ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីការបរទេសអាស៊ាន ឯកភាព ៤ចំណុច

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ នៅកម្ពុជា នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ នេះ បានឯកភាព ៤ចំណុច។…

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ នៅកម្ពុជា នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ នេះ បានឯកភាព ៤ចំណុច។ នេះបើតាមលោក គង់ ភោគ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និងជាអ្នកនាំពាក្យ​នៃកិច្ចប្រជុំ​។

ក្នុងសន្និសីទកាសែត នាល្ងាចថ្ងៃទី៣សីហានេះ លោក គង់ ភោគ បានថ្លែងថា កិច្ចប្រជុំរដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នៅថ្ងៃនេះ បានឯកភាពលើចំណុចសំខាន់ៗ ៤ចំណុច រួមមាន៖

១-​ចំពោះការស្នើសុំចូលជាសមាជិកអាស៊ានរបស់ប្រទេស​ទីម័រខាងកើត រដ្ឋមន្ត្រីការបរទេស​អាស៊ាន បានជំរុញឱ្យលេខាធិការដ្ឋានអាស៊ាន ពន្លឿនចំពោះការវាយតម្លៃរួម ហើយដាក់ជូនក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ដើម្បីពិចារណា នៅខែវិច្ឆកា។ ការទទួលយកទីម័រ ជាសមាជិកអាស៊ាន គឺជាការសម្រេចចិត្តប្រកប ដោយយុទ្ធសាស្រ្ដ និងជាផលប្រយោជន៍អាស៊ានទាំងមូល។

​២-រដ្ឋមន្រ្ដីការបរទេស ក៏បានសរសើរពីវឌ្ឍនភាពដ៏ល្អរបស់ក្រុមការងារជាន់ខ្ពស់ សម្រាប់​ចក្ខុវិស័យសហគមន៍អាស៊ាន ក្រោយឆ្នាំ២០២៥ ហើយក៏រំពឹងថា ក្រុមការងារជាន់ខ្ពស់នេះ អាចបង្កើតធាតុចូល ដែលមានលក្ខណៈទៅមុខប្រកបដោយភាពជាក់ស្ដែង និងច្បាស់លាស់ ដោយយកការឯកភាពគ្នា មជ្ឈភាព និងភាពធន់ជាគោលការណ៍គ្រឹះ។

​៣-ចំពោះការចូលរួមជាសមាជិកសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ ហៅកាត់ថា TAC   កិច្ចប្រជុំបានស្វាគមន៍មិត្ត និងប្រទេសដៃគូជាច្រើនទៀត ក្នុងការចូលជា​សមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែល​នៅថ្ងៃនេះ មានប្រទេស ៦ បានចុះហត្ថលេខា ចូលជាសមាជិក រួមមាន៖ ប្រទេសដាណាម៉ាក ក្រិច ហូឡង់ អូម៉ង់ រដ្ឋកាតា និងអេមីរ៉ាត់អារ៉ាប់រួម។

​៤-រដ្ឋមន្ត្រី​ការបរទេសអាស៊ាន បានសម្រេចផ្ដល់ឋានៈដល់​ដៃគូសន្ទនា តាមវិស័យជាមួយអាស៊ាន ដល់ប្រទេស​អេមីរ៉ាត់អារ៉ាប់រួម និងប្រទេស​ប្រេស៊ីល​។

បន្ថែមលើនេះ លោក គង់ ភោគ បន្តថា រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បានអនុម័តឯកសារទស្សនទាន ស្ដីពី សំណើរៀបចំកិច្ចប្រជុំ​កំពូលអាស៊ាន-កាណាដា ដើម្បីរំលឹកខួបអនុស្សាវរីយ៍ លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទាអាស៊ាន-កាណាដា និងឯកភាពលើសំណើររៀបចំកិច្ចប្រជុំរំលឹកអនុស្សាវរីយ៍នេះ ក្នុងឱកាសនៃកិច្ចប្រជុំអាស៊ាន លើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅខែវិច្ឆិកា ឆ្នាំ២០២២ នេះ នៅកម្ពុជា។ ជាមួយគ្នានេះ រដ្ឋមន្រ្ដីទាំងអស់ ក៏បានឯកភាពគ្នា លើសំណើររបស់សហភាពអឺរ៉ុប លើការរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-អឺរ៉ុប នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចហ្សែល។

សូមរម្លឹកថា រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងបន្តកិច្ចប្រជុំជាមួយដៃគូ​សន្ទនា និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី៤ សីហា និងថ្ងៃទី៥ ខែសីហា នៅសណ្ឋាគារ​សុខាភ្នំពេញ។​

ក្នុងនោះ តាមកម្មវិធី ដែលបានគ្រោងទុក នៅថ្ងៃទី៤ ខែសីហា មានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងកិច្ចប្រជុំពាក់ព័ន្ធ​ រួមមាន៖ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-កូរ៉េ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ជប៉ុន កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អង់គ្លេស កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-បូក៣ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ឥណ្ឌា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-កាណាដា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អូស្ត្រាលី កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ញូវហ្សេឡេន កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អឺរ៉ុប កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ី។

ចំណែក​នៅថ្ងទី៥ ខែសីហា ឆ្នាំ២០២២ មានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ រួមមាន៖ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ីបូព៌ា និងវេទិកា តំបន់អាស៊ាន លើកទី២៩​។

នៅចុងបញ្ចប់​នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នាល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា នឹងធ្វើសន្និសីទកាសែត ប្រកាសពីលទ្ធផលនៃកិច្ចប្រជុំប៉ុន្មានថ្ងៃមកនេះ​ ក្នុងនាមកម្ពុជា ជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ាន នៅឆ្នាំ២០២២ នេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ