

សំណុំរឿង​នេះ លោក កូយ សៅ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​ចៅក្រម​ស៊ើបសួរ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២១ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ស្នងការ​រង និង​ប្រធាន​ការិយាល័យ​អន្តរាគមន៍ និង​តម្រួត បទបញ្ជា​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

ការ​សម្រេច​ឃុំខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​យោង​ទៅ​លើ​ស្ថាប័ន​អយ្យការ​បាន​ចោទប្រកាន់​ឧត្តមសេនីយ៍ត្រី ស៊ុ សុ​ជាតិ ហៅ​ឈុ​យ ជា​ស្នងការ​រង​ខេត្តកំពង់ឆ្នាំង ពី​បទ បំផ្លាញ និង​គៃបំបាត់ បទ​ហ៊ុម​ព័ទ្ធ​កាន់កា​.​ប់​ដី​ព្រៃ​លិច​ទឹក បទ​មិន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល និង​បទ សម្អាត​ប្រាក់ ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ដែន​ព្រៃ​លិច​ទឹក​តំបន់​៣ នៃ​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ភូមិ​កង្កែប និង​ភូមិ​ធ្លក ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង កាលពី​អំឡុង​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០២១ ជា​បទល្មើស​ព្រហ្មទណ្ឌ និង​ត្រូវ​ផ្តន្ទាទោស តាម​បញ្ញត្តិ មាត្រា​៦០៨ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៨៨ នៃ​ច្បាប់​ស្តី​ពី​ជលផល និង​មាត្រា​៣២, មាត្រា​៣៨ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ និង​មាត្រា ៣ ថ្មី មាត្រា ២៨ ថ្មី ១ នៃ ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន ភេរវកម្ម ។

សំណុំរឿង​នេះ តំណាង​អយ្យការ ក៏​បាន​ធ្វើការ​ចោទប្រកាន់​លោក​វរសេនីយ៍ឯក កែវ ណា រុន ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ជា​ប្រធាន​ការិយាល័យ​អន្តរាគមន៍ និង​តម្រួត​បទបញ្ជា​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ពី​បទ​បំផ្លាញ និង​តៃ​បំបាត់ បទ​ហ៊ុម​ព័ទ្ធ​កាន់កា​.​ប់​ដី​ព្រៃ​លិច​ទឹក និង​បទ មិន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ដែន​ព្រៃ​លិច​ទឹក នៃ​តំបន់​៣ នៃ​បឹង​ទន្លេសាប ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង កាលពី​អំឡុង​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០២១ ជា​បទល្មើស​ព្រហ្មទណ្ឌ និង​ត្រូវ​ផ្តន្ទាទោស​តាម​បញ្ញត្តិ មាត្រា​៦០៨ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៩៨ នៃ​ច្បាប់​ស្តី​ពី​ជលផល និង មាត្រា​៣២, មាត្រា​៣៨ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ ។

ប៉ុន្តែ​នៅ​ពេល​សវនាការ និង​រហូត​ដល់​ថ្ងៃ​ប្រកាស​សាលក្រម ជនជាប់ចោទ​ឈ្មោះ កែវ ណា រុន ប្រធាន​ការិយាល័យ​អន្តរាគមន៍ និង​តម្រួត​បទបញ្ជា នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង មិនឃើញ​មុខ​ទេ បើ​តាម​មន្ត្រី​តុលាការ​បង្ហើប​ឲ្យ​ដឹង​ថា អាច​បំបែកសំណុំរឿង​នេះ ដាច់​ដោយឡែក​ពី​គ្នា​…៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ