ខេត្តប៉ៃលិន៖ ក្មេងស្រី ៣នាក់ រងរបួសធ្ងន់ស្រាល ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ខណ:ពេលបើកបរម៉ូតូស្របទិសគ្នាជាមួយនឹងរថយន្តដឹកដី លុះពួកគេបើកម៉ូតូវ៉ាជែងត្រង់ផ្លូវបំបែកជាបី មិនដឹងថា រថយន្តស៊ីញ៉ូបត់ឆ្វេង ខណ:ពេលទៅដល់ខាងមុខក្លោងទ្វាវត្តអូររអិល ក៏ជាន់ហ្រ្វាំងមិនជាប់ បណ្តាលឱ្យជ្រុលចង្កូតទៅបុករថយន្ដអូសដួល រងរបួសតែម្ដង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ០៥ និង ១០នាទី ល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចក្លោងទ្វារផ្លូវចូលវត្តអូររអិល ស្ថិតក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឱ្យរងរបួសចំនួន ០៣នាក់ គឺរងរបួសធ្ងន់ ០២នាក់ និងរបួសស្រាល ម្នាក់។ រីឯម៉ូតូ ត្រូវខូចខាត កម្រិតស្រាល។
ប្រភពព័ត៌មានពីនគរបាល បានឱ្យដឹងថា អ្នកបើកបរម៉ូតូ មានឈ្មោះ ពុត ធីតា ភេទស្រី អាយុ ១៥ឆ្នាំ (រងរបួសចំមុខ និងក្បាលមធ្យម) បើកបរម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CS-5040 ពាក់មួកសុវត្ថិភាព។ រីឯអ្នករួមដំណើរទី១. ឈ្មោះ វ៉ាន់ ម៉ារីយ៉ា ភេទស្រី អាយុ ១៥ឆ្នាំ (របួសក្បាលធ្ងន់ធ្ងរ) មិនពាក់មួកសុវត្ថិភាព ទី២. ឈ្មោះ លឹម លីណា ភេទស្រី អាយុ ១៥ឆ្នាំ ពាក់មួកសុវត្ថិភាព រងរបួសបាក់ភ្លៅ។ ជនរងគ្រោះទាំងបីនាក់ រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ចំណែកអ្នកបើកបររថយន្តមានឈ្មោះ យឹម វឌ្ឍនា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅរស់នៅភូមិលាវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយបើកបររថយន្ដដឹកដី ពាក់ស្លាកលេខ បន្ទាយមានជ័យ 3A-6042។
នពេលកើតហេតុ គេឃើញរថយន្តដឹកដី ១គ្រឿង បើកបរ ក្នុងទិសដៅពីលិចទៅកើត ហើយក៏មានម៉ូតូ ១គ្រឿង បើកបរក្នុងទិសដៅស្របគ្នា លុះដល់កន្លែងកើតហេតុ ស្រាប់តែរថយន្តស៊ីញ៉ូបត់ឆ្វេង រីឯម៉ូតូក្មេងស្រីរងគ្រោះ ក៏បើកបរបម្រុងវ៉ាជែង លុះចាប់ហ្វ្រាំង មិនទាន់ ក៏បុកឡាន បណ្តាលឱ្យដួល រងរបួសធ្ងន់ស្រាល។
ជនរងគ្រោះទាំង ០៣នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ ចំណែកឯម៉ូតូ និងរថយន្ដខាងលើ ត្រូវបានដកហូត យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕ នីយ៉ា





ចែករំលែកព័តមាននេះ