ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ​ប្រជុំ​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​២០១៦ និង​ទិស​ដៅ​ឆ្នាំ​២០១៧

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​បាន​ប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​បូក​សរុប​ការងារ​ឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​អនុវត្ត​ឆ្នាំ​២០១៧ ដែល​កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត​ទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​០២

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​បាន​ប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​បូក​សរុប​ការងារ​ឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​អនុវត្ត​ឆ្នាំ​២០១៧ ដែល​កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត​ទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែមករា​នេះ ស្ថិត​ក្រោម​អធិបតីភាព​លោកនាយ​ឧត្តមសេនីយ៍  ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​មានការ​អញ្ជើញ​ចូលរួម​ពី​លោកនាយ​ឧត្តមសេនីយ៍ ប៉ុ​ល សា​រឿ​ន អគ្គមេបញ្ជាការ​នៃ កង​យោធពលខេមរភូមិន្ទ ព្រមទាំង​ឯកឧត្តម លោក​ជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ អគ្គមេបញ្ជាការ​រង​នៃ កង​យោធពលខេមរភូមិន្ទ អគ្គនាយក អគ្គនាយករង អគ្គនាយកដ្ឋាន នាយក​នាយករង នាយកដ្ឋាន និង​ស្ថាប័ន​ចំណុះ​ក្រសួងការពារជាតិ អគ្គ​បញ្ជាការដ្ឋាន​នៃ​កង​យោធពលខេមរភូមិន្ទ ជា​ច្រើន​រូប​ទៀត​។

នៅ​ក្នុង​ក្នុង​ឱកាស​បើក​កិច្ចប្រជុំ​នោះ​លោកនាយ​ឧត្តមសេនីយ៍ ទៀ​បាញ់​បាន​ធ្វើការ​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់ កង​យោធពលខេមរភូមិន្ទ ក្នុង​រយៈពេល​ពេញ​១​ឆ្នាំ នៃ​ឆ្នាំ​២០១៦​កន្លង​ទៅ ហើយ​នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​សកល​២០១៧​នេះ បាន​ជូនពរ​ឲ្យ​នាយទាហាន និង​ពល​ទាហាន​នៃ កង​យោធពលខេមរភូមិន្ទ ទាំងអស់​ទទួល​បាន​ជោគជ័យ​នៅ​គ្រប់ការ​បំពេញការងារ​។ លោក​ឧបនាយករដ្ឋមន្ត្រី បាន​បញ្ជាក់​ថា កិច្ចប្រជុំ​នេះ​នឹង​ត្រិះ​រិះ​ពិចារណា​លើ​ការ​កែទម្រង់​ថ្មី​ៗ ក្នុង​ការ​អនុវត្ត​នៅ​ឆ្នាំ​២០១៧ និង​ជា​ឆ្នាំ​មួយ​ឈាន​ចូល​ទៅ​ឆ្នាំ​២០១៨ ដែល​ជា​ឆ្នាំ​មួយ​មាន​សារៈសំខាន់​ដ៏​ខ្លាំង​សម្រាប់​មាតុភូមិ​កម្ពុជា ជា​ពិសេស​សម្រាប់ កង​យោធពលខេមរភូមិន្ទ កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​ដែល​មាន​តួនាទី​ភារកិច្ច​ចូលរួម​ទ្រទ្រង់ និង​អនុវត្ត​នូវ​នយោបាយ​របស់​ជាតិ នៅ​ក្នុង​ព្រឹត្តិការណ៍ នៃ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៤ និង​កិច្ច​ដំណើរការ​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​ឆ្នាំ​២០១៨ ឲ្យ​បាន​រលូន​ត្រឹមត្រូវ និង​យុត្តិធម៌​ពេញលេញ​តាម​ផ្លូវច្បាប់​។

សមាជិក​នៃ​កិច្ចប្រជុំ​ក៏​បាន​តាម​ស្តាប់​ដោយ​ការ​យកចិត្តទុកដាក់​លើ​របាយការណ៍​បូក​សរុប​ដែល​អាន​ដោយ​លោកនាយ​ឧត្តមសេនីយ៍ សំ វណ្ណ​ថន អគ្គលេខាធិការ​ក្រសួងការពារជាតិ ដែល​បាន​គូសបញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ កង​យោធពលខេមរភូមិន្ទ បាន​យកចិត្តទុកដាក់​ប្រមូលផ្តុំ​អនុវត្ត​សកម្មភាព​ការងារ​របស់​ខ្លួន ក្នុង​វិស័យ​ការពារ​ជាតិ​តាម​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​បទបញ្ជា​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។ លោកនាយ​ឧត្តមសេនីយ៍​បន្ត​ថា យកចិត្តទុកដាក់​ពង្រឹង​ខឿន​ការពារ​ជាតិ​នៅ​តាម​តំបន់​ព្រំដែន និង​បណ្តា​កោះ​មួយ​ចំនួន កែសម្រួល​កម្លាំង​ការពារ​ព្រំដែន​ធ្វើការ​តាមដាន​ក្តាប់​នូវ​រាល់​សភាពការណ៍​ប្រែប្រួល និង​ធ្វើការ​ល្បាត​ត្រួតពិនិត្យ​ការពារ​ភូមិសាស្ត្រ​ទទួលខុសត្រូវ​របស់​ខ្លួន​ជាប់​ជា​ប្រចាំ​ព្រមទាំង​បាន​បន្ត​កិច្ច​សហប្រតិបត្តិការ​ល្អជា​មួយ​ប្រទេស​ជិតខាង ដោះស្រាយ​បញ្ហា​ផ្សេង​ៗ​ដែល​កើតឡើង​ដោយ​សន្តិវិធី​។

ទន្ទឹម​នឹង​នេះ បាន​បន្ត​បញ្ជូន​កម្លាំង​ទៅ​បំពេញបេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆ័​ត្រ​របស់​អង្គការសហប្រជាជាតិ​បច្ចុប្បន្ន​មាន​៨៩២​នាក់ នៅ​សាធារណរដ្ឋ​ស៊ូ​ដង់​ខាងត្បូង លី​បង់ ម៉ា​លី នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​។ កម្ពុជា​ត្រូវ​បាន​អង្គការសហប្រជាជាតិ​វាយតម្លៃ​ជា​ប្រទេស​ជាប់​លំដាប់ថ្នាក់​លេខ​៣៥​ក្នុង​ចំណោម​១២១​ប្រទេស និង​ជាប់​លំដាប់ថ្នាក់​លេខ​៣​ក្នុង​ចំណោម​ប្រទេស​ក្នុង​អាស៊ាន​។ ក្រៅពី​នេះ​បាន​ម្ចាស់​ការ និង​សហការ​ចូលរួម​ពង្រឹង​ការ​អនុវត្ត​ច្បាប់​កសាង​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ធ្វើការ​បង្ការ និង​បង្ក្រាប​នូវ​រាល់​បទល្មើស​គ្រប់​ប្រភេទ ភាព​អនាធិបតេយ្យ​នានា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ការពារ​គណៈប្រតិភូ​ជាតិ និង​អន្តរជាតិ​នានា​ព្រះរាជ​ពិធីបុណ្យ​អំ​ទូក​បាន​ល្អ​ប្រសើរ​។

អង្គប្រជុំ​បាន​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​ដោយ​មាន​យកចិត្តទុកដាក់​ខ្ពស់​ទៅ​លើ​ផែនការ​ទិស​ដៅ​អនុវត្ត​ឆ្នាំ​២០១៧ ដោយ​ផ្តោត​សំខាន់​លើ​ការ​ពង្រឹង​ខឿន​ការពារ​ជាតិ​នៅ​តាម​តំបន់​ព្រំដែន​បន្ត​កិច្ច​សហប្រតិបត្តិការ​ល្អជា​មួយ​ប្រទេស​ជាតិ​ខាង​ចូលរួម​ពង្រឹង​សន្តិសុខ​សុវត្ថិភាព​សណ្តាប់ធ្នាប់​សាធារណៈ​សង្គម និង​ត្រៀមលក្ខណៈ​សម្បត្តិ ចូលរួម​ការពារ​សន្តិសុខ​សុវត្ថិភាព​ឲ្យ​យុទ្ធនាការ​ឃោសនា និង​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៤៕