ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់! ពេលដឹងតម្លៃឈុតគ្រឿងអលង្ការភរិយា​កំពូលមហាសេដ្ឋីឥណ្ឌា ពាក់ក្នុងពិធី Pre-Wedding កូនប្រុសពៅ

1 ខែ មុន

ប្រទេសឥណ្ឌា ៖ លោកស្រី Nita Ambani ភរិយាកំពូលមហាសេដ្ឋីឥណ្ឌា លោក Mukesh Ambani បាន

ប្រទេសឥណ្ឌា ៖ លោកស្រី Nita Ambani ភរិយាកំពូលមហាសេដ្ឋីឥណ្ឌា លោក Mukesh Ambani បានពាក់​​ឈុត​ខ្សែកតម្លៃ​៦០លានដុល្លារអាម៉េរិក និងចិញ្ចៀនពេជ្រតម្លៃ ៦.៥លានដុល្លារ យ៉ាងភ្ញាក់ផ្អើលជាទីបំផុត នៅក្នុងកម្មវិធីបុរេអាពាហ៍ពិពាហ៍ ឬ Pre-Wedding កូនប្រុសពៅលោកស្រី ដែលមានឈ្មោះ Anant Ambani កាលពីដើមខែមីនា កន្លងទៅថ្មីៗនេះ។

បើយោងតាមគេហទំព័រ Business Insider បានរាយការណ៍ថា លោក Manish Malhotra អ្នកច្នៃម៉ូដសំលៀកបំពាក់ប្រពៃណីនារីឥណ្ឌា និងជាអ្នកមើលការខុសត្រូវផ្នែកសិល្បៈនៃពិធី Pre-Wedding របស់លោក Anant Ambani និងគូដណ្ដឹងកញ្ញា Radhika Merchant បានចែករំលែកនៅលើបណ្ដាញសង្គម Instagram នូវរូបភាពរបស់លោកស្រី Nita Ambani គ្រងឈុតពណ៌មាសដ៏ភ្លឺចែងចាំង កាលពីថ្ងៃទី៣ ខែមីនា កន្លងទៅ ដែលជាយប់ចុងក្រោយនៃពិធីបុរេអាពាហ៍ពិពាហ៍របស់កូនប្រុសពៅលោកស្រី ដែលបានប្រព្រឹត្តរយៈពេល៣ថ្ងៃ និងចំណាយទឹកប្រាក់អស់រហូតដល់ ១៥២លានដុល្លារអាម៉េរិកឯណោះ។

បណ្ដុំរូបថតបង្ហាញថា លោកស្រី Nita Ambani គ្រងឈុតខ្សែកតុបតែងដោយត្បូងពេជ្រ និងត្បូងមរកតចម្រុះ ដែលមានត្បូងនៅកណ្ដាលធំៗចំនួនពីរគ្រាប់ ហើយតម្លៃគ្រឿងអលង្ការដ៏អស្ចារ្យនេះ បានក្លាយជាប្រធានបទនៃការរំពឹងទុកយ៉ាងទូលំទូលាយ ជាមួយនឹងការចេញផ្សាយពីគេហទំព័រម៉ូដឥណ្ឌាដូចជា GQ India និង Harper’s Bazaar India ដោយមានតម្លៃរហូតដល់៥ពាន់លានរូពី ស្មើនឹង ៦០.៤លានដុល្លារអាម៉េរិក។

ដោយឡែក ចិញ្ចៀនពេជ្រមួយវង់ដ៏ធំដែលលោកស្រី Nita Ambani បានពាក់មានឈ្មោះថា «Mirror of Paradise» ជាមួយគ្រាប់ពេជ្រទំហំ ៥២.៥៨ការ៉ាត់ លក់នៅឯការដេញថ្លៃរបស់ក្រុមហ៊ុនចក្រភពអង់គ្លេស Christie’s នៅខែមិថុនា ឆ្នាំ ២០១៩ នៅក្នុងតម្លៃរហូតដល់ ៦.៥លានដុល្លារអាម៉េរិក ដូចដែលបានរាយការណ៍ដោយគេហទំព័រ Vogue India ។ លោកស្រីក៏ធ្លាប់បានពាក់ចិញ្ចៀនពេជ្រមួយវង់នេះ ចូលរួមកម្មវិធីសម្ពោធមជ្ឈមណ្ឌលវប្បធម៌ Nita Mukesh Ambani នៅទីក្រុងម៉ុមបៃ ប្រទេសឥណ្ឌា កាលពីខែមេសា ឆ្នាំ ២០២៣ កន្លងទៅផងដែរ។

លោកស្រី Nita Ambani អាយុ៦១ឆ្នាំ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រពាណិជ្ជកម្មនៅ​មហា​វិទ្យាល័យ Narsee Monjee College of Commerce & Economics ស្ថិតនៅទីក្រុងម៉ុមបៃ។ លោកស្រីឆ្លងកាត់ការបណ្ដុះបណ្ដាលនៅក្នុងសាលារបាំដ៏ល្បីរបស់ឥណ្ឌា Bharatnatyam ផងដែរ។ លោកស្រីបានធ្វើការជាគ្រូបង្រៀនពីមុនមក ហើយឥឡូវនេះ លោកស្រីបានដើរតួយ៉ាងសំខាន់ជាស្ថាបនិក និងប្រធានមូលនិធិ Reliance ដែលជាផ្នែកសប្បុរសធម៌របស់ក្រុមហ៊ុន Reliance Industries ដែលជាក្រុមហ៊ុនគ្រប់គ្រង និងដឹកនាំដោយស្វាមីលោកស្រីផ្ទាល់។

កាលពីពេលថ្មីៗនេះ លោកស្រីក៏បានឡើងកាន់តំណែងជាប្រធាននៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយទើបបង្កើតឡើងថ្មី ដែលកើតចេញពីការរួមបញ្ចូលគ្នានៃក្រុមហ៊ុន Disney និង Reliance Industries ។ លោកស្រី Nita Ambani បានរៀបការជាមួយលោក Mukesh Ambani អាយុ៦៧ឆ្នាំ នៅក្នុងឆ្នាំ ១៩៨៥ ដោយមានចំណងដៃកូនចំនួនបីនាក់ កូនស្រី Isha និងកូនប្រុសពីរនាក់ Akash និង Anant។

គិតត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ទស្សនាវដ្ដីពាណិជ្ជកម្មអាម៉េរិក Forbes បានចាត់ចំណាត់ថ្នាក់ទ្រព្យសម្បត្តិរបស់លោក Mukesh Ambani រហូតដល់ ១១៧.៧ពាន់លានដុល្លារអាម៉េរិក ដោយលោកបានក្លាយជាបុគ្គលមានបំផុតនៅអាស៊ី និងលំដាប់ទី៩ នៅលើពិភពលោក៕ (ប្រភព ៖ VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ