ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡុ​ង សុ​ភី និង សរ រាជសីហ៍ ត្រៀម​កណ្តាប់ដៃ​ស្វាគមន៍​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឡុ​ង សុ​ភី មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា និង​សរ រាជសីហ៍ មក​ពី​ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ថ្ងៃ​សៅរ៍​ទី​៣១ ធ្នូ ខាង​មុខ​នេះ

រាជធានី​ភ្នំពេញ ៖ ឡុ​ង សុ​ភី មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា និង​សរ រាជសីហ៍ មក​ពី​ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ថ្ងៃ​សៅរ៍​ទី​៣១ ធ្នូ ខាង​មុខ​នេះ ។ ឡុ​ង សុ​ភី ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ស៊ុ​ម៉ា​អិុ ស​.​វី​រ៉ា​វ៉ា​ន់ ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម រីឯ​សរ រាជសីហ៍ ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ដា​គី ស​.​វី​រ៉ា​វ៉ា​ន់ ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ។

ឡុ​ង សុ​ភី មាន​ប្រវត្តិ​ប្រកួត​១១៩​ដង ឈ្នះ​៩០​ដង ចាញ់​២៦​ដង ស្មើ​៣​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៤៣​ដង ក្នុង​ពេល​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៩៣​ដង ឈ្នះ​៦៨​ដង​ចាញ់​២៣​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៨​ដង ។ ចាំ​មើល ឡុ​ង សុ​ភី ដែល​មាន​ប្រវត្តិ​ប្រកួត​ច្រើន​ជាង​អាច​ផ្ដួល​កីឡាករ​ថៃ​រូប​នេះ​បាន​ដោយ​របៀប​ណា?

សរ រាជសីហ៍ មាន​ប្រវត្តិ​ប្រកួត​៦១​ដង ឈ្នះ​៤៥​ដង ចាញ់​១៥​ដង ស្មើ​១​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៨​ដង​ក្នុង​ពេល​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៨៦​ដង ឈ្នះ​៦២​ដង ចាញ់​១៩​ដង និង​ស្មើ​៥​ដង ។ សរ រាជសីហ៍ ទោះបីជា​មាន​ប្រវត្តិ​ប្រកួត​តិច​ជាង កីឡាករ​ថៃ​បន្តិច​មែន​ប៉ុន្តែ​ថ្វីដៃ​ប្រកួត​របស់​គេ​អាច​ជឿ​ទុកចិត្ត​បាន ។ ម្យ៉ាងវិញទៀត សរ រាជសីហ៍​មានចិត្ត​សឿង​ខ្លាំង​តែ​មិន​ចេះ​ក្អេងក្អាង​ឡើយ ។ សម្រាប់​អ្នក​ធ្លាប់​តាមដាន​ការ​ប្រកួត​ភាគច្រើន​គេ​គិត​ថា គូ​នេះ​អាច​ស៊ីសង​គ្នា​បាន​ព្រោះ​កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​ច្រើន​លើក​ច្រើន​សា​រួច​មក​ហើយ ដូច្នេះ​គេ​អាច​ប៉ាន់ស្មាន​ពី​កម្រិត​វិជ្ជា​គុន​របស់​កីឡាករ​ថៃ​រូប​នេះ​បាន​ច្បាស់លាស់ ។

រីឯ​គូ​ប្រ​កូត​មិត្តភាព​ធម្មតា​វិញ​នោះ​មាន​កីឡាករ ហ៊ឹ​ម សា​រ៉ា​ន់ មក​ពី​សមាគម​កីឡា​ប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​កីឡាករ ជឹ​ម ចិ​ត្រា មក​ពី​ក្លិ​ខ្លារខិន​មាន​រិ​ទ្ធ និង​គូ​ចុង​ក្រោយ​កីឡាករ រិ​ន សា​រ័​ត្ន មក​ពី​ក្លិប​បញ្ជាការដ្ឋាន​កងទ័ពជើងទឹក ប្រកួត​ជាមួយ​កីឡាករ រិ​ទ្ធ មុន្នី មក​ពី​ក្លិប​មកុដ​រាជសីហ៍ ។

ដោយឡែក​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​ធី​អិន​នៅ​ថ្ងៃ​សៅរ៍​នេះ​ដែរ ក៏​មានការ​ប្រកួត​ប្រដាល់​មិត្តភាព​អន្តរជាតិ​រវាង​កីឡាករ​កម្ពុជា​និង​កីឡាករ​ថៃ​ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​លំដាប់
ជួរ​មុខ​ក្នុង​ពិភព​ប្រដាល់​នៃ​ប្រទេស​ទាំង​២ ផង​ដែរ ។ សម្រាប់​គូ​អន្តរជាតិ​មាន​ចំនួន​២​គូ គឺ​កីឡាករ ចាន់ គង់​រាជ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ
វី​ហ្គោ សរ​.​ដាន​ឆ័​យ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម និង​កីឡាករ លាង ស៊ី​ពេជ្រ មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ឃុំ​ស្នេហ៍ ស​.​វី​រ៉ា​វ៉ា​ន់ ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ។

ចាន់ គង់​រាជ ធ្លាប់​ប្រកួត​៤៤​ដង ឈ្នះ​៣១​ដង ចាញ់​១១​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៨​ដង ក្នុង​ពេល​កីឡាករ វី​ហ្គោ សរ​.​ដាន​ឆ័​យ ធ្លាប់​ប្រកួត​៥៤​ដង ឈ្នះ​៤៤​ដង ចាញ់​១០​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៦​ដង ។ គូ​នេះ​មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​មក​ទេ​ដូច្នេះ​មិន​អាច​ប៉ាន់ស្មាន​ពី​លទ្ធផល​ទុក​មុន​បាន​ឡើយ ។

លាង ស៊ី​ពេជ្រ ធ្លាប់​ប្រកួត​៨១​ដង ឈ្នះ​៦៣​ដង ចាញ់​១៧​ដង ស្មើ​១​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៦​ដង ក្នុង​ពេល​កីឡាករ​ឃុំ​ស្នេហ៍ ស​.​វី​រ៉ា​វ៉ា​ន់ ធ្លាប់​ប្រកួត​៦៥​ដង ឈ្នះ​៤៩​ដង ចាញ់​១២​ដង ស្មើ​៤​ដង ។ លាង ស៊ី​ពេជ្រ បើ​ទោះជា​មាន​ប្រវត្តិ​ប្រកួត​ច្រើន​ជាង​គូប្រកួត​បន្តិច​មែន​ក៏​មិន​ប្រាកដ​ថា​ឈ្នះ​នោះ​ដែរ​ព្រោះ​កីឡាករ​ថៃ​រូប​នេះ​ក៏​មាន​សមត្ថភាព​មិនធម្មតា ដូច្នេះ​មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​ប៉ុណ្ណោះ​នរណា​ខ្លាំង​ជាង​នរណា​គង់តែ​ដឹង​ទេ ។

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​មាន​កីឡាករ​សៅ ប៊ុ​ន​ធឿ​ន មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ផាត សូ​ដា មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ។ កីឡាករ ចាន់ រតនៈ មក​ពី​ក្លិប​បញ្ជាការដ្ឋាន​កងទ័ពជើងទឹក ប្រកួត​ជាមួយ​កីឡាករ ឃ​ន គឹ​ម​ហេង មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ និង​គូ​ចុង​ក្រោយ​កីឡាករ ជ័យ ស៊ី​នេ​ត មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ ណា​ម ម៉ូ​រ៉ា​ក់ មក​ពី​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង ៕