ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហ​ព័ន្ធ​​ប្រដាល់​កម្ពុជា-​ថៃ ត្រៀម​រៀបចំ​ការ​ប្រកួត​ពិសេស​ ​មិន​ធ្លាប់​មាន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​មានការ​គាំទ្រ​ពី​សហ​ព​ន្ធ័​កីឡាប្រដាល់​កម្ពុជា និង​នាយកដ្ឋាន​ជំរុញ​វប្បធម៌​នៃ​ក្រសួង​វប្បធម៌ ព្រះរាជា​ណា​ចក្រ​ថៃ ព្រមទាំង​ក្រុម​សម្ព​ន្ធ័​ប្រដាល់​ថៃ ក្រុមហ៊ុន Bridge Marketing Services និង ក្រុមហ៊ុន Mauy Thai Alliance បាន​

រាជធានី​ភ្នំពេញ ៖ ដោយ​មានការ​គាំទ្រ​ពី​សហ​ព​ន្ធ័​កីឡាប្រដាល់​កម្ពុជា និង​នាយកដ្ឋាន​ជំរុញ​វប្បធម៌​នៃ​ក្រសួង​វប្បធម៌ ព្រះរាជា​ណា​ចក្រ​ថៃ ព្រមទាំង​ក្រុម​សម្ព​ន្ធ័​ប្រដាល់​ថៃ ក្រុមហ៊ុន Bridge Marketing Services និង ក្រុមហ៊ុន Mauy Thai Alliance បាន​សហការ​គ្នា​រៀបចំ​ព្រឹត្តិការណ៍​ប្រកួតប្រជែង​ដណ្ដើម​ជើងឯក ដោយ​មាន​កីឡាករ​ពី​ព្រះរាជាណាចក្រ​កម្ពុជា ព្រះរាជាណាចក្រ​ថៃ និង​​កីឡាករ​មក​ពី​បណ្ដា​ប្រទេស​នានា​ជា​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ាន ។

ព្រឹត្តិការណ៍​នេះ​គឺជា​ការ​ប្រកួត​លក្ខណៈ​ពិសេស មិន​ធ្លាប់​មាន​នោះ គឺ​ប្រកួត​តែ​១​ទឹក​យកឈ្នះ​ចាញ់​តែ​ម្ដង ដែល​ខុស​ពី​ការ​ប្រកួត​រាល់ដង​ត្រូវការ​ដល់​ទៅ​៥​ទឹក​ទើប​សម្រេច​ឈ្នះ​ចាញ់ ។

ថ្លែង​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​យោគយល់​រវាង​ក្រុមហ៊ុន Bridge Marketing Services Co.,Ltd របស់​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រុមហ៊ុន Mauy Thai Alliance របស់​ថៃ កាលពី​ថ្ងៃ​ទី ២៧ ធ្នូ ២០១៦ នៅ​សណ្ឋាគារ Sun & Moon តែម ម៉ឺន ប្រធាន​សហ​ព​ន្ធ័​ប្រដាល់​កម្ពុជា បាន​មាន​ប្រសាសន៍​ថា  នេះ​គឺជា​ទម្រង់​ប្រដាល់​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន ដែល​សហ​ព​ន្ធ័​បាន​រៀបចំ​ការ​ប្រកួត ដោយ​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​បែប​អន្តរជាតិ ជាមួយនឹង​ការ​លើក​ស្ទួយ​កីឡាករ​ចាស់​ៗ របស់​កម្ពុជា ដើម្បី​រក​ប្រាក់​ចំណូល​បន្ថែម ដែល​ជា​រឿង​ដ៏​សំខាន់​ណាស់ ។

លោក​ថា​៖« លក្ខ​ខ​ន្តិ​កៈ នៃ​ការ​ជ្រើសរើស​កីឡាករ​ទៅ​ប្រកួត​ត្រូវ​មាន​អាយុ​ចាប់ពី ៣៦ ដល់​៤០​ឆ្នាំ  ហើយ​មួយ​ប្រភេទ​ទៀត គឺ​កីឡា​ករ​ត្រូវ​មាន​អាយុ​ចាប់ពី ៤១​ឆ្នាំ​ដល់​៤៥​ឆ្នាំ ដែល​កម្ពុជា​យើង​មាន​កីឡា​ច្រើន​ដូច​ជា អេ​ភូ​ថង សេន ប៊ុ​ន​ថេ​ន នួន ភី​រម្យ​ជាដើម» ។

លោក​ហង្ស សូ​រិ​យា ប្រធាន​ក្រុមហ៊ុន  Bridge Marketing Services Co.,Ltd ដែល​ជា​ក្រុមហ៊ុន​ក្នុងស្រុក​របស់​កម្ពុជា និង​ជា​ក្រុមហ៊ុន​រៀបចំ​ព្រឹត្តិការណ៍​ប្រដាល់​នេះ បានអោយ​ដឹង​ថា ព្រឹត្តិការណ៍​នេះ នឹង​ធ្វើ​អោយ​កីឡាករ​កម្ពុជា មានឱកាស​បង្ហាញ​សមត្ថ​ភាព នៅ​លើ​ឆាក​អន្តរជាតិ តាម​រយៈ ការ​ប្រកួត​ជាមួយ​កីឡាករ​ថៃ ហើយនឹង​មានការ​ផ្សាយ​ផ្ទាល់​នៅ​ទូរទស្សន៍​របស់​ថៃ និង​ផ្សាយ​បន្ត​ផ្ទាល់​នៅ​ទូរទស្សន៍​នៅ​កម្ពុជា​យើង​ផង​រៀងរាល់ថ្ងៃ​ពុធ ពេល​រាត្រី ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន Bridge Marketing Services ថា គោលបំណង​នៃ​ការ​រៀបចំ​ព្រឹ​តិ្ត​ការណ៍​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​នេះ នឹង​ជួយ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​បណ្ដា​ប្រទេស​ជា​មិត្ត នៅ​ក្នុង​សហគមន៍​អាស៊ាន​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​និង​សាមគ្គី​គ្នា ជា​ប្រជាជាតិ​តែ​មួយ​ដោយ​មាន​ទស្សនៈកិច្ច​វិស័យ​តែ​មួយ អត្តសញ្ញាណ​តែ​មួយ និង​សហគមន៍​តែ​មួយ គឺ​ដើម្បី​ការ​រីក​ចម្រើន​ខាង​វិស័យសេដ្ឋកិច្ច និង​សុខ​សន្តិភាព​នៅ​ក្នុង​ប្រជាជាតិ​អាស៊ាន​ទាំងមូល ។

ក្នុង​នោះ​ដែរ វា​បាន​ជួយ​ដល់​កីឡាករ​ប្រដាល់​វ័យក្មេង​ជំនាន់​ក្រោយ ដោយ​ផ្ដល់​ឱកាស​ដល់​ពួក​គេ​បាន​មក​បង្ហាញ​សមត្ថភាព​នៅ​លើ​សង្វៀន​ប្រដាល់​ជា​ខ្នាត​អន្តរជាតិ​ដើម្បី ដណ្ដើម​ជើងឯក​និង​ប្រាក់​រង្វាន់ ។ ម្យ៉ាងទៀត​វា​ក៏​អាច​ជួយ​លើក​ស្ទួយ​ដល់​កីឡាករ​ប្រដាល់​ចាស់​ៗ ដែល​បាន​ចូល​និវត្តន៍​ទៅ​ហើយ ដែល​ពួក​គាត់​ស្ទើរតែ​គ្មាន​ឱកាស​បាន​វិល​មក​កាន់​សង្វៀន​ប្រដាល់​សោះ​នោះ ឱ្យ​ពួក​គាត់​បាន​មានឱកាស​ដ៏​ប្រពៃ​វិល​មក​ប្រកួតប្រជែង​ដណ្ដើម​ជើងឯក​រវាង​កីឡាករ ដែល​មាន​លក្ខណៈ​ដូច​គ្នា​នេះ​ដែរ មក​ពី​បណ្ដា​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​លោក ។

មិនតែប៉ុណ្ណោះ​ក៏​ជួយ​លើក​ស្ទួយ​វិស័យ​កីឡាប្រដាល់​ខ្មែរ និង​កីឡាករ​ទាំងអស់​នៅ​លើ​ឆាក​អន្តរជាតិ ដើម្បី​អោយ​មានការ​រីក​ចម្រើន​ទាំង​សមត្ថភាព​កិត្តិយស និង​ជីវភាព​រស់នៅ​របស់​កីឡាករ ៕