ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​ប៊ី​យ៉ា និង​ស្នូកឃ័រ​ខិតខំ​រៀបចំ​ការ​ប្រកួត​ឱ្យ​បាន​ច្រើន​ដើម្បី​សម្រួច​គោលដៅ​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម​២០២៣

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក មូ​ន ម៉ា​រ៉ា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប៊ី​យ៉ា និង​ស្នូកឃ័រ​កម្ពុជា​បាន​លើក​

រាជធានី​ភ្នំពេញ ៖ លោក មូ​ន ម៉ា​រ៉ា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប៊ី​យ៉ា និង​ស្នូកឃ័រ​កម្ពុជា​បាន​លើក​ឡើង​ថា សហព័ន្ធ​កំពុង​ប្រឹងប្រែង​រៀបចំ​បង្កើត​សកម្មភាព​ប្រកួត​ផ្សេង​ៗ​ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ត្រៀមខ្លួន​ឆ្ពោះទៅ​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣​។ នេះ​បើ​តាម​ការ​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តី​ពី​ការ​ប្រកួត​កីឡា​ស្នូក​យ័រ KING SNOOKER
CUP 2022 នៅ​ល្ងាច​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២២ នៅ​ក្លិប KING SNOOKER SPORT CLUB សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

អគ្គលេខាធិការ​រូប​នេះ​គូសបញ្ជាក់​ថា ស្រប​ពេល​ប្រភេទ​កីឡា​ប៊ី​យ៉ា និង​ស្នូក​យ័រ​កំពុង​ត្រៀម
ខ្លួន​​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ដ៏​ធំ​ជា​ប្រវត្តិសាស្ត្រ​នេះ គឺ​សហព័ន្ធ​កំពុង​ខិតខំ​បង្កើត​ព្រឹត្តិ
ការណ៍​នានា​ឲ្យ​បាន​ច្រើន ដើម្បី​រួមចំណែក និង​សម្រិតសម្រាំង​ធនធាន​កីឡាករ​ឆ្នើម​ៗ សម្រាប់​ពេល​ខាង​មុខ ជា​ពិសេស​គឺ​គោលដៅ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ តែ​ម្តង​។ កីឡាករ​ឆ្នើម​ៗ ដែល​ដណ្តើម​បាន​ជ័យ​លា​ភី​ក្នុង​ព្រឹត្តិការណ៍ KING SNOOKER CUP 2022 នឹង​អាច​ទទួល​បាន​ឱកាស​ចូលរួម​ក្នុង​ក្រុម​ជម្រើសជាតិ​នា​ពេល​ខាង​មុខ ខណៈ​សហព័ន្ធ​នឹង​យក​ការ​ប្រកួត​កីឡា​ជាតិ នា​ខែវិច្ឆិកា ឆ្នាំ​២០២២ ក្រោម​ការ​រៀបចំ​របស់​ក្រសួង​អប់រំ យុវជននិង​កីឡា ជា​ការ​វាស់​ស្ទង់​គុណភាព សមត្ថភាព​របស់​កីឡាករ​បន្ថែម​។

លោក មូ​ន ម៉ា​រ៉ា សង្កត់ធ្ងន់​ថា ប្រធាន​សហព័ន្ធ ឯកឧត្តម ជុំ កុសល បាន​ណែនាំ និង​ដាក់​ផែនការ​បង្កើត​ការ​ប្រកួត​ឱ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ក្នុង​ការ​ត្រៀមលក្ខណៈ​គាប់ប្រសើរ​មួយ សម្រាប់​ការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ទាំងអស់ ទើប​ថ្ងៃនេះ​សហព័ន្ធ​នឹង​ជ្រើសរើស​កីឡាករ​ដោយ​ឆ្លងកាត់​ការ​ប្រកួត​មួយ​ក្នុង​វិញ្ញាសា​ស្នូកឃ័រ​បុរសគឺ​កម្មវិធី​ប្រកួត​កីឡា​ស្នូក​យ័រ​KING SNOOKER CUP ដែល​រួម​សហការ​ជាមួយ​ក្លិប​កីឡា​ស្នូកឃ័រ KING SNOOKER SPORT CLUB និង​មានការ​ចូលរួម​ឧបត្ថម្ភ​ពី​ភេសជ្ជៈ វីតាមីន Blue​។

ជាមួយ​គ្នា​នេះ ក្នុង​នាម​សហព័ន្ធ លោក​ក៏​បានអំពាវនាវ​ដល់​យុវជន​អាច​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត
ប្រជែង​ពានរង្វាន់​នេះ​បាន​ចាប់ពី​ពេល​នេះ​ទៅ​រហូត​ដល់​បិទ​បញ្ជី​នា​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២២​។ ការ​ប្រកួត​នេះ ត្រូវ​បាន​រៀបចំ​ជា​ពាន និង​ប្រាក់​រង្វាន់​ដល់​កីឡាករ ពី​ចំណាត់ថ្នាក់​លេខ​១​ដល់​លេខ​៣ អម​ដោយ​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ផ្សេង​ៗ ដែល​ទំហំ​ទឹកប្រាក់​សរុប​ស្មើនឹង ៥​ទៅ​៦​លាន​រៀល ។ ការ​ប្រកួត​មាន​គណៈកម្មការ និង​អាជ្ញាកណ្តាល​របស់​សហព័ន្ធ និង​ក្លិប ហើយ​បទបញ្ជា​ការ​ប្រកួត យក​តាម​សហព័ន្ធ​ជាតិ និង​សហព័ន្ធ​អាស៊ី​។

ការ​ប្រកួត KING SNOOKER CUP មាន​រយៈពេល​៣​ស​ប្ដា​ហ៍ ដែល​មាន​វគ្គ​ជម្រុះ​ក្នុងពូ​ល វគ្គ​ជម្រុះ​ទម្លាក់ និង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ព្រមទាំង​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​ជ័យ​លា​ភី​តែ​ម្តង​។ វគ្គ​ជម្រុះ​ក្នុង​ពូ​លយ​ក​ពិន្ទុ​ដោយ​ប្រើ​៤​ហ្វ្រេ​ម វគ្គ​ជម្រុះ​ខ្វែង​ពូ​ល​ប្រើ​៥​ហ្វ្រេ​ម និង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ ប្រើ​៧​ហ្វ្រេ​ម​។

គួរ​បញ្ជាក់​ថា ក្នុង​ឱកាស​សន្និសីទ​សារព័ត៌មាន​នេះ ក៏​មានការ​ប្រកួត​មិត្តភាព​គូ​ពិសេស​រវាង​ជើង​ខ្លាំង​ដែល​ធ្លាប់​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម គឺ​កីឡាករ ម៉ែ​ន សុ​ផានិត និង​កីឡាករ សួន ឆាយ ដើម្បី​បង្ហាញ​បច្ចេកទេស និង​ចែករំលែក​បទ​ពិសោធ ក៏​ដូច​ជា​បើក​ទទួល​ពាក្យ​ចូលរួម​ប្រកួត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ