ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​បើក​កៀរ​! ម្ចាស់​រថយន្ត​ចោទប្រកាន់​ក្រុម​ម៉ូតូ​កង់​បី​ដេញ​តាម​វា​.​យ​កម្ទេច​រថយន្ត

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​បើករថយន្ត​បាន​ប៉ះ​ជាមួយ​ក្រុម​ម៉ូតូ​កង់​បី ដែល​មាន​រហ័ស​នាម​ថា

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បើករថយន្ត​បាន​ប៉ះ​ជាមួយ​ក្រុម​ម៉ូតូ​កង់​បី ដែល​មាន​រហ័ស​នាម​ថា «៩៨» ប​ណ្តោ​ល​អោយ​ខូចខាត​តិចតួច រួច​ក៏​បើក​រត់​ចេញពី​កន្លែង​កើតហេតុ នៅ​ខណ្ឌ​សែន​សុខ រហូត​មក​ដល់​ខណ្ឌទួលគោក ក៏​ត្រូវ​ភាគី​ខាង​ម៉ូតូ​កង់​បី លើកគ្នា​ប្រដេញ​តាម​ឃាត់​ទាន់ ក៏​នាំ​គ្នា​ព្រួត​វា​.​យ​កម្ទេច​រថយន្ដ និង​ម្ចាស់​រថយន្ត ប​ណ្តោ​ល​អោយ​រង​របួសធ្ងន់ នៅ​តាម​ផ្លូវ​១៩៨៦ ចំណុច​មុខ​ក្លិប DOT សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​តាម​បណ្តោយ​ផ្លូវ​៥៩៨ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​១ ម្តុំ​ស្តុ​ប​រង្វង់​មូល​កាំ​កូ ខណ្ឌទួលគោក ។

សេចក្តីរាយការណ៍​បន្ត​ថា រថយន្ត​រង​គ្រោះ​ខាងលើ​ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2BQ-9483 រង​ការ​ខូចខាត​បែក​កញ្ចក់​ទាំង​សង្ខាង និង​ក្រពឹត​តួ​រថយន្ត រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ចំណែក​​ម្ចាស់​រថយន្ត​របួស​បែកក្បាល និង​ជាំភ្នែក​ផង​ដែរ​។

បើ​តាម​ប្រភព​ពី​ម្ចាស់​រថយន្ត​រង​គ្រោះ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ គាត់​ទើបនឹង​ចេញពី​ក្លិប​កម្សាន្ត​យីហោ «DOT» ខណៈ​ពេល​បើករថយន្ត​ចេញ​មក ក៏​បាន​បើក​កៀរ​កញ្ចក់​ម៉ូតូ​កង់​បី​គ្រឿង ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា ។ ភ្លាម​ៗ​នោះ គាត់​គិត​ថា មិន​ខូចខាត​អ្វី​ធ្ងន់ធ្ងរ ក៏​បាន​បើករថយន្ត​ចេញ ស្រាប់តែ​ក្រុម​ម៉ូតូ​កង់​បី​ដែល​គេ​ស្គាល់​ថា រហ័ស​នាម «98 Team» ជា​ក្រុម​កាង​នៅ​ផ្លូវ​១៩៨៦ បាន​​នាំ​គ្នា​ជិះ​ប្រដេញ​តាម​រថយន្ត​របស់​គាត់​មាន​ទាំង​ម៉ូតូ និង​កង់​បី​ឥណ្ឌា ជា​ច្រើន​គ្រឿង ។

ម្ចាស់​រថយន្ត​ខាងលើ​បន្ត​ថា ដោយ​ឃើញ​ដូច្នោះ រូប​គាត់ (​ម្ចាស់​រថយន្ត​) ក៏​បាន​បន្ថែម​ល្បឿន​បើក​រត់គេច​ខ្លួន រហូត​មក​ដល់​ចំណុច​ស្តុ​ប​រង្វង់​មូល​កាំ​កូ តាម​ផ្លូវ​៥៩៨ បាន​អែប​រថយន្ត​អោយ​ប្រជាពលរដ្ឋ​ជួយ ។ ភ្លាម​ៗ​នោះ ក្រុម​អ្នក​រត់​ម៉ូតូ​កង់​បី​រហ័ស​នាម «៩៨» បាន​មក​ដល់​ក៏​នាំ​គ្នា​ព្រួត​វា​.​យ​រថយន្ត និង​ដុំ​ថ្ម មួក​ការពារ​សុវត្ថិភាព បណ្តាល​ឲ្យ​រថយន្ត​បែក​កញ្ចក់​ទាំង​សង្ខាង និង​ក្រពឹត​ខូចខាត​យ៉ាងដំណំ ។ ចំណែក​រូប​គាត់ (​ម្ចាស់​រថយន្ត​) ក៏​ត្រូវ​ក្រុម​ជន​បង្ក​ព្រួត​គ្នា​វា​.​យ បណ្តាល​ឲ្យ​បែកក្បាល​ខាងក្រោយ និង​ជាំភ្នែក​ខាងស្តាំ​។ បន្ទាប់​ពី​បង្កហេតុ ក្រុម​បក្សពួក​ខាង​ម៉ូតូ​កង់​បី​បាន​បោះពាក្យ​សម្តី​ថា «​ហ្អែ​ង ប៉ះ​បងប្អូន​អញ វា​.​យ ហ្អែ​ង​អោយ​ងា​.​ប់​» ។

ក្រោយ​ពេល​មានការ​ភ្ញាក់ផ្អើល ម្ចាស់​រថយន្ត​បាន​សួរ​រក​កង់​បី​រង​គ្រោះ តែ​រក​ឃើញ​ស្នាម​ប៉ះ​ខូចខាត​តិចតួច ហើយ​ខាង​ម៉ូតូ​កង់​បី បាន​ប្រាប់​ថា ប៉ះ​ម៉ូតូ​គេ​ផ្សេង​ទៀត​។ ម្ចាស់​រថយន្ត​បាន​សួរ​រក​ភាគី​រង​គ្រោះ​អោយមក​ដោះស្រាយ​ជាមួយ​គាត់ បើ​គាត់​ប៉ះពារ​អោយ​មាន​អ្នក​រង​របួស និង​ខូចខាត​របស់ទ្រព្យ គាត់​ជា​អ្នក​ចេញ​សង ។

ក្រោយ​កើតហេតុ បន្ទាប់​ពី​បង្កហេតុ ភាគី​ខាង​ម៉ូតូ​កង់​បី​បាន​នាំ​គ្នា​រត់គេច​ចេញពី​កន្លែង​កើតហេតុ​បាត់​អស់​។ នៅ​សល់​តែ​រថយន្ដ និង​ម៉ូតូ​កង់​បី ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌទួលគោក ប្រគល់​អោយ​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ ចាត់ការ​បន្ត​តាម​នីតិវិធី ។

ហើយ​ក្នុង​ហេតុការណ៍​នេះ ប្រជាពលរដ្ឋ​សង្ឃឹមថា សមត្ថកិច្ច​នឹង​មាន​ចំណាត់ការ​ទៅ​លើ​ក្រុម​បង្ក​ដែល​នាំ​គ្នា​ព្រួត​វា​.​យ​គេ ហើយ​ដើរ​ចេញ​ទៅ​បាត់ ធ្វើ​ដូច​គ្មាន​រឿង​អ្វី​កើតឡើង​អ​ញ្ចឹ​ង ។

យ៉ាងណា​ម៉ិ​ញ សារព័ត៌មាន​កោះសន្តិភាព នឹង​រង់ចាំ​មើល​ថា តើ​ខាង​ភាគី​ម៉ូតូ​កង់​បី នឹង​មានការ​បកស្រាយ​យ៉ាងណា​ទៅ​វិញ ចំពោះ​ការ​ចោទប្រកាន់​របស់​ភាគី​ខាង​ម្ចាស់​រថយន្ត? ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ