សមាជិក CONMEBOL ចំនួន៤ចូលរួមដេញថ្លៃរួមគ្នាធ្វើម្ចាស់ផ្ទះ World Cup 2030
បរទេស ៖ សមាជិកសមាគមបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) ចំនួន៤រួមមាន អាហ្សង់ទី
បរទេស ៖ សមាជិកសមាគមបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) ចំនួន៤រួមមាន អាហ្សង់ទី
បរទេស ៖ សមាជិកសមាគមបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) ចំនួន៤រួមមាន អាហ្សង់ទីន ឈីលី អ៊ុយរ៉ាហ្គាយ និងប៉ារ៉ាហ្គាយ បានប្រកាសដាក់ដេញថ្លៃរួមគ្នា ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup ឆ្នាំ ២០៣០។ នេះបើយោងតាមប្រភពពី BBC ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ នេះ។
ព្រឹត្តិការណ៍ World Cup បានប្រសូតឡើងជាលើកដំបូងនៅក្នុងឆ្នាំ ១៩៣០។ ហើយឆ្នាំនោះ អ៊ុយរ៉ាហ្គាយគឺជាម្ចាស់ផ្ទះលើកដំបូងបំផុតរបស់ប្រវត្តិសាស្ត្រ។ ហើយអ្វីកាន់តែពិសេសទៅទៀតនោះ ពួកគេក៏ជាម្ចាស់ជើងឯកផងដែរ ក្រោយយកឈ្នះលើអាហ្សង់ទីនដោយលទ្ធផល ៤-២។ ដូច្នេះអ៊ុយរ៉ាហ្គាយចង់នាំយកការប្រកួតប្រជែងបាល់ទាត់ដ៏អស្ចារ្យ និងធំបំផុតរបស់ពិភពលោកមួយនេះ ត្រឡប់មកវិញម្តងទៀត ចំពេលនៃការប្រារព្ធខួប១០០ឆ្នាំរបស់ខ្លួន។
ប្រទេសឈីលី ក៏ធ្លាប់ធ្វើជាម្ចាស់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះម្តងផងដែរ នៅក្នុងឆ្នាំ ១៩៦២។ ដោយគ្រានោះ ពួកគេបញ្ចប់ទៅត្រឹមចំណាត់ថ្នាក់លេខ៣ តាមរយៈការឈ្នះយូហ្គោស្លាវីលទ្ធផល ១-០។ ចំណែកឯអាហ្សង់ទីន ក៏ធ្លាប់ធ្វើម្ចាស់ផ្ទះម្តងផងដែរ នៅក្នុងឆ្នាំ ១៩៧៨។ ហើយក៏ជាឆ្នាំដែលពួកគេឈ្នះជើងឯកផងដែរ ក្រោយយកឈ្នះលើហូឡង់ដោយលទ្ធផល ៣-១។ ខណៈដែលប៉ារ៉ាហ្គាយ មិនធ្លាប់ធ្វើជាម្ចាស់ផ្ទះម្តងណាឡើយ។
លោក Alejandro Dominguez ប្រធានសហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) បាននិយាយថា នេះគឺជាសុបិននៃទ្វីបមួយនេះ។ ខណៈដែលប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់ក៏បានប្រកាសពីការដេញថ្លៃធ្វើជាម្ចាស់ផ្ទះរួមគ្នាផងដែរ។
គួរបញ្ជាក់ថា ការប្រកួត World Cup ឆ្នាំ ២០២២ នឹងត្រូវធ្វើឡើងនៅប្រទេសកាតា ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។ ខណៈដែលកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិកនឹងក្លាយជាម្ចាស់ផ្ទះរួមគ្នានៅឆ្នាំ ២០២៦។ ចំណែកឯនៅឆ្នាំ ២០២៤ សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) គ្រោងនឹងជ្រើសរើសម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍នៅឆ្នាំ ២០៣០៕
ចែករំលែកព័តមាននេះ