ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍ការអញ្ជើញមកដល់កម្ពុជារបស់លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន នៅរាត្រីថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ នេះ។ លោក វ៉ាង យី (Wang Yi) បានអញ្ជើញមកកម្ពុជា ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សម្តេចតេជោ ហ៊ុន សែន បន្តថា កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ បាន និងកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ (AMM) និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ តាមទម្រង់ដោយផ្ទាល់។
សូមរម្លឹកថា មកដល់ថ្ងៃទី២សីហានេះ រដ្ឋមន្ត្រីការបរទេសប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូជាច្រើន បានធ្វើដំណើរជាបន្តបន្ទាប់ មកដល់រាជធានីភ្នំពេញហើយ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានប្រាប់កាសែតថា រដ្ឋមន្ត្រីការបរទេស និងអ្នកតំណាង មកពី ៣៧ប្រទេស នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ នាពេលនេះ។ ក្នុងនោះ មានរដ្ឋមន្ត្រីប្រទេសមហាអំណាច អញ្ជើញមកចូលរួមដោយផ្ទាល់ រួមមាន អាមេរិក ចិន ជប៉ុន និងរុស្ស៊ី ជាដើម។
តាមកម្មវិធី ដែលបានគ្រោងទុក កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ នឹងប្រារព្ធពិធីបើកកិច្ចប្រជុំជាផ្លូវការ នៅព្រឹកថ្ងៃទី៣ ខែសីហា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២នេះ។ បន្ទាប់មក រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងប្រជុំពេញមួយថ្ងៃ។
ចំណែកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នឹងធ្វើឡើងនៅថ្ងៃទី៤ និងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។ ក្នុងនោះ នៅថ្ងៃទី៤ ខែសីហា មានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងកិច្ចប្រជុំពាក់ព័ន្ធ រួមមាន៖ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-កូរ៉េ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ជប៉ុន កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អង់គ្លេស កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-បូក៣ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ឥណ្ឌា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-កាណាដា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អូស្ត្រាលី កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ញូវហ្សេឡេន កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អឺរ៉ុប កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ី។
ចំណែកនៅថ្ងទី៥ ខែសីហា ឆ្នាំ២០២២ មានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ រួមមាន៖ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ីបូព៌ា និងវេទិកា តំបន់អាស៊ាន លើកទី២៩។
នៅចុងបញ្ចប់នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នាល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងធ្វើសន្និសីទកាសែត៕




ចែករំលែកព័តមាននេះ