អាជ្ញាធរហុល្លង់និយាយថា ខ្លួនបានចាប់ខ្លួនបុរសដើមកំណើតសូម៉ាលី១២នាក់ ពីបទសង្ស័យជាក្រុមភេរវករប៉ុនប៉ងបើកការវាយប្រហារភេរវកម្ម ។ អ្នកនាំពាក្យរដ្ឋអាជ្ញាសាធារណៈ លោក Wim de Bruin ប្រាប់ទូរទស្សន៍ CNN ថា ទីភ្នាក់ងារចារកម្មរបស់ប្រទេសហុល្លង់ជាអ្នកផ្តល់ព័ត៌មានដែលនាំដល់ការចាប់ខ្លួននោះ ប៉ុន្តែពុំមានអាវុធ ឬគ្រឿងផ្ទុះត្រូវបានរកឃើញនោះទេ ។ លោកបានថ្លែងឱ្យដឹងទៀតថា ពេលនេះជនសង្ស័យជាភេរវករទាំង១២នាក់ នោះកំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ ។
លោក Bruin ថ្លែងទៀតថា ប៉ូលិសជាតិបានចាប់ផ្តើមបើកការស៊ើបអង្កេតដែលនាំដល់ការចាប់ខ្លួនបុរសសូម៉ាលី១២នាក់នោះ ក្រោយពីទទួលបានព័ត៌មានថា នឹងមានការវាយប្រហារភេរវកម្មក្នុងប្រទេសហុល្លង់ក្នុងពេលឆាប់ៗខាងមុខនេះ ។
លោក Judith Sluiter ដែលបំរើការងារនៅអង្គភាពសំរបសំរួលជាតិប្រឆាំងភេរវកម្មថ្លែងថា ពេលនេះយើងកំពុងតានដានព័ត៌មានដែលទទួលបានពីការសួរចំលើយជនសង្ស័យ១២នាក់នោះដើម្បីឱ្យដឹងថា តើនៅមានការគំរាមបើកការវាយប្រហារភេរវកម្មទៀត ឬក៏អត់ ។ ជនសង្ស័យទាំង១២នោះ អាយុចន្លោះពី១៩ឆ្នាំ ទៅ៤៩ឆ្នាំ ត្រូវបានចាប់ខ្លួននៅកន្លែងផ្សេងៗគ្នា ក្នុងទីក្រុង Rotterdam ក្នុងនោះ៦នាក់រស់នៅក្នុងទីក្រុង Rotterdam ម្នាក់ទៀតមកពីប្រទេសដាណឺម៉ាក និង៥នាក់ទៀតជាជនជាតិហុល្លង់ ៕
ចែករំលែកព័តមាននេះ