ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​សាកល្បង​យន្តហោះ​ប្រយុទ្ធ​ថ្មី​ធុន FC-31 GYRFALCON

7 ឆ្នាំ មុន

កាសែត​ចិន​ជា​ភាសា​អង់គ្លេស CHINA DAILY រាយការណ៍​ថា យន្តហោះ​ប្រយុទ្ធ​ចិន​ធុន FC-31 GYRFALCON ដែល​មុន​នេះ​គេ​ហៅ​យន្តហោះ J-31 នោះ​បាន​ធ្វើការ​ហោះហើរ​សាកល្បង​លើក​ដំបូង​កាលពី​ថ្ងៃ​ទី​២៣ ធ្នូ

កាសែត​ចិន​ជា​ភាសា​អង់គ្លេស  CHINA DAILY រាយការណ៍​ថា យន្តហោះ​ប្រយុទ្ធ​ចិន​ធុន FC-31 GYRFALCON ដែល​មុន​នេះ​គេ​ហៅ​យន្តហោះ J-31 នោះ​បាន​ធ្វើការ​ហោះហើរ​សាកល្បង​លើក​ដំបូង​កាលពី​ថ្ងៃ​ទី​២៣ ធ្នូ កន្លង​មកនេះ​នៅ SHENYANG ភាគ​ឦសាន​ប្រទេស​ជា​កន្លែង​ផលិត​យន្តហោះ​នោះ​ដោយ​ក្រុមហ៊ុន​រដ្ឋ​ចិន AVIATION INDUSTRY CORP OF CHINA (AVIC) ។

ព័ត៌មាន​នេះ​ត្រូវ​បាន​ចេញផ្សាយ​ខណៈ​ដែល​ភាព​តានតឹង​មានការ​កើនឡើង​រវាង​ចិន​និង​សហរដ្ឋអាមេរិក​ពី​រឿង​កោះ​តៃវ៉ាន់ ក្រោយ​ពាក្យ​សម្តី​របស់​អនាគត​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ ដែល​គ្រោង​ឱ្យ​មានការ​ខិតចូល​ជិត​គ្នា​របស់​អា​មេ​រិ​ក​ជាមួយ​តៃវ៉ាន់ ។ ម្យ៉ាងទៀត​ចិន​ក៏​ឱ្យ​ដឹង​នា​ថ្ងៃ​ទី​២៤ ធ្នូ ដែរ​ថា ខ្លួន​បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ LIAONING ទៅ​កាន់​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​លើក​ដំបូង ។

យន្តហោះ​ធុន FC-31 ដំបូង​គេ​បាន​ហោះ​សាកល្បង​កាលពី​ខែតុលា ឆ្នាំ​២០១២ ។ ជា​ការ​ប្រៀបធៀប​គ្នា​យន្តហោះ FC-31 ថ្មី ហាក់​មាន​សមត្ថភាព​បំបាំងកាយ​ខ្ពស់​ជាង​ព្រមទាំង​បំពាក់​បណ្តា​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ទំនើប​រួច​មាន​សមត្ថភាព​ផ្ទុក​អាវុធ​បាន​ច្រើន ។

យោង​តាម​លោក WU PEIXIN អ្នកឯកទេស​ម្នាក់​ថា យន្តហោះ​ថ្មី​នោះ​រាងស្តើង​ជាង ស្រាល​ជាង ហើយ​ងាយ​បើកបរ​បំផុត ។ រួច​អ្នក​ជំនាញការ​ម្នាក់​របស់​កងទ័ពអាកាស​ចិន​ដកស្រង់​សម្តី​ដោយ CHINA DAILY អះអាង​ថា យន្តហោះ​FC-31 ថ្មី​បំពាក់​ឧបករណ៍​ចុង​ក្រោយ​នានា​ពិសេស​ប្រព័ន្ធ​តម្រង់ អេ​ឡិច​ត្រូ​-​អុ​ប​ទិ​ក ព្រមទាំង​ប្រព័ន្ធ​មើល​ដាក់​ជាប់​នឹង​មួក​កាស់​អ្នក​បើក ។ លោក​ថា យន្តហោះ​អាច​ផលិត​សម្រាប់​លក់​ដោយ​តម្លៃ​របស់​វា​១​គ្រឿងក្នុង​រង្វង់​៧០​លាន​ដុល្លារ ដែល​ថោក​ជាង​យន្តហោះ​ប្រដេញ​ធុន RAFALE បារាំង (​ប្រមាណ​១០០​ដុល្លារ​) និង​ថោក​ជាង​យន្តហោះ F-35 អា​មេ​រិ​ក​ដល់​ទៅ​២​ដង ៕