ខេត្តបាត់ដំបង ៖ ករណីចោរលួចកាត់ខ្សែភ្លើងកំពុងក្លាយជារឿងបញ្ហាបង្កការរំខានបំផុតដល់ការរស់នៅរបស់ពលរដ្ឋរស់នៅក្នុងក្រុងបាត់ដំបង ដោយសារតែអំពើចោរកម្ម ដែលសមត្ថកិច្ចខ្លះចាត់ទុកជារឿង «តូចតាច កំប៉ិកកំប៉ុក» នេះកើតឡើងស្ទើររាល់យប់ បើទោះកន្លងមកធ្លាប់ត្រូវសមត្ថកិច្ចបង្ក្រាបបានខ្លះៗក្ដី ក៏មិនចេះពាយបេក្ខភាពចោរដែរ។

ជាក់ស្ដែង នៅវេលាទៀបភ្លឺថ្ងៃទី ២៥ កក្កដា នេះ នៅចំណុចប្លុកផ្លូវចូលមន្ទីរកសិកម្មខេត្ត ស្ថិតក្នុងភូមិដំណាក់ហ្លូង សង្កាត់វត្តគរ ក្រុងបាត់ដំបង អ្នកភូមិបានរាយការណ៍ថា លោកចោរបានលួចកាត់ខ្សែភ្លើងនៅតាមដងផ្លូវអស់ជាង២០០ម៉ែត្រ ធ្វើឲ្យលំនៅឋានប្រជាពលរដ្ឋរស់នៅតំបន់នោះប្រមាណ៦ខ្នង ត្រូវដាច់ចរន្តអគ្គិសនី ។ អ្នកភូមិនិយាយថា នេះមិនមែនជាលើកដំបូងទេ ដែលពួកចោរបានលួចកាត់ខ្សែភ្លើងនៅតំបន់នោះ គឺកើតឡើងស្ទើររាប់ភ្លេច តែគេមិនអាចទប់ស្កាត់ឬបង្ក្រាបបានជនដៃដល់ឡើយ។

បណ្ដាញអគ្គីសនីនៅតំបន់នោះ មានសារសំខាន់ណាស់ ក្រៅពីតម្រូវការតាមលំនៅឋានរបស់ពលរដ្ឋ នៅមានមន្ទីររបស់រដ្ឋមួយចំនួនទៀត ក៏ប្រើប្រាសបណ្ដាញអគ្គិសនីដែលតចូលតាមដងផ្លូវនោះទៅនោះដែរ ។ ដូចជា មន្ទីរអប់រំយុវជននិងកីឡា មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងមន្ទីរសាធារណការ និងដឹកជញ្ជូន។ មន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនម្នាក់និយាយថា ខ្សែភ្លើងនៅតាមផ្លូវនៅតំបន់រដ្ឋបាលខាងលើនេះ ត្រូវចោរលួចកាត់ញឹកញ៉ាប់ណាស់។ ពេលខ្លះ មន្ត្រីតាមមន្ទីរនីមួយៗ ត្រូវស្ទះការងារព្រោះដាច់ចរន្តអគ្គិសនី ដោយសារលោកចោរលួចកាត់ខ្សែភ្លើង ។

មន្ត្រីដដែលបានបញ្ជាក់ថា នៅប្លុកមន្ទីររដ្ឋបាលខាងលើនេះ ពេលយប់ស្ងាត់ដូចចោរលួចសេះ។ គ្មានកម្លាំងសមត្ថកិច្ចចុះល្បាត ចុះតាមដានសកម្មភាពជនល្មើស ក្នុងគោលដៅទប់ស្កាត់។ ដូច្នេះហើយទើបពួកចោរសប្បាយនាំគ្នាលួចកាត់ខ្សែភ្លើងនៅតាមផ្លូវ ធ្វើឲ្យតាមមន្ទីររបស់រដ្ឋមួយចំនួន និង លំនៅឋានពលរដ្ឋនៅតបន់នោះ ត្រូវដាច់ចរន្តអគ្គិសនីជាញឹកញាប់ ។ នៅចំណុចកើតហេតុ គេឃើញខ្សែភ្លើងដាច់ធ្លាក់រយីករយៀកតាមដងផ្លូវ ខណៈក្រុមជំនាញអង្គភាពអគ្គិសនីចុះត្រូតពិនិត្យ និងតបណ្ដាញឡើងវិញ តែគេមិនឃើញមានសមាសភាពកម្លាំងសមត្ថកិច្ចណាម្នាក់ ចុះទៅកាន់ទីនោះ ដើម្បីពិនិត្យកន្លែងកើតហេតុ ឬ សួរនាំពលរដ្ឋឡើយ។

អ្នកភូមិនិយាយថា គេបានរាយការណ៍ប្រាប់សមត្ថកិច្ចដែរ តែមិនឃើញមុខសមត្ថកិច្ចចុះទៅមើលខ្សែភ្លើងដែលសល់ពីចោរលួចទេ។ ពោល ស្ងាត់ឈឹងដូចចោរលួចសេះ។ ដោយសារតែការមិនអើពើរបស់សមត្ថកិច្ចបែបនេះហើយ ទើបកន្លងមកពេលមានអំពើចោរកម្មម្ដងៗ អ្នកភូមិឈប់ប្ដឹងទៅសមត្ថកិច្ច។ ព្រោះខ្លាចសមត្ថកិច្ចមិនសប្បាយចិត្ត ហើយពេលខ្លះត្រូវសមត្ថកិច្ចស្ដីបន្ទោសតបមកអ្នកប្ដឹងវិញថា «ជារឿងតូចតាច កំប៉ិកកំប៉ុកសោះ ប្ដឹងដែរ»៕



ចែករំលែកព័តមាននេះ