ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកបង្ហាញគ្រួសារមានទ្រព្យសម្បត្តិច្រើនបំផុតទាំង​៥ នៅទី្វបអាស៊ី

1 ខែ មុន

អន្តរជាតិ ៖ គ្រួសារតក្រូល Ambani និងគ្រួសារត្រកូល Mistry មកពីប្រទេសឥណ្ឌា រួមនឹងគ្រួសារ

អន្តរជាតិ ៖ គ្រួសារតក្រូល Ambani និងគ្រួសារត្រកូល Mistry មកពីប្រទេសឥណ្ឌា រួមនឹងគ្រួសារត្រកូល Hartono មកពីប្រទេសឥណ្ឌូណេស៊ី ស្ថិតក្នុងចំណោមគ្រួសារអ្នកមានទ្រព្យច្រើនបំផុតទាំង ៥ នៅទ្វីបអាស៊ី ដែលទ្រព្យសម្បត្តិបូកបញ្ចលគ្នាសរុបរហូតដល់ ២៥៤.៦ពាន់លានដុល្លារអាម៉េរិក ដូចត្រូវបានរាយការណ៍ដោយទស្សនាវដ្តីពាណិជ្ជកម្មអាម៉េរិក Forbes និងសារព័ត៌មានអាជីវកម្ម និងហិរញ្ញវត្ថុ Bloomberg បានចេញផ្សាយ។

១-The Ambanis ឬ គ្រួសារត្រកូល Ambani នៃប្រទេសឥណ្ឌា ដែលទ្រព្យសម្បត្តិកើតចេញពីក្រុមហ៊ុន Reliance Industries ដែលវិនិយោគលើវិស័យជាច្រើនរួមមាន គីមីឥន្ធនៈ ទូរគមនាគមន៍ សេវាលក់រាយ និងហិរញ្ញវត្ថុ។ ការពឹងផ្អែកត្រូវបានបង្កើតឡើងដោយលោក Dhirubhai Ambani ជាពាណិជ្ជករអំបោះក្នុងឆ្នាំ ១៩៦៦ ដែលគ្រានោះគ្រាន់តែជាក្រុមហ៊ុនផលិតវាយនភ័ណ្ឌតូចមួយប៉ុណ្ណោះ។

បន្ទាប់ពីការស្លាប់របស់លោក Dhirubhai Ambani ក្នុងឆ្នាំ ២០០២ លោក Mukesh Ambani និងប្អូនប្រុសគាត់គឺលោក Anil Ambani ដែលទាំងពីរនាក់គឺជាកូនលោក Dhirubhai បានប្រែក្លាយគ្រួសារត្រកូល Ambani កាន់តែជោគជ័យ និងមានឥទ្ធិពលយ៉ាងខ្លាំង ដោយវិវឌ្ឍន៍ជាសាជីវកម្មផ្នែកឯកជនដ៏ធំបំផុតនៅក្នុងប្រទេសឥណ្ឌា ដែលមានមូលធនប័ត្រទីផ្សារចំនួន ២៣៣.៨៣ពាន់លានដុល្លារអាម៉េរិក គិតត្រឹមខែមីនា ឆ្នាំ ២០២៤។

បើយោងតាមទស្សនាវដ្តីពាណិជ្ជកម្មអាមេរិក Forbes បានរាយការណ៍ថា គ្រួសារត្រកូល Ambani មានទ្រព្យសម្បត្តិចំនួន ១១០.១ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ។ លោក Mukesh Ambani មានកូនប្រុសពីរនាក់គឺ Akash និង Anant Ambani និងកូនស្រីម្នាក់ឈ្មោះ Isha Ambani ។ ថ្មីៗនេះ Anant Ambani បានរៀបចំពិធីបុរេអាពាហ៍ពិពាហ៍ ឬ Pre-Wedding ដ៏អស្ចារ្យជាមួយគូដណ្តឹងកញ្ញា Radhika Merchant រយៈពេល៣ថ្ងៃ កាលពីដើមខែមីនាកន្លងទៅ ដោយចំណាយអស់ ១៥២លានដុល្លារអាមេរិកឯណោះ។

២-The Hartonos ឬគ្រួសារត្រកូល Hartono នៃប្រទេសឥណ្ឌូណេស៊ី ដែលទ្រព្យសម្បត្តិកើតចេញតាមរយៈការចាប់ផ្តើមរបស់លោក Oei Wie Gwan ដែលបានទិញយកក្រុមហ៊ុនផលិតបារី Kretek នៅប្រទេសឥណ្ឌូណេស៊ី ហើយប្តូរឈ្មោះជា Djarum នៅក្នុងឆ្នាំ ១៩៥០។ ក្រោយមកលោកបានទទួលមរណភាពក្នុងឆ្នាំ ១៩៦៣ ដោយផ្ទេរក្រុមហ៊ុនទៅកាន់កូនប្រុសពីរនាក់គឺលោក Robert Budi Hartono និងលោក Michael Bambang Hartono ។

ដោយប្រើប្រាស់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន Djarum បងប្អូនប្រុស Hartono បានទិញយកក្រុមហ៊ុនវិនិយោគ Bank Central Asia ដែលឥឡូវនេះបានក្លាយជាប្រភពចំណូលចម្បងនៃទ្រព្យសម្បត្តិរបស់ពួកគេ ដូចដែលត្រូវបានរាយការណ៍ដោយសារព័ត៌មាន South China Morning Post ។

អ្នកទាំងពីរក៏បានពង្រីកចូលទៅក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចជាមួយនឹងផ្សារទំនើបអនឡាញ Blibli ផងដែរ។ បើយោងតាមប្រភពពី Bloomberg បានរាយការណ៍ថា គ្រួសារត្រកូល Hartono មានទ្រព្យសម្បត្តិសរុបចំនួន ៤៤.៨ពាន់លានដុល្លារអាម៉េរិក គិតត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។

៣-The Mistrys ឬគ្រួសារត្រកូល Mistry នៃប្រទេសឥណ្ឌា ទ្រព្យសម្បត្តិកើតចេញពីសាជីវកម្មគ្រួសារ Shapoorji Pallonji Group ត្រូវបានបង្កើតឡើងដោយជីតាគឺលោក Pallonji Mistry ដែលជាសហគ្រាសសំណង់នៅក្នុងឆ្នាំ ១៨៦៥។ ក្រុមហ៊ុនមានចំណាប់អារម្មណ៍លើវិស័យជាច្រើន រួមទាំងវិស្វកម្ម និងសំណង់។

ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នគ្រួសារនេះមិនអាចទទួលបានទ្រព្យសកម្មដ៏ធំបំផុតរបស់ខ្លួន ដែលជាភាគហ៊ុន ១៨.៤% នៅក្នុងក្រុមហ៊ុន Tata Sons ដែលកាន់កាប់ក្រុមហ៊ុន Tata Group ចំនួន ១៥០ពាន់លានដុល្លារអាម៉េរិកបាននោះទេ ដោយសារតែភាពស្មុគស្មាញផ្នែកផ្លូវច្បាប់នៃក្រុមហ៊ុនចុង​ក្រោយ​។

លោក Shapoor Mistry កូនប្រុសច្បងរបស់លោក Pallonji Mistry បច្ចុប្បន្នជាប្រធានអាជីវកម្មគ្រួសារមួយនេះ។ ទ្រព្យសម្បត្តិគ្រួសារត្រកូល Mistry ត្រូវបានប៉ាន់ស្មានថាមានចំនួន ៣៦.២ពាន់លានដុល្លារអាម៉េរិក គិតត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។

៤. Kwok Family ឬគ្រួសារត្រកូល Kwok នៃតំបន់រដ្ឋបាលពិសេសហុងកុង ដែលទ្រព្យសម្បត្តិបានកើតចេញពីលោក Kwok Tak-seng ដែលបានបង្កើតក្រុមហ៊ុន Sun Hung Kai Enterprises ក្នុងឆ្នាំ ១៩៦៣ ហើយក្រោយមកបានចុះបញ្ជីជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Sun Hung Kai Properties ក្នុងឆ្នាំ ១៩៧២។ ជាច្រើនទស្សវត្សរ៍បានកន្លងផុតទៅ ហើយឥឡូវក្រុមហ៊ុននេះ គឺជាអ្នកអភិវឌ្ឍអចលនទ្រព្យដ៏ធំបំផុតមួយរបស់ហុងកុង។

កូនប្រុសទាំងបីរបស់លោក Kwok Tak-seng គឺលោក Walter, Thomas និង Raymond Kwok បានទទួលមរតក និងសហការគ្រប់គ្រងអាជីវកម្មគ្រួសារនៅឆ្នាំ ១៩៩០។ ប៉ុន្តែដោយសារជម្លោះគ្រួសារ និងបញ្ហាផ្លូវច្បាប់ លោក Raymond Kwok ឥឡូវនេះគឺជាប្រធានក្រុមហ៊ុន Sun Hung Kai Properties តែម្នាក់គត់។ បើយោងតាម Bloomberg បានរាយការណ៍ថា គ្រួសារត្រកូល Kwok មានទ្រព្យសម្បត្តិសរុបចំនួន ៣២.៣ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី១៩ មករា ឆ្នាំ២០២៤។

៥. Chearavanont Family ឬគ្រួសារត្រកូល Chearavanont នៃប្រទេសថៃ ផ្តើមចេញពីលោក Chia Ek Chor ដែលជាជនជាតិចិនបានធ្វើចំណាកស្រុកទៅប្រទេសថៃក្នុងឆ្នាំ ១៩២១ ហើយបានបង្កើតហាងលក់គ្រាប់ពូជបន្លែជាមួយបងប្អូនប្រុសរបស់គាត់។ ជាងមួយរយឆ្នាំក្រោយមក ហាងគ្រួសារនេះបានក្លាយជាក្រុមហ៊ុន Charoen Pokphand Group ឬ CP Group ដែលជាអ្នកផលិតចំណីសត្វ និងបសុសត្វដ៏ធំបំផុតមួយរបស់ពិភពលោក។

ក្រុមហ៊ុន CP មានភាគហ៊ុននៅក្នុងក្រុមហ៊ុនធានារ៉ាប់រងចិន Ping An និងក្រុមហ៊ុនហុងកុង CITIC ក៏ដូចជាអង្គភាពទូរគមនាគមន៍ថៃ True Corp ផងដែរ។ ក្រុមហ៊ុនក៏ជាម្ចាស់សង្វាក់ផលិតកម្មលក់រាយ ប្រតិបត្តិការក្រុមហ៊ុន Tesco នៅក្នុងប្រទេសថៃ និងម៉ាឡេស៊ីផងដែរ។

កូនប្រុសរបស់លោក Chia Ek Chor គឺលោក Dhanin Chearavanont គឺជាប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន CP Group ។ បើយោងតាម Bloomberg បានរាយការណ៍ថា គ្រួសារត្រកូល Chearavanont មានទ្រព្យសម្បត្តិសរុបចំនួន ៣១,២ពាន់លានដុល្លារអាម៉េរិក គិតត្រឹមថ្ងៃទី១៩ មករា ឆ្នាំ២០២៤៕ (ដកស្រង់ពី VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ