ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របាយការណ៍​ខូចខាត​បឋម ក្រោយ​ផ្ទុះ​ឆេះ​ឃ្លាំង​ស្តុក​គ្រាប់​តូច​ធំ ក្នុង​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​៣

1 អាទិត្យ មុន

ខេត្តកំពង់ស្ពឺ ៖ ករណី​ផ្ទុះ​គ្រាប់​ធុន​ធំ​តូច បណ្តាល​ឱ្យ​ឆេះ​ឃ្លាំង​ស្តុក​គ្រាប់​បច្ចេកទេស ក្នុង​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​៣ ស្ថិត​នៅ​ភូមិ​បុរី​កម្មករ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ នៅ​ម៉ោង​ប្រមាណ​ជា​១៤​និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​២៧…

ខេត្តកំពង់ស្ពឺ ៖ ករណី​ផ្ទុះ​គ្រាប់​ធុន​ធំ​តូច បណ្តាល​ឱ្យ​ឆេះ​ឃ្លាំង​ស្តុក​គ្រាប់​បច្ចេកទេស ក្នុង​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​៣ ស្ថិត​នៅ​ភូមិ​បុរី​កម្មករ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ នៅ​ម៉ោង​ប្រមាណ​ជា​១៤​និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៤ បាន​រង​នូវ​ការ​ខូចខាត​បឋម រួម​មាន ៖

-​មនុស្ស​ចំនួន ២០​នាក់ (​ស្លាប់​) ក្នុង​នោះ មាន​នាយទាហាន​ខេត្តកោះកុង​ចំនួន ១៥​នាក់ និង​នាយទាហាន​ទីបញ្ជាការ​យោធភូមិ​ភាគ ចំនួន ៥​នាក់ ។
-​ចំពោះ​អាវុធ​-​គ្រាប់ មក​ពី​ខេត្តកោះកុង​មាន រថយន្ត​០៥​គ្រឿង (​ផ្ទុះ​ខ្ទេច​រថយន្ត ១​គ្រឿង​រួម​ទាំង​អាវុធ​គ្រាប់​នៅ​លើ​រថយន្ត​, រថយន្ត​មួយ​គ្រឿង​ទៀត ខូច​ធ្ងន់ធ្ងរ​ផ្នែក​ខាងក្រៅ តែ​អាវុធ​គ្រាប់​នៅ​លើ​នឹង​, ០៣​គ្រឿង​ទៀត មិន​ទាន់​បាន​ដាក់អាវុធ​គ្រាប់​ចុះ​) ។
-​ចំនួន​អាវុធ​គ្រាប់ ដែល​ដឹក​ជ​ញ្ចូ​ន​មក​ពី​ខេត្តកោះកុង មាននៅ​ក្នុង​ឧ​ប​សម្ព័ន្ធ ជូន​ភ្ជាប់​ជាមួយ​របាយការណ៍ ។
-​អាវុធ​គ្រាប់ នៅ​ក្នុង​ឃ្លាំង​បច្ចេកទេស ទីបញ្ជាការ​យោធភូមិ​ភាគ (​មិន​ទាន់​សរុប​បាន​) ។
-​អគារ​ខូចខាត​ធ្ងន់ធ្ងរ ចំនួន​០៤​ខ្នង (​អាវុធ​គ្រាប់​ក្នុង​ឃ្លាំង​០៣​ខ្នង ខូចខាត​ទាំងស្រុង​,​អគារ​ស្នាក់​នៅ​០១​ខ្នង និង​អគារ​ការិយាល័យ​ក្នុង​ទីបញ្ជាការ​យោធភូមិ​ភាគ ខូចខាត​ផ្នែក​ខាងក្រៅ​រួម​មាន​ទ្វា បង្អួច និង​ដំបូល​) ។
-​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ជុំវិញ ទីបញ្ជាការ​យោធភូមិ​ភាគ ចំនួន ២៥​ខ្នង ។

សូម​ជម្រាប​ថា ខាងលើ​នេះ ជា​របាយការណ៍​បឋម​តែ​ប៉ុណ្ណោះ យ៉ាងណា​រាយការណ៍​លម្អិត នឹង​ជូន​ពេល​ក្រោយ ។

ក្រោយ​កើត​មាន​ឧបទ្ទវហេតុ​ដ៏​រន្ធត់​នេះ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សរសេរ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​យប់​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៤​នេះ​ថា ៖ ខ្ញុំ​មាន​ក្តី​រន្ធត់​ក្តុកក្តួល​ឥត​ឧបមា ដែល​បាន​ទទួល​ដំណឹង​អំពី​ឧបទ្ទវហេតុ​ផ្ទុះ​គ្រាប់ នៅ​យោធភូមិ​ភាគ​ទី​៣ ក្នុង​ខេត្តកំពង់ស្ពឺ កាលពី​រសៀល​ថ្ងៃ ទី​២៧ ខែមេសា ឆ្នាំ​២០២៤ ដែល​បាន​បង្ក​ឱ្យ​យោធិន​ចំនួន ២០​នាក់ បាន​ពលី​ជីវិត និង​យោធិន​មួយ​ចំនួន​ទៀត​បាន​របួស ។

ក្នុង​នាម​រាជរដ្ឋាភិបាល និង​ក្នុង​នាមខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ចូលរួម​រំលែក​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ចំពោះ​ក្រុម​គ្រួសារ​យោធិន​ពលី និង​សម្តែង​នូវ​សមាន​ទុក្ខ​សោកស្តាយ​ចំពោះ​អ្នក​រង​របួស ក្នុង​ឧបទ្ទវហេតុ​ដ៏​សោកសង្រេង​នេះ ។

ខ្ញុំ​បាន​ផ្តល់​ការ​ណែនាំ​ដល់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កង​យោធពលខេមរភូមិន្ទ ដើម្បី​ចាត់ចែង​ជា​បន្ទាន់​រៀបចំ​ពិធី​បុណ្យសព​ជូន​យោធិន​ដែល​បាន​ពលី​ក្នុង​ឧបទ្ទវ​ហេតុនេះ ឱ្យ​បាន​សមរម្យ​ស័ក្តិសម​នឹង​ពលិកម្ម​របស់​ពួក​គាត់​ចំពោះ​ជាតិ និង​មាតុភូមិ​។

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទៀ សីហា នឹង​ធ្វើ​ជា​តំណាង​របស់ខ្ញុំ​ដើម្បី​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ ។

រាជរដ្ឋាភិបាល​នឹង​ទទួល​រ៉ាប់រង​ទាំងស្រុង លើ​ការ​ចំណាយ​រៀបចំ​ពិធី​បុណ្យសព​នេះ ។

ជាមួយ​គ្នា​នេះ ខ្ញុំ​សូម​ផ្តល់​ការ​ឧបត្ថម្ភ​ជា​ថវិកា​ជូន​គ្រួសារ​យោធិន​ពលី ចំនួន ២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​គ្រួសារ​សព ហើយ​ចំពោះ​យោធិន​ដែល​រង​របួស​ក្នុង​ឧបទ្ទវ​ហេតុនេះ ក្នុង​ម្នាក់​ៗ​ចំនួន ២០ លាន​រៀល ។

ខ្ញុំ​សូម​ឧទ្ទិស​បួងសួង​ឱ្យ​ដួង​វិញ្ញាណក្ខន្ធ​របស់​យោធិន​ពលី បាន​ចាប់បដិសន្ធិ​ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ និង​ក៏​សូម​ជូនពរ​យោធិន និង​ជន​រង​គ្រោះ​ទាំងអស់​ឆាប់​បានជា​សះស្បើយ ៕

អត្ថបទសរសេរ ដោយ