កសិដ្ឋាន​ចិញ្ចឹម​មាន់​២​កន្លែង​ក្នុងស្រុក​កៀនស្វាយ កំពុង​បំពុលបរិស្ថាន​ប៉ះពាល់​ដល់​សុខភាព


ខេត្តកណ្តាល ៖ កសិដ្ឋាន​ចិញ្ចឹម​មាន់​២​កន្លែង​នៅ​ក្នុងស្រុក​កៀនស្វាយ​កំពុង​បំពុលបរិស្ថាន​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​យ៉ាងធ្ងន់ធ្ងរ​នា​រដូវ​ខ្យល់​បក់​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​រស់នៅ​ជុំវិញ​កសិដ្ឋាន​ចិញ្ចឹម​មាន់​នោះ​មាន​អាកា​រៈ​ឈឺ​ថ្កាត់​ស្ទើរ​គ្រប់​ៗ​គ្នា​។ កសិដ្ឋាន​ចិញ្ចឹម​មាន់​២​កន្លែង​នេះ​មាន ទី​១.​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ចំ​ពីមុខ​វត្ត​កោះ​ស​ត្ថា​រាម ស្ថិត​ក្នុងភូមិ​ចិន​កោះ ឃុំ​គគីរ ដែល​មាន​យីហោ (​ម៉ាក់​អា​ម៉ី​) និង​មួយ​កន្លែង​ទៀត​មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវជាតិ​លេ​១ ចំ​ពីមុខ​ខ្លោងទ្វារ​ចូល​វត្ត​ខ្សុំ ស្ថិត​ក្នុងភូមិ​ខ្សុំ ឃុំ​បន្ទាយដែក គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​។

ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​កសិដ្ឋាន​ចិញ្ចឹម​មាន់​ទាំង​២​កន្លែង​ខាងលើ បាន​លើក​ឡើង​ដូច​ៗ​គ្នា​ថា កសិដ្ឋាន​ចិញ្ចឹម​មាន់​នេះ​បាន​ដំណើរការ​យូរ​ឆ្នាំ​ហើយ បាន​ជះក្លិន​ស្អុយ​អា​សោច​ខ្លាំង​ណាស់ ជា​ពិសេស​ពេល​ខ្យល់​បក់​មក​ម្តង​ៗ​ចង់​ឈ្លក់​ឆួល​ពេញ​ច្រមុះ​ហូប​បាយ​ស្ទើរតែ​ចង់​ក្អួតចង្អោរ បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ចាស់ ក្មេង​ឧស្សាហ៍​មានការ​ឈឺ​ថ្កាត់​គ្រប់​ៗ​គ្នា ជា​ពិសេស​ព្រះសង្ឃ​ក្នុង​វត្ត​ក៏​ប៉ះពាល់​ដែរ ហើយ​សូ​ម្បី​តែ​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១​ពេល​មក​ដល់​ចំណុច​កសិដ្ឋាន​ចិញ្ចឹម​មាន់​នេះ​ឈឺក្បាល​វិលមុខ​បើកបរ​មិន​ចង់​កើត​។

ប្រជាពលរដ្ឋ​បាន​ធ្វើការ​រិះគន់​យ៉ាង​ខ្លាំង​ទៅ​លើ​អាជ្ញាធរ​ឃុំ ស្រុក​កៀនស្វាយ ជា​អ្នក​បើកដៃ​ឲ្យ​កើត​មាន​កសិដ្ឋាន​ចិញ្ចឹម​មាន់នៅ​ក្បែរ​ផ្ទះ​ពួក​គាត់​នេះ​គឺ​ដើម្បី​ទទួល​បាន​លាភសក្ការៈ​ពី​ម្ចាស់​កសិដ្ឋាន​ដោយ​មិន​គិត​ពី​ការ​ប៉ះពាល់​ដល់​ពលរដ្ឋ​ឡើយ ជា​ពិសេស​ទីកន្លែង​វត្ត​អារាម​គឺជា​កន្លែង​រក្សា​ភាព​ស្ងៀមស្ងាត់​ស្រូប​យក​ខ្យល់អាកាស​ល្អ​សម្រាប់​ព្រះសង្ឃ​ប្រតិបត្តិ​ធម៌អាថ៌ និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ លោក​យាយជី​តាជី​សាង​បុណ្យ​រក្សាសីល​មិន​គួរ​ណា​អាជ្ញាធរ​ស្រុក​មួយ​នេះ​បណ្តែតបណ្តោយ​ឲ្យ​កើត​មាន​កសិដ្ឋាន​ចិញ្ចឹមសត្វ​នៅ​ក្នុងភូមិ និង​មុខ​វត្ត​អារាម​បែប​នេះ​សោះ ហើយ​បង្ហូរទឹក​លាង​លាមក​មាន់​ចូល​ក្នុង​ទឹកស្រះ​លោក​ជីក​ទុក​សម្រាប់​ប្រើប្រាស់​ឡើង​ស្អុយ យក​ទឹក​ប្រើ​លែង​កើត​ទៀត​ផង​។

ពាក់​ព​ន្ធ័​កសិដ្ឋាន​ចិញ្ចឹម​មាន់​២​កន្លែង​ក្នុងស្រុក​កៀនស្វាយ​ជះក្លិន​ស្អុយ​អា​សោច​បំពុលបរិស្ថាន​ប៉ះពាល់​សុខភាព​ពលរដ្ឋ​នេះ លោក ឈុ​ន វណ្ណៈ ប្រធាន​ការិយាល័យ​បរិស្ថាន​ស្រុក​បាន​ឲ្យ​ដឹង​តាម​ទូរ​សព្ទ័ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែធ្នូ ថា កសិដ្ឋាន​ដែល​មាន​យីហោ (​ម៉ាក់​អា​ម៉ី​) មិនមែន​កន្លែង​ចិញ្ចឹម​មាន់​ទេ គ្រាន់តែ​ជា​កន្លែង​ស្តុ​ប ឬ​ធ្វើ​មាន់​ទុក​ឲ្យ​ម៉ូយ​មក ព្រោះ​ឃើញ​មាន​ម៉ាស៊ីន​បោច​មាន់នៅ​ក្នុង​នោះ​។

រីឯ​កសិដ្ឋាន​នៅ​មុខ​វត្ត​ខ្សុំ គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​នេះ ក៏​រូប​លោក​មិន​ទាន់​បាន​ធ្វើការ​ត្រួតពិនិត្យ​ដែរ ព្រោះ​គេ​សុទ្ធតែ​សូម​ច្បាប់​ខាង​ពេទ្យសត្វ​។ តែ​ចំពោះ​បញ្ហា​បរិស្ថាន​រូប​លោក​សូម​អរគុណ​ចំពោះ​អ្នក​សារព័ត៌​មានបាន​ជួយ​ប្រាប់​ឲ្យ​ដឹង ចាំ​រូប​លោក​ចុះ​ទៅ​ពិនិត្យ និង​ឲ្យ​ម្ចាស់​កសិដ្ឋាន​ទាំង​២​កន្លែង​នេះ​ធ្វើ​កិច្ចសន្យា​កែសម្រួល ធ្វើ​ម៉េច​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​៕

បរិស្ថាន

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

To Top

ការស្ទង់មតិគេហទំព័រថ្មី




Please leave this field empty.

សូម​អរគុណ