ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី Pre-Wedding កូនកំពូលមហាសេដ្ឋីឥណ្ឌា​៣​ថ្ងៃ ចាយជាង១៥០លានដុល្លារ

1 ខែ មុន

ប្រទេសឥណ្ឌា ៖ កំពូលមហាសេដ្ឋីឥណ្ឌា លោក Mukesh Ambani ដែលជាបុគ្គលមានទ្រព្យសម្បត្តិច្រើន

ប្រទេសឥណ្ឌា ៖ កំពូលមហាសេដ្ឋីឥណ្ឌា លោក Mukesh Ambani ដែលជាបុគ្គលមានទ្រព្យសម្បត្តិច្រើនបំផុតនៅអាស៊ី បានចំណាយប្រាក់រហូតដល់ ១៥២លានដុល្លារអាម៉េរិក រៀបចំការពិធីបុរេអាពាហ៍​ពិពាហ៍ ឬ Pre-Wedding សម្រាប់កូនប្រុសពៅលោកគឺ Anant Ambani និងគូដណ្ដឹង កញ្ញា Radhika Merchant ដែលពិធីមុនពេលរៀបមង្គលការមួយនេះ ប្រារព្ធឡើងរយៈពេល៣ថ្ងៃឯណោះ ពោលគឺចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ខណៈដែលតួលេខចំណាយដ៏មហាសាលនេះ ត្រូវបានរាយការណ៍ដោយកាសែត Daily Mail ។ គួររំលឹកថា ញាក់សាច់​! ម្ហូប​ជាង​២​ពាន់​មុខ នឹង​បម្រើ​ក្នុង​ពិធី Pre-Wedding កូនពៅ​មហាសេដ្ឋី​ឥណ្ឌា

ការអញ្ជើញចូលរួមពីសំណាក់បុគ្គលល្បីៗទូទាំងពិភពលោក រួមទាំងប្រធានក្រុមហ៊ុន Meta លោក Mark Zuckerberg, កូនស្រីអតីតប្រធានាធិបតីអាម៉េរិក Donald Trump អ្នកស្រី Ivanka Trump និងស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ក៏ដូចជាតារាចម្រៀង តារាសម្ដែង និងតារាបង្ហាញម៉ូដ និងអ្នកជំនួយធំៗ និងល្បីឈ្មោះទាំងជាតិ និងអន្តរជាតិជាច្រើននាក់ផ្សេងទៀតផងដែរ ហើយជាពិសេសការសម្ដែងពីតារាចម្រៀងដ៏ល្បីរបស់សហរដ្ឋអាម៉េរិក Rihanna ដែលបានញ៉ាំងពិធីដ៏ប្រណីតនេះ កាន់តែអស្ចារ្យ និងវិសេសវិសាលជាទីបំផុត។ ការរៀបចំ និងរបៀបនៃការទទួលភ្ញៀវកិត្តិយសសុទ្ធតែគ្រប់គ្រងដោយក្រុមមកពីសណ្ឋាគារលំដាប់កំពូលនៅឥណ្ឌា ដែលត្រូវបានរាយការណ៍ថាមានតម្លៃប្រហែល ២៥លានដុល្លារ។

ប្រភពជិតស្និទ្ធនឹងលោក Mukesh Ambani ក៏បានបង្ហើបថា ការសម្ដែងរបស់តារាចម្រៀង Rihanna នៅក្នុងពិធីដ៏អស្ចារ្យ ដែលបានប្រព្រឹត្តទៅនៅទីក្រុងចាមណាហ្គា (Jamnagar) ប្រទេសឥណ្ឌា មានតម្លៃរហូតដល់ ៦លានដុល្លារ។ ចំណែកឯកញ្ចប់ថវិកាដែលនៅសេសសល់ត្រូវបានបម្រុងទុកសម្រាប់បុគ្គលិកជាច្រើននាក់ និងក្រុមមេចុងភៅចំនួន ២១នាក់មកពីទីក្រុងអ៊ីនដ័រ (Indore) របស់ប្រទេសឥណ្ឌា ដែលបានរៀបចំម្ហូបចំនួន ២,៥០០មុខ យ៉ាងពិសេសរួមមានម្ហូបឥណ្ឌា ម៉ិកស៊ិក ចិន ព្រមទាំង

អឺរ៉ុបផងដែរ។ ការរៀបចំកន្លែងស្នាក់នៅដ៏ប្រណិតនៅជិតទីក្រុងចាមណាហ្គា សម្រាប់ភ្ញៀវកិត្តិយស​ប្រហែល ១,០០០នាក់ គឺជាការចំណាយមួយផ្សេងទៀត។

ប្រភពស្និទ្ធនឹងគ្រួសារ Ambani បានលើកឡើងថា ការចំណាយសរុបអាចកើនឡើងលើសនេះសម្រាប់ពិធីមង្គលការនាពេលខាងមុខ ដែលគ្រោងនឹងធ្វើនៅខែកក្កដា ឆ្នាំនេះ នៅឯទីក្រុងម៉ុមបៃ។

ប្រភពី AFP បានរាយការណ៍ថា ពិធីបុរេរៀបអាពាហ៍ពិពាហ៍របស់ Anant Ambani ចំណាយលើសថ្លៃពិធីមង្គលការបងស្រីរបស់គេគឺអ្នកនាង Isha Ambani កាលពីឆ្នាំ ២០១៨ ដែលត្រូវបានរាយការណ៍ថា ចំណាយប្រហែល ១០០លានដុល្លារ អបមកជាមួយការសម្ដែងដោយតារាចម្រៀងប៉ុបដ៏ល្បីរបស់សហរដ្ឋអាម៉េរិក Beyonce ។

អ្វីដែលកាន់តែពិសេសថែមទៀតនោះ បើយោងតាមកាសែត The Times of India បានរាយការណ៍ថា Anant Ambani រួមជាមួយឪពុក និងគូដណ្ដឹង Merchant ក៏បានរៀបចំអាហារសាមគ្គីនៅក្នុងភូមិជុំវិញតំបន់នោះ ដោយបានបម្រើម្ហូបអាហារបែបប្រពៃណីហ្គូចារ៉ាទី (Gujarati) ដោយផ្ទាល់ដល់ប្រជាជនប្រមាណ ៥១,០០០នាក់នៃភូមិ Jogwad របស់ទីក្រុងចាមណាហ្គា ពោលមុនពេលពិធីបុរេអាពាហ៍​ពិពាហ៍​រយៈពេល៣ថ្ងៃចូលមកដល់។

សូមជម្រាបថា លោក Anant Ambani អាយុ២៨ឆ្នាំ គឺជាកូនពៅរបស់កំពូលមហាសេដ្ឋីឥណ្ឌា Mukesh Ambani ដែលគ្រប់គ្រងក្រុមហ៊ុន Reliance Industries ដែលជាក្រុមហ៊ុនចម្រុះជាតិសាសន៍ឥណ្ឌាមានទីស្នាក់ការកណ្ដាលនៅទីក្រុងម៉ុមបៃ ដើរលើអាជីវកម្មរួមមាន ថាមពល គីមីឥន្ធនៈ ឧស្ម័នធម្មជាតិ ការលក់រាយ ទូរគមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយ កម្សាន្ត និងវាយនភណ្ឌ ដែលមានប្រាក់ចំណូលប្រចាំឆ្នាំ ១១០ពាន់លានដុល្លារ បើគិតត្រឹមថ្ងៃទី៤ ខែមីនា ឆ្នាំ​២០២៤ ទស្សនាវដ្ដី Forbes បានចុះបញ្ជីទ្រព្យសម្បត្តិរបស់លោក Mukesh Ambani ចំនួន​១១៧ពាន់លានដុល្លារ ដែលធ្វើឱ្យលោកក្លាយជាបុគ្គលមានបំផុតនៅអាស៊ី និងជាមហាសេដ្ឋីទី៩ ពិភពលោក។

ដោយឡែក កញ្ញា Radhika Merchant អាយុ២៩ឆ្នាំ គឺជាកូនស្រីរបស់លោក Shri Viren Merchant នាយកប្រតិបត្តិក្រុមហ៊ុនថែទាំសុខភាពដ៏លេចធ្លោរបស់ប្រទេសឥណ្ឌា Encore Healthcare ។ គូស្នេហ៍មួយគូនេះស្គាល់គ្នាតាំងពីកុមារភាពមកម្ល៉េះ ហើយអ្នកទាំងពីរបានទទួលការអប់រំនៅសហរដ្ឋអាម៉េរិកដូចគ្នា។

ការប្រារព្ធពិធីបុរេអាពាហ៍ពិពាហ៍ដ៏អស្ចារ្យរបស់ពួកគេបានបង្ហាញប្រធានបទ ព្រឹត្តិការណ៍ និងសំលៀកបំពាក់ចម្រុះ ហើយចំណុចលេចធ្លោគឺការធ្វើដំណើរទៅទស្សនាមជ្ឈមណ្ឌលសង្គ្រោះសត្វ នៅទីក្រុងចាមណាហ្គា ដែលមជ្ឈមណ្ឌលមួយនេះជាជម្រកសត្វកម្រ និងអសកម្មផ្សេងៗ តំណាង​ឱ្យ​គម្រោងពិសេសដែលដឹកនាំដោយលោក Anant Ambani ផ្ទាល់តែម្ដង៕ (ប្រភព ៖ Yahoo News, VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ