ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាលចិនព្រមា.នពលរដ្ឋខ្លួននៅសិង្ហបុរី ឱ្យចៀសឆ្ងាយពីល្បែ.ងស៊ីស.ង

1 ខែ មុន

ប្រទេសសិង្ហបុរី ៖ ស្ថានទូតចិនប្រចាំប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ

ប្រទេសសិង្ហបុរី ៖ ស្ថានទូតចិនប្រចាំប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ បានជំរុញពលរដ្ឋខ្លួនដែលនៅសិង្ហបុរីទាំងអស់ ចៀសឱ្យឆ្ងាយពីការលេងល្បែងគ្រប់ប្រភេទ ដោយបានព្រមានថា ការលេងល្បែងស៊ីសងនៅក្រៅប្រទេស បំពាននឹងច្បាប់របស់ប្រទេសចិន។

ការព្រមាននេះធ្វើឡើងចំពេញដែលរដ្ឋាភិបាលទីក្រុងប៉េកាំង បង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្រ្កាបការលេងល្បែងរបស់ពលរដ្ឋចិននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយម។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ស្ថានទូតចិនបានក្រើនរំលឹកដល់ប្រជាជនចិនភាគច្រើននៅក្នុងប្រទេសសិង្ហបុរី ដើម្បីបង្កើនការយល់ដឹងផ្នែកច្បាប់របស់ពួកគេ និងនៅឱ្យឆ្ងាយពីល្បែងស៊ីសង។

កាស៊ីណូស្របច្បាប់នៅក្នុងប្រទេសសិង្ហបុរីមានចំនួនពីរ ដែលមួយដំណើរការដោយក្រុមហ៊ុនអាម៉េរិក Las Vegas Sands និងមួយទៀតដោយក្រុមហ៊ុន Genting Singapore។ ទោះយ៉ាងណាក៏ដោយ ស្ថានទូតបានបញ្ជាក់ថា បើទោះបីជាកាស៊ីណូនៅក្រៅប្រទេសត្រូវបានបើកដោយស្របច្បាប់ក៏ដោយ ប៉ុន្តែការលេងល្បែងឆ្លងដែនដោយពលរដ្ឋចិន គឺបំពានច្បាប់ប្រទេសចិន។ ល្បែងស៊ីសងឆ្លងដែនក៏អាចនាំមកនូវហានិភ័យដូចជាការក្លែងបន្លំ ការលាងលុយកខ្វក់ ការចាប់ជំរិត ការឃុំខ្លួន ការជួញដូរ និងការរត់ពន្ធខុសច្បាប់ផងដែរ។ ប្រទេសចិនតែងតែប្រឆាំងគ្រប់ទម្រង់ល្បែងស៊ីសង និងប្រឆាំងពលរដ្ឋចិន ដែលចាកចេញពីប្រទេស ដើម្បីទៅរកការលេងល្បែង។

ប្រទេសចិនបាននឹងកំពុងពង្រឹងការបង្ក្រាបរបស់ខ្លួនលើល្បែងស៊ីសងឆ្លងដែន និងតាមអ៊ីនធឺណិត ដោយបានបញ្ជូនការព្រមានស្រដៀងគ្នានេះ ទៅកាន់ប្រទេសមួយចំនួន ខណៈដែលខ្លួនព្យាយាមទប់ស្កាត់សកម្មភាពខុសច្បាប់ និងការគំរាមកំហែងដល់ពលរដ្ឋនៅបរទេស។ ជាមួយគ្នានោះ ស្ថាន​ទូត​ចិន​ប្រចាំប្រទេសកូរ៉េខាងត្បូង និងស្រីលង្កា ក៏បានចេញការព្រមានស្រដៀងគ្នានេះដែរ កាលពីពេលថ្មីៗនេះ។

កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ ភ្នាក់ងារអនុវត្តច្បាប់ក្នុងប្រទេសចិន និងហ្វីលីពីន បានសហការធ្វើមាតុភូមិនិវត្តន៍ជនជាតិចិនជាង៤០នាក់ ដែលពាក់ព័ន្ធនឹងការលេងល្បែងឆ្លង​ដែន។ លើសពីនេះទៀត រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន និងវៀតណាមបានព្រមព្រៀងគ្នា បង្កើនកិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់ និងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីការធ្វើការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងល្បែងឆ្លងដែន។

ស្ថានទូតចិនប្រចាំប្រទេសសិង្ហបុរីបានអះអាងថា ក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសចិន បានបើកវេទិការាយការណ៍មួយសម្រាប់ការប្រយុទ្ធប្រឆាំងនឹងការលេងល្បែងឆ្លងដែន និងអនឡាញ ដែលអាចតាមដានលើសកម្មភាពគួរឱ្យសង្ស័យរបស់ពលរដ្ឋចិន៕ (ប្រភព ៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ