ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Black Cat បើក​រេញ​ឱ្យជើង​ខ្លាំង​កម្ពុជា​ប៉ះ​ថៃ​នៅ​ថ្ងៃអាទិត្យ​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​យប់​ថ្ងៃអាទិត្យ​ទី​៨ មក​រា ខាន​ស្អែក​នេះ ប្រដាល់​«​កំពូល​ជើងឯក​ស្រា​បៀរ​ប្លេ​ក​ខេត​» នឹង​ដល់​ថ្ងៃ​កំណត់​ត្រូវ​ប្រកួត​អន្តរជាតិ​ទៀត​ហើយ ដោយ​ប្រកាស​បើក​រេញ​ឲ្យ​កីឡាករ​កម្ពុជា​២​រូប និង​ថៃ​២​រូប​ប៉ះ​គ្នា ។

រាជធានី​ភ្នំពេញ ៖ នៅ​យប់​ថ្ងៃអាទិត្យ​ទី​៨ មក​រា ខាន​ស្អែក​នេះ ប្រដាល់​«​កំពូល​ជើងឯក​ស្រា​បៀរ​ប្លេ​ក​ខេត​» នឹង​ដល់​ថ្ងៃ​កំណត់​ត្រូវ​ប្រកួត​អន្តរជាតិ​ទៀត​ហើយ ដោយ​ប្រកាស​បើក​រេញ​ឲ្យ​កីឡាករ​កម្ពុជា​២​រូប និង​ថៃ​២​រូប​ប៉ះ​គ្នា ។ 

ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​ឡើង​ពី​ម៉ោង​៨​យប់​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នេះ នៅ​តែ​មានការ​រំពឹង​ខ្ពស់​មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​មុន​ៗ​នោះ​ទេ បើ​ទោះជា​បរិយាកាស​ដែល​គ្រោង​ប្រកួត​ឡើង​អាច​នឹង​ចំ​ពលរដ្ឋ​មួយ​ចំនួន​មិន​ទាន់​ត្រឡប់​មក​ពី​ដើរ​កម្សាន្ត​តាម​ខេត្ត ព្រោះតែ​បាន​សម្រាក​តាំងពី​ថ្ងៃ​៧ មក​រា​នៅឡើយ ។ អ្នក​រៀបចំ​កម្មវិធី​បាន​អះអាង​ថា អ្នក​ទស្សនា​នឹង​នៅ​តែ​មក​ដោយសារ​តែ​ក្នុង​ចំណោម​អ្នក​ដើរ​លេង​នា​ថ្ងៃ​បុណ្យ​ចំ​ថ្ងៃ​សៅរ៍​ភ្ជាប់​នឹង​ថ្ងៃអាទិត្យ​នោះ ក៏​មិន​ច្រើន​ដូច​ថ្ងៃ​ឆ្លង​ឆ្នាំ និង​បុណ្យ​សាកល​កន្លង​​ទៅ​ដែរ ។ កីឡាករ​កម្ពុជា​២​រូប​គឺ វៀត ប៊ុ​ន​ឌឿ​ន និង សូត្រ ប៊ុ​ន​ធី នឹង​ក្លាយជា​គូប្រកួត​ស៊ីសាច់ហុតឈាម​ជាមួយ​កីឡាករ​ថៃ​នៅ​យប់​ថ្ងៃអាទិត្យ​ខានស្អែក ។

អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា កីឡាករទាំង​៤​រូប​មាន​បំណង​ប៉ះ​គ្នា​យូរហើយ ជាក់ស្ដែង​កីឡាករ​កម្ពុជា​គ្រាន់តែ​បានដឹង​ថា នឹង​ត្រូវ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ទាំង​២​រូប​ក៏​ទទួលយក​ដោយ​ការ​ពេញចិត្ត​ហើយ​ក៏​បាន​ត្រៀមខ្លួន​ក្នុង​ការ​ប៉ះ​គ្នា​ផង​ដែរ ។ លោក​ថា កីឡាករ​កម្ពុជា​ទាំង​ពីរ​សុទ្ធតែ​បាន​ត្រៀមខ្លួន​មុន​ពេល​ប៉ះ​គ្នា ដោយ​បាន​ចំណាយពេល​ច្រើន​ជាង​មួ​យស​ប្ដា​ហ៍​ក្នុង​ការ​ហ្វឹកហាត់​នោះ​ផង ។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា លោក​បាន​សម្រេចចិត្ត​ដាក់ វៀត ប៊ុ​ន​ឌឿ​ន មក​ពី​ក្លិប​ក្រសួងការពារជាតិ ឱ្យ​ឡើង​ប៉ះ​ប្រកួត​ជាមួយ​កីឡាក​ថៃ​ឈ្មោះ​Yorth Mongkul  ក្នុង​នាម​ជា​គូ​បើក​ឆាក​អន្តរជាតិ​នៅ​យប់​ថ្ងៃអាទិត្យ​នោះ ។ លោក​ថា ជំនួប​រវាង​ពួក​គេ​មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ដោយ​លោក​គឺ​មាន​បំណង​ចង់ឱ្យ​គេ​ប៉ះ​គ្នា​ជា​មួយគូ​បរទេស​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​តែ​ម្ដង ។ លោក​ថា កីឡាករ វៀត ប៊ុ​ន​ឌឿ​ន អាច​ចាត់​ទុក​ថា​ជា​ជើង​ខ្លាំង​ម្នាក់ នៅ​លើ​សង្វៀន​ប្រដាល់​អន្តរជាតិ Black Cat ដែល​ជា​ព្រឹត្តិការណ៍​ចម្រុះ​តែ​កីឡាករ​ខ្លាំង​ៗ​នៅ​ក្នុង​ពិភព​ប្រដាល់ ។ លោក​ជឿជាក់​ថា កីឡាករ​រូប​នេះ​នឹង​បញ្ចេញ​សមត្ថ​ភាពល្អ​ដូច​ជា​ពូកែ​គេច និង​ពូកែ​វាយ​សន្ធាប់​ដែល​គេ​ធ្លាប់​បញ្ចេញ​ឡើង​នា​ពេល​កន្លង​មក ទើប​លោក​យល់​ថា​ជំនួប​រវាង​វៀត ប៊ុ​ន​ឌឿ​ន ជាមួយ​កីឡាករ​ថៃ​ក៏​នឹង​មិនធម្មតា​សម្រាប់​ការ​ប្រកួត​ទាំងមូល ។

លោក​ថា កីឡាករ​កម្ពុជា​រូប​នេះ មានការ​ឈាន​ឡើង​សមត្ថភាព ហើយ​ការ​ប្រកួត​ប៉ុន្មាន​លើក​ចុង​ក្រោយ គឺ​មាន​សមត្ថភាព ទើប​លោក​សម្រេចចិត្ត​ឱ្យ​គេ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ខាងលើ បើ​ទោះជា​កីឡាករ​ថៃ​ជា​គូប្រកួត​របស់​គេ​ក៏​មាន​សមត្ថភាព​មិន​អាច​មើល​ស្រាល​បាន​ក្ដី ។

លោក​និយាយ​ថា វៀត ប៊ុ​ន​ឌឿ​ន ដ្បិតថា​មិនមែន​ជា​ម្ចាស់​ជើងឯក​ប៉ុន្តែ​ការ​ប្រកួត​កន្លង​មក​របស់​គេ ក៏​មាន​លទ្ធផល​ជា​វិជ្ជមាន​ច្រើន​ដែរ ទើប​លោក​សម្រេចចិត្ត​ដាក់​ឱ្យ​ប្រកួត​ជាមួយ​កីឡាករ Yorth Mongkul ដែល​ជា​ជើង​ខ្លាំង​ម្នាក់ ។ កីឡាករ​ថៃ ទើបតែ​ធ្លាប់​ប្រកួត​៥៩​លើក ឈ្នះ​៥១​លើក និង​ចាញ់​៨​លើក ប៉ុន្តែ​បើ​មើល​លើ​សមត្ថភាព​របស់​កីឡាករ​រូប​នេះ​មិន​អាច​មើល​ស្រាល​បាន​ឡើយ ។ ដោយឡែក សម្រាប់​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​៧២​លើក ឈ្នះ​៥៧​លើក ចាញ់​១៣​លើក និង​ស្មើ​២​លើក ។

សម្រាប់​កីឡាករ សូត្រ ប៊ុ​ន​ធី មក​ពី​ក្លិប​បក្សា​ស្លាប​ដែក លោក​ញាណ សុធី បញ្ជាក់​ថា គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ​ដូច​គ្នា​ឈ្មោះ Phik Rabkhav នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​របស់​ស្រា​បៀរ Black Cat នៅ​យប់​ថ្ងៃអាទិត្យ​នោះ​ដែរ​។

លោក​ថា ការ​ប្រកួត​របស់​គូ​នេះ​នៅ​មិន​ទាន់​ដឹង​ថា​អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ ក្នុង​ពេល​ដែល សូត្រ ប៊ុ​ន​ធី ដ្បិតថា​ល្បីឈ្មោះ​តែ​ការ​ប្រកួត​ពេល​ខ្លះ​ក៏​ល្អ ហើយ​ពេល​ខ្លះ​ក៏​ធ្លាក់ដៃ​ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ពិបាក​ស្ទង់​សម្រាប់​សមត្ថភាព​ចុង​ក្រោយ​របស់​គេ ។ លោក​ថា កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៦៥​លើក ឈ្នះ​៥២​លើក និង​ចាញ់​១៣​លើក រីឯ​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​៨៤​លើក ឈ្នះ​៦៨​លើក ចាញ់​១៣​លើក និង​ស្មើ​៤​លើក​នៅ​លើ​សង្វៀន ។ នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ពេល​ព្រឹក​នៅ​លើ​សង្វៀន​អាស៊ី​អាគ្នេយ៍​ថ្ងៃអាទិត្យ​នោះ​ដែរ ក៏​មានការ​ប្រកួត​អន្តរជាតិ​ផង​ដែរ ។

ដោយឡែក​នៅ​លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​ជ្រោយចង្វា​ឯណោះ​វិញ ក៏​មានការ​ប្រកួត​ដ៏​សំខាន់​ផង​ដែរ​នៅ​ក្នុង​ព្រឹត្តិការណ៍ TV5 Knock Out Series ក្នុង​វគ្គ​៣២​នាក់​យក​១៦​នាក់​សម្រាប់​វគ្គ​បន្ត​នៅ​ថ្ងៃ​សៅរ៍​នេះ​ចាប់ពី​ម៉ោង​៥​ល្ងាច​តទៅ​៕