ស្រាវជ្រាវ » បច្ចេកវិទ្យា

យុវជន​ម្នាក់​បង្កើត​ឆ្នាំង​សាក​ថ្ម​ទូរស័ព្ទ​ដំណើរការ​ដោយ​ថាមពល​ចេញពី​ខ្លួន​របស់​មនុស្ស

ដោយ ៖ សហការី   

ថ្ងៃពុធ ទី៤ ខែមករា ឆ្នាំ២០១៧ ម៉ោង ០៩:១៣   (04-01-2017 09:13)

យុវជន​ម្នាក់​បាន​បង្កើត​និង​កែ​ច្នៃ​ឆ្នាំង​សាក​ថ្ម​ទូរស័ព្ទ​ដែល​ប្រើប្រាស់​ថាមពល​ចេញពី​មនុស្ស​ដើម្បី​បាន​ថាមពល​អគ្គិសនី​សាក​ថ្ម​ទូរស័ព្ទ ។ យុវជន​ឆ្នើម​រូប​នោះ​ឈ្មោះ​Michael Vaga ជនជាតិ​បេឡា​រូស រស់នៅ​ទីក្រុង​Minks វ័យ​១៩​ឆ្នាំ ហើយ​បាន​ដាក់​ឈ្មោះ​ឧបករណ៍​ដែល​ខ្លួន​បង្កើត​ថា HandEnergy ឬ​ប្រែ​ថា​ដៃ​ថាមពល ។ 

ដៃ​ថាមពល​ជា​ឧបករណ៍​ដែល​បង្កើត​ថាមពល​អគ្គិសនី​តាម​រយៈ​ចលនារ​បស់ដៃ​សម្រាប់​ប្រើប្រាស់ ភ្លាម​ៗ​ក្នុង​ការ​សាក​ថ្ម​ឬ​អាច​រក្សា​ថាមពល​ក្នុង​HandEnergy សម្រាប់​ប្រើប្រាស់​សាក​ថ្ម​ទូរស័ព្ទ​នៅ​ពេល​ក្រោយ​បាន ។

យុវជន​នេះ​និយាយ​ថា រាល់ពេល​ដែល​ដៃ​របស់​អ្នកមាន​ចលនា នោះ​Rotor ឬ​ផ្នែក​វិល​នៃ​គ្រឿង​ម៉ា​ស៊ីន​នឹង​បង្កើត​ល្បឿន​របស់​វា ហើយ​បង្កើត​បាន​ថាមពល​អគ្គិសនី ។ ល្បឿន​មធ្យម​របស់​Rotor គឺ​៥០០០rpm ឬ​៥០០០​ជុំ​ក្នុង​មួយ​នាទី ។ យើង​ប្រែក្លាយ​ថាមពល​មេកា​និក​ទៅ​ជា​ថាមពល​អគ្គិសនី ហើយ​វា​មាន​ន័យ​ថា យើង​អាច​សាក​ថ្ម​ឧបករណ៍​អគ្គិ​សនី​របស់​អ្នក ។

Vaga និយាយ​ទៀត​ថា «​ខ្ញុំ​បាន​ចំណាយ​ពេលវេលា​ជាង​២​ឆ្នាំ​ក្នុង​ការ​បង្កើត​វា​ឡើង ហើយ​មូលហេតុ​នៃ​ការ​បង្កើត​នោះ​គឺ​សម្រាប់​មនុស្ស​ដែល​ចំណាយ​វេលា​ជា​ច្រើន​ឆ្ងាយ​ពី​ប្រភព​ថាមពល​ប្រើប្រាស់​សម្រាប់​ទូរស័ព្ទ ។ វា​ត្រូវការ​ចំណាយ​ពេលវេលា​ប្រហែល​ពី​៤០​នាទី​ទៅ​មួយ​ម៉ោង​ដើម្បី​សាក​ថ្ម​ឲ្យ​បាន​ពេញ​របស់​HandEnergy សម្រាប់​សាក​ថ្ម​ទូរស័ព្ទ ។ តែ​ប្រសិនបើ​អ្នក​សាក​ថ្ម​Energy ផង និង​សាក​ថ្ម​ទូរស័ព្ទ​ក្នុង​ពេល​តែ មួយ​ផង​នោះ ល្បឿន​សាក​ថ្ម​របស់​វា​នឹង​ថយ​ចុះ​៣០​ភាគរយ​ធៀប​នឹង​ល្បឿ​ង​សាក​ថ្ម​HandEnergy តែ​មួយ​មុខ​ឲ្យ​បាន​ពេញ​នោះ ។

យុវជន​វ័យ​១៩​ឆ្នាំ នេះ​បន្ត​ថា វា​ជា​ប្រភេទ​ឆ្នាំ​សាក​ថ្ម​ដ៏​ល្អ ហើយ​ក្នុង​ការ​ប្រើប្រាស់​ក្នុង​ពេល​ត្រូវការ​ថាមពល​អគ្គិសនី​មក​ប្រើប្រាស់​បន្ទាន់ តែ​អ្វី​ដែល​ល្អ​ជាង​នោះ​ទៅ​ទៀត វា​ជា​គំរូ​នៃ​ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​ស្អាត់​ល្អ​គ្មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន ។ HandEnergy នឹង​មាន​ដាក់​លក់​នៅ​ខែមីនា ឆ្នាំ​២០១៧ ហើយ​ត្រូវ​គេ​រំពឹងគិត​ថា វា​មាន​តម្លៃ​ប្រហែល​៩៩​អឺ​រ៉ូ ឬ​ប្រហែល​១០៤​ដុល្លារ​អា​មេ​រិ​ក ៕