ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហហ្មុក ឡើងតុអាហាររដ្ឋមន្រ្តីការបរទេសមកពីប្រទេសមិនតិចជាង៣០

2 ឆ្នាំ មុន
  • ភ្នំពេញ

ហហ្មុក ជា​មុខម្ហូប​មួយ​របស់​ខ្មែរ បាន​ឡើង​លើ​តុ​អាហារ​ទទួល​ស្វាគមន៍​ភ្ញៀវ​អន្តរជាតិ​កម្ពុជា​ដែល​សុទ្ធ​សឹង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​បណ្តា​ប្រទេស​អាស៊ាន និង​ប្រទេស​ជា​ដៃគូ ដែល​សរុប​មិន​តិច​ជាង​៣០​ប្រទេស​នោះ​ទេ ។ នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ រាជធានី​ភ្នំពេញ បាន​សម្រាំង​ទាំង​ម្ហូប…

ហហ្មុក ជា​មុខម្ហូប​មួយ​របស់​ខ្មែរ បាន​ឡើង​លើ​តុ​អាហារ​ទទួល​ស្វាគមន៍​ភ្ញៀវ​អន្តរជាតិ​កម្ពុជា​ដែល​សុទ្ធ​សឹង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​បណ្តា​ប្រទេស​អាស៊ាន និង​ប្រទេស​ជា​ដៃគូ ដែល​សរុប​មិន​តិច​ជាង​៣០​ប្រទេស​នោះ​ទេ ។

នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ រាជធានី​ភ្នំពេញ បាន​សម្រាំង​ទាំង​ម្ហូប និង​ការ​បដិសណ្ឋារកិច្ច​ឲ្យ​ល្អ​ឥត​ខ្ចោះ​ក្នុង​ការ​ទទួល​ស្វាគមន៍​ភ្ញៀវ​អន្តរជាតិ ។ «​ហហ្មុក​» ជា​មុខម្ហូប​សំខាន់​មួយ​របស់​ខ្មែរ​ដែល​មាន​គ្រឿងផ្សំ​ធ្វើ​ពី​ត្រី ឬ​ត្រី​អណ្តែង​ស្រស់​ផ្សំ​គ្រឿង​មានការ​ពិ​បុក និង​ខ្ទិះដូង​ជាដើម​ខ្ចប់​ចំហុយ​»​។

មក​ដល់​ពេល​បច្ចុប្បន្ន ចុងភៅ​ខ្មែរ​បាន​ផ្សែផ្សំ​ជាមួយ​គ្រឿង​ឆ្ងាញ់​ៗ​បន្ថែម​ទៀត ដើម្បី​បង្កើន​ក្លិន​ឈ្ងុយ និង​រសជាតិ​ឱ្យ​កាន់តែ​ឆ្ងាញ់​ពិសា និង​រំលេច​នូវ​សោភ័ណ​ភាព​ឱ្យ​កាន់តែ​ទាក់ទាញ​ផង​ដែរ ។

ជា​ទូទៅ​គេ​មិន​ដាក់​មុខម្ហូប​នេះ​ក្នុង​ចាន​ទេ ចុងភៅ​បាន​ច្នៃ​ហហ្មុក ដាក់​ក្នុង​ផ្លែ​ដូងខ្ចី ឬ​ស្លឹកចេក​ទ្រ​ដោយ​ចាន​ឬថា​ស ធ្វើ​ពី​ឬ​ស្សី និង​ផ្តៅ ដែល​កាន់តែ​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​ខ្មែរ​ថែម​ទៀត ។

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​លើក​ទី​៥៥ នា​ពេល​នេះ ជា​ព្រឹត្តិការណ៍​ដ៍​ធំ​មួយ និង​ជា​ព្រឹត្តិការណ៍​ដំបូង​គេ​បង្អស់ ដែល​កម្ពុជា​រៀបចំ​ធ្វើ​ឡើង​ដោយ​ផ្ទាល់ បន្ទាប់​ពី​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ ។ នៅ​ឆ្នាំ​២០២២​នេះ កម្ពុជា​ជា​ប្រធាន​អាស៊ាន ហើយ​នៅ​ចុងឆ្នាំ​នេះ​បន្ទាប់​ពី​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​នេះ​ទៅ​មេដឹកនាំ​អាស៊ាន និង​ប្រទេស​ជា​ដៃគូ​សន្ទនា​ជាមួយ​អាស៊ាន​ជា​ច្រើន​ទៀត​នឹង​មក​ប្រជុំ​គ្នា​នៅ​ភ្នំពេញ​ទៀត​នៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ប្រចាំឆ្នាំ ។

កន្លង​មក​មានការ​លើកទឹកចិត្ត​ពី​ថ្នាក់ដឹកនាំ​ប្រទេស និង​ពលរដ្ឋ​ជា​ទូទៅ​ឲ្យ​កម្ពុជា​ប្រើប្រាស់​អាហារ និង​ផលិតផល​ដែល​ខ្មែរ​អាច​ផលិត​បាន រួម​ទាំង​ភេ​ជ្ជៈ​ដែល​មាន​ទឹកដូង ទឹកត្នោត​ផង​ដែរ នៅ​ក្នុង​ការ​ទទួល​ស្វាគមន៍​ភ្ញៀវ​ផ្លូវការ​ដែល​បាន​មក​ដល់​កម្ពុជា ។

ការ​ទទួលភ្ញៀវ​ដោយ​អាហារ​ខ្មែរ ផលិតផល​ខ្មែរ ធ្វើ​ឲ្យ​បរទេស​កាន់តែ​ស្គាល់​ខ្មែរ​ច្បាស់ និង​ជា​លើកកម្ពស់​កសិផល និង​ផលិតផល​របស់​ពលរដ្ឋ​ខ្មែរ​ផង​ដែរ ។

លោក គង់ ភោគ ក្នុង​សន្និសីទ​សារព័ត៌មាន​ពី​ដំណើរការ​កិច្ចប្រជុំ​អាស៊ាន​លើក​ទី​៥៥​នេះ​បាន​បញ្ជាក់​ថា កំលុង​ពេល​កម្ពុជា​រៀបចំ​កិច្ចប្រជុំ​ក្រប​ខណ្ឌ​អាស៊ាន ចាប់ពី​ថ្ងៃ​ទី​២៨ ខែកក្កដា ដល់​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២២ គឺ​រៀបចំ​យ៉ាងណា​ឲ្យ​ភ្ញៀវ​ពេញចិត្ត ចំពោះ​កន្លែង មិន​ថា ការ​រៀបចំ​កិច្ចប្រជុំ និង​រៀប​អាហារ​នោះ​ឡើយ ។ ការ​រៀបចំ​ម្ហូប​ខ្មែរ​ទទួលភ្ញៀវ​បរទេស​ជា​ផ្នែក​មួយ​នៃ​ការទូត​សេដ្ឋកិច្ច ។

សូម​ជម្រាប​ថា ក្រសួងទេសចរណ៍​គ្រោង​នឹង​ស្នើ​សុំ​ដាក់​សម្ល​ហហ្មុក រួម​ជាមួយ​ម្ហូបអាហារ​៤​មុខ​ទៀត រួម​មាន សម្លកកូរ សម្លម្ជូរគ្រឿង សម្លប្រហើរ និង​នំ​បញ្ចុក ព្រមទាំង​បង្អែម​៥​មុខ​ទៀត រួម​មាន នំអន្សម នំផ្លែអាយ បាយដំណើប​សង់ខ្យា នំ​ចក្រ​ច័ន្ទ និង​នំស្លឹកស្រស់ ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​អ​រូបិយ​របស់​អង្គការ​យូ​ណេ​ស្កូ (UNESCO) ផង​ដែរ ។

រហូត​មក​ដល់​ពេល​នេះ មន្ត្រី​អះអាង​ថា​កំពុង​ប្រមូល​ឯកសារ​ជុំវិញ​ម្ហូប អាហារ និង​បង្អែម​ទាំងនោះ​ដើម្បី​ឈាន​ដល់​ស្នើ​សុំ​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក​អ​រូបិយ​របស់​អង្គការ​យូ​ណេ​ស្កូ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ