ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់​! ម្ហូប​ជាង​២​ពាន់​មុខ នឹង​បម្រើ​ក្នុង​ពិធី Pre-Wedding កូនពៅ​មហាសេដ្ឋី​ឥណ្ឌា

1 ខែ មុន

ឥណ្ឌា ៖ ពិធី​រៀប​អភិសេកព្រះ​អង្គ​ម្ចាស់ Abdul Mateen ដែល​ជា​ព្រះរាជបុត្រ​ទី​១០ របស់​ស្តេច​ស៊ុ​ល​តង់​

0:00
0:00

ឥណ្ឌា ៖ ពិធី​រៀប​អភិសេកព្រះ​អង្គ​ម្ចាស់ Abdul Mateen ដែល​ជា​ព្រះរាជបុត្រ​ទី​១០ របស់​ស្តេច​ស៊ុ​ល​តង់​នៃ​ប្រទេស​ប្រ៊ុ​យ​ណេ Hassanal Bolkiah រយៈពេល​១០​ថ្ងៃ កាលពី​ខែមករា ឆ្នាំ​២០២៤ កន្លង​ទៅ បង្ក​ការ​ភ្ញាក់ផ្អើល​ទូ​ទាំង​ពិភពលោក ជាមួយ​ការ​ចំណាយ​លើ​ការ​រៀបចំ​ដ៏​អស្ចារ្យ​។ ចំណែកឯ​នៅ​ដើមខែ​មីនា​នេះ បើ​ក្រ​ឡែក​មើល​ពិធី​បុ​រេ​អាពាហ៍ពិពាហ៍ ឬ Pre-Wedding របស់​កូនប្រុស​ពៅ​មហាសេដ្ឋី​កំពូល​របស់​ប្រទេស​ឥណ្ឌា លោក Mukesh Ambani គឺ​លោក Anant Ambani និង​គូ​ដណ្ដឹង​គឺ​កញ្ញា Radhika Merchant ទើប​ដឹង​ថា ញាក់សាច់​ប៉ុនណា ដែល​ត្រៀម​រួច​ជា​ស្រេច ដើម្បី​ទទួលភ្ញៀវ​កំពូល​ៗ នៅ​ក្នុង​ពិធី​មុន​រៀប​ការ​របស់​អ្នក​ទាំង​ពីរ ជាមួយនឹង​ម្ហូប​ចម្រុះ​ចំនួន ២,៥០០​មុខ​ច្រើន​រសជាតិ និង​ច្រើន​តំបន់​សម្រាប់​ទទួលភ្ញៀវ​។

ពិធី​បុ​រេ​អាពាហ៍ពិពាហ៍​ដ៏​ប្រណីត និង​អស្ចារ្យ​មាន​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២៤ ពោល​មុន​ពេល​ពិធី​រៀប​មង្គលការ នា​ពេល​ខាង​មុខ​របស់​គូស្នេហ៍​មួយគូ​នេះ នា​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២៤​។ ក្រុម​មេ​ចុងភៅ​ចំនួន​២១​នាក់ ដែល​ត្រូវ​បាន​ជ្រើសរើស​យ៉ាង​ល្អិតល្អន់​ពី​សណ្ឋាគារ Jardin នៅ​ទីក្រុង​អ៊ី​ន​ដ័​រ (Indore) ប្រទេស​ឥណ្ឌា បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​ទៅ​កាន់​ទីក្រុង​ចាម​ណា​ហ្គា (Jamnagar) ជា​ពិសេស​សម្រាប់​ពិធី​នេះ​។

កាសែត Economic Times បាន​រាយការណ៍​លម្អិត​ថា ក្រុម​ធ្វើ​ម្ហូប​នេះ​មាន​ភារកិច្ច​បង្កើត​មុខម្ហូប​ចម្រុះ​ដែល​រួម​មាន ថៃ ជប៉ុន ម៉ិ​ក​ស៊ិ​ក ប៉ា​ស៊ី​ឥណ្ឌា និង​រសជាតិ Pan Asian ។ ម៉ឺ​នុយ​អាហារ​ពេល​ព្រឹក​នឹង​មាន​យ៉ាង​ហោច​ណាស់ ៧៥ មុខ​ផ្សេង​ៗ​គ្នា អាហារ​ថ្ងៃត្រង់​នឹង​មាន​ជាង ២២៥​មុខ ហើយ​អាហារ​ពេល​ល្ងាច​ត្រូវ​បាន​កំណត់ ដើម្បី​បង្ហាញ​ពី​បទ​ពិសោធ​នៃ​ការ​ទទួលទាន​អាហារ​ខុស​ៗ​គ្នា​ចំនួន ២៧៥​មុខ ។ លើស​ពី​នេះ​ទៀត ការ​ជ្រើសរើស​អាហារ​សម្រន់​ពាក់កណ្ដាល​អធ្រាត្រ ដែល​អាច​រកបាន​ចាប់ពី

ម៉ោង​៤​ព្រឹក នឹង​រួម​បញ្ចូល​ជម្រើស​ចំនួន ៨៥​មុខ​ផ្សេង​ៗ​គ្នា​។ ជាមួយ​គ្នា​នោះ ក៏​នឹង​មានការ​តាំង​បង្ហាញ «Indore Sarafa Food Counter» ដែល​នឹង​ផ្ដល់​ជូន​នូវ​អាហារ​ពិសេស​ក្នុង​តំបន់​ដ៏​ល្បីល្បាញ​ពី​ទីក្រុង​អ៊ី​ន​ដ័​រ​គ្រប់​រដូវ​កាល ជាមួយនឹង​គ្រឿងទេស​ពិតប្រាកដ​ដែល​ដឹក​ជញ្ជូន​ពី​ទីក្រុង​ផ្ទាល់ ដើម្បី​ធានា​នូវ​រសជាតិ​ដើម​។

ដូចដែល​បាន​រាយការណ៍​ដោយ​កាសែត The Times of India រួម​នឹង​សារព័ត៌មាន​បរទេស​ធំ​ៗ​ជា​ច្រើន​ផ្សេង​ទៀត ពិធី​បុ​រេ​អាពាហ៍ពិពាហ៍​ដ៏​ប្រណីត និង​អស្ចារ្យ​៣​ថ្ងៃ​របស់​លោក Anant Ambani និង​កញ្ញា Radhika Merchant បាន​អញ្ជើញ​មេក្រុម​ហ៊ុន​ធំ​ៗ រួម​នឹង​បុគ្គល​ល្បី​លំដាប់​ពិភពលោក​ជា​ច្រើន​មក​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​ដូច​ជា មហាសេដ្ឋី​អាម៉េរិក ម្ចាស់​ក្រុមហ៊ុន Microsoft លោក Bill Gates និង​លោកស្រី Melinda French Gates មហាសេដ្ឋី​អាម៉េរិក លោក Mark Zuckerberg សហ​ស្ថាបនិក​ក្រុមហ៊ុន Meta លោកស្រី Ivanka Trump និង​សមាជិក​នៃ​ព្រះរាជ​វង្សានុវង្ស​ប៊ូ​តាន​ផង​ដែរ​។ បន្ថែម​ពី​នេះ​ទៀត កំពូល​តារា​បូ​លី​វូ​ដ​ដូច​ជា លោក Amitabh Bachchan, លោក Rajinikanth, លោក Shah Rukh Khan និង​អ្នក​នាង Alia Bhatt រួម​ជាមួយនឹង​វត្តមាន​ភ្ញៀវ​កិត្តិយស​ល្បី​ៗ​លំដាប់​ពិភពលោក​ទាំង​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​នាក់​ផ្សេង​ទៀត ក៏​មាន​វត្តមាន​ផង​ដែរ​។

កាសែត The Times ក៏​បាន​រាយការណ៍​ថា តារាចម្រៀង​អាម៉េរិក នាង Rihanna និង​តារាចម្រៀង​ដ៏​ល្បី​របស់​ឥណ្ឌា Punjabi Diljit Dosanjh ក៏​នឹង​មក​សម្ដែង​នៅ​ក្នុង​ពិធី​ដ៏​អស្ចារ្យ​នេះ​ផង​ដែរ​។

កញ្ញា Radhika Merchant អាយុ​២៩​ឆ្នាំ គឺជា​កូនស្រី​លោក Shri Viren Merchant ដែល​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​ឱសថ​ឯកជន Encore Healthcare ។ ចំណែក​លោក Anant Ambani អាយុ​២៨​ឆ្នាំ គឺជា​កូនពៅ​របស់​មហាសេដ្ឋី​ឥណ្ឌា Mukesh Ambani ដែល​ដឹកនាំ​ក្រុមហ៊ុន Reliance Industries ដែល​មាន​ប្រាក់​ចំណូល​ចំនួន ១១០​ពាន់​លាន​ដុល្លារ​អាម៉េរិក​។ យោង​តាម​ទស្សនាវដ្ដី Forbes បាន​វាយតម្លៃ​ទ្រព្យសម្បត្តិ​របស់​លោក Mukesh Ambani ចំនួន ១១៦​ពាន់​លាន​ដុល្លារ​អាម៉េរិក គិត​ត្រឹម​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៤​។ លោក Anant Ambani និង​កញ្ញា Radhika Merchant ត្រូវ​បានដឹង​ថា​មាន​ចំណងមិត្តភាព​ពី​កុមារភាព និង​បាន​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋ​អាម៉េរិក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ