ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍​ដ៏កក់ក្តៅដល់រដ្ឋមន្ត្រីការបរទេសទាំងអស់ ដែល​​មក​ប្រជុំនៅកម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា…

ភ្នំពេញ៖ នៅយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា «កម្ពុជាសូមស្វាគមន៍ដ៏កក់ក្តៅដល់រដ្ឋមន្រ្តីការបរទេសទាំងអស់ ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ( 55th ASEAN Foreign Ministers’ Meeting- AMM) និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅព្រះរាជាណាចក្រកម្ពុជា»។

សម្តេចតេជោ ហ៊ុន សែន បន្តថា «នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ថ្ងៃនេះ មានឯកឧត្តម និងលោកជំទាវរដ្ឋមន្រ្តីការបរទេសចំនួន ៧រូបទៀត បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ដូចជា 1-H.E Nanaia Mahuta រដ្ឋមន្ត្រីការបរទេសនៃប្រទេសនូវែលហ្សេឡង់, 2-H.E Subrahmanyam Jaishankar រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌា, 3-H.E Amanda Anne Milling រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ី និងមជ្ឈឹមបូព៌ានៃចក្រភពអង់គ្លេស,  4-H.E Ali Sabry រដ្ឋមន្រ្តីការបរទេសស្រីលង្កា, 5-H.E Yoshimasa Hayashi រដ្ឋមន្ត្រីការបរទេសជប៉ុន, 6-H.E Sergei Lavrov រដ្ឋមន្ត្រីការបរទេសសហព័ន្ធរុស្ស៊ី និង 7- H.E Antony Blinken រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក។ នៅមានរដ្ឋមន្រ្តីការបរទេសនៃប្រទេសមួយចំនួនទៀត នឹងមកដល់កម្ពុជា នៅថ្ងៃស្អែកជាបន្តបន្ទាប់»។

សម្តេច​តេជោ ក្នុងនា​មជា​ប្រធានអាស៊ាន ក៏បានប្រកាស ជូនពរឯកឧត្តម លោកជំទាវ និងគណៈប្រតិភូទាំងអស់ បានសប្បាយរីករាយ ក្នុងការស្នាក់នៅ និងទទួលបានលទ្ធផលល្អ នៅក្នុងកិច្ចប្រជុំ 55th AMM នៅកម្ពុជា។

សូមរម្លឹកថា រដ្ឋមន្ត្រីការបរទេសប្រទេស​មហាអំណាច រួមទាំង​រដ្ឋមន្ត្រី និងតំណាង​ប្រទេ​ស ចំនួន ៣៧ប្រទេស បានអញ្ជើញ​មកចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ​ នៅកម្ពុជា ចាប់ពីថ្ងៃទី៣០កក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។ នៅថ្ងៃទី៤-៥សីហា រដ្ឋមន្ត្រីការបរទេស​អាស៊ាន ត្រូវជួបប្រជុំ​ជាមួយរដ្ឋមន្ត្រីការបរទេស​ ប្រទេសជាដៃគូអាស៊ាន។​

ក្នុងនោះ តាមកម្មវិធី ដែលបានគ្រោងទុក នៅថ្ងៃទី៤ ខែសីហា មានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងកិច្ចប្រជុំពាក់ព័ន្ធ​ រួមមាន៖ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន កិច្ចប្រជុំ​រដ្ឋមន្ត្រីការ​បរទេសអាស៊ាន-កូរ៉េ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ជប៉ុន កិច្ចប្រជុំរដ្ឋមន្ត្រី​ការបរទេសអាស៊ាន-អង់គ្លេស កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-បូក៣ កិច្ចប្រជុំរដ្ឋមន្ត្រី​ការបរទេសអាស៊ាន-ឥណ្ឌា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-កាណាដា កិច្ចប្រជុំរដ្ឋមន្ត្រី​ការបរទេសអាស៊ាន-អូស្ត្រាលី កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ញូវហ្សេឡេន កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អឺរ៉ុប កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ី។

ចំណែក​នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ មានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំ​ពាក់ព័ន្ធ រួមមាន៖ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ីបូព៌ា និងវេទិកា តំបន់អាស៊ាន លើកទី២៩​។

នៅចុងបញ្ចប់​នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នាល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា នឹងធ្វើសន្និសីទ​កាសែត ប្រកាសពីលទ្ធផលនៃកិច្ចប្រជុំប៉ុន្មានថ្ងៃមកនេះ​ ក្នុងនាមកម្ពុជា ជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ាន នៅឆ្នាំ២០២២ នេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ