ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក្ខខណ្ឌដ៏ម៉ឺងម៉ាត់លើកម្មវិធី TikTok ប្រសិនបើចង់បន្តដង្ហើមនៅសហរដ្ឋអាមេរិក

1 ខែ មុន

សហរដ្ឋអាម៉េរិក ៖ ការហាមប្រាមកម្មវិធីវីដេអូកម្សាន្តតីកតុក (TikTok) នៅសហរដ្ឋអាម៉េរិកបាន

សហរដ្ឋអាម៉េរិក ៖ ការហាមប្រាមកម្មវិធីវីដេអូកម្សាន្តតីកតុក (TikTok) នៅសហរដ្ឋអាម៉េរិកបានត្រឡប់មកដាក់លើតុពិភាក្សាវិញហើយ បន្ទាប់ពីសភាអាម៉េរិក កាលពីថ្ងៃទី១៣ ខែមីនា កន្លងទៅ បានបោះឆ្នោតអនុម័តច្បាប់ដ៏ភ្ញាក់ផ្អើលនេះ ហើយ TikTok អាចបន្តដង្ហើមនៅអាម៉េរិកទៀតបាន លុះត្រាតែកម្មវិធីនេះ បំបែកខ្លួនចេញពីក្រុមហ៊ុនមេ ByteDance ដែលជាក្រុមហ៊ុនបច្ចេក​វិទ្យា​អ៊ីន​ធឺណិតដ៏ធំរបស់ប្រទេសចិន។

ច្បាប់នេះ ទទួលបានការគាំទ្រទ្វេភាគីយ៉ាងខ្លាំង ដែលបានអនុម័តដោយសំឡេងបោះឆ្នោតចំនួន៣៥២សំឡេង ដែលត្រូវការសំឡេងភាគច្រើន ២ភាគ៣ ដើម្បីអាចចូលជាធរមាន ខណៈសមាជិកសភាចំនួន៦៥នាក់ បានបោះឆ្នោតប្រឆាំង។ ទោះយ៉ាងណាក៏ដោយ សេចក្ដីព្រាងច្បាប់នៅតែត្រូវឆ្លងការជម្រះពីព្រឹទ្ធសភា ដែលមិនមែនជាកិច្ចការតូចតាចនោះទេ ប៉ុន្តែប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន (Joe Biden) ធ្លាប់បានអះអាងកាលពីពេលថ្មីៗនេះថា លោកនឹងចុះហត្ថលេខាលើច្បាប់នេះ ប្រសិនបើវាត្រូវបានដាក់លើតុរបស់លោក។

ការបោះឆ្នោតសភាហាមប្រាមកម្មវិធី TikTok កើតឡើងបន្ទាប់ពីអ្នកបង្កើតគោលនយោបាយអាម៉េរិកមួយចំនួនអះអាងពីការភ័យខ្លាចថា ច្បាប់របស់ប្រទេសចិនអាចបង្ខំក្រុមហ៊ុន ByteDance ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង និងជាក្រុមហ៊ុនមេរបស់កម្មវិធី TikTok បញ្ជាឱ្យប្រគល់ព័ត៌មានអ្នកប្រើប្រាស់អាម៉េរិក ដែលនេះបង្ហាញពីហានិភ័យសន្តិសុខជាតិយ៉ាងធ្ងន់ធ្ងរ។

គណៈកម្មាធិការថាមពល និងពាណិជ្ជកម្មសភាអាម៉េរិក កាលពីសប្តាហ៍មុន ក៏បានបោះឆ្នោតលើសំឡេង ៥០-០ ដើម្បីជំរុញសេចក្ដីព្រាងច្បាប់នេះ បន្ទាប់ពីបានចូលរួមការសង្ខេបព័ត៌មានសម្ងាត់អំពីហានិភ័យនៃកម្មវិធីគ្រប់គ្រងដោយបច្ចាមិត្តបរទេស។

ដោយឡែក ភាគី TikTok ធ្លាប់បានលើកឡើងថា កម្មវិធីមិនបានរក្សាទុកព័ត៌មានអ្នកប្រើប្រាស់អាម៉េរិកនៅក្នុងប្រទេសចិននោះទេ ហើយបាននិងកំពុងធ្វើការលើផែនការ ដើម្បីការពារទិន្នន័យអ្នកប្រើប្រាស់បន្ថែមទៀត ប៉ុន្តែទោះយ៉ាងណា សកម្មភាពនេះ នៅតែមិនគ្រប់គ្រាន់សម្រាប់សមាជិកសភាអាម៉េរិក។

ច្បាប់ការពារជនជាតិអាម៉េរិកពីកម្មវិធីគ្រប់គ្រងដោយបច្ចាមិត្តបរទេស នឹងដាក់ទណ្ឌកម្មលើកម្មវិធី និងសេវាកម្មរបស់គេហទំព័រដែលបង្កើត និងគ្រប់គ្រងគណនីអស់ទាំងនោះ ប្រសិនបើពួកគេត្រូវបានរកឃើញថា បង្កកំហុស ស្របពេលកម្មវិធី TikTok នៅតែជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន។

ជាមួយគ្នានោះ ច្បាប់នេះបានដាក់ក្រុមហ៊ុនចិន ByteDance នៅក្នុងបញ្ជីខ្មៅ ប៉ុន្តែក៏អាចអនុវត្តចំពោះកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀត ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនមានមូលដ្ឋាន នៅប្រទេសបច្ចាមិត្តបរទេសមួយចំនួនតូចផងដែរ។

យ៉ាងណាមិញ អង្គការនិយាយដោយសេរី ដូចជាសហភាពសេរីភាពស៊ីវិលអាម៉េរិក ដែលហៅកាត់ថា ACLU ក៏ដូចជាអតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលបានបង្ហោះសារលើ Truth Social ថា ការកម្ចាត់កម្មវិធី TikTok ចេញពីសហរដ្ឋអាម៉េរិក ដោយគ្រាន់តែឈរដើម្បីផលប្រយោជន៍របស់ក្រុមហ៊ុនមេតា (Meta) ដែលជាក្រុមហ៊ុនមេបណ្ដាញសង្គម Facebook, Instagram តែប៉ុណ្ណោះ។

ACLU ក៏បានអះអាងថា ច្បាប់នេះនឹងទប់ស្កាត់ការបញ្ចេញមតិប្រកបដោយប្រសិទ្ធភាព បើទោះបីវាមិនបានគ្រប់គ្រងខ្លឹមសារច្បាស់លាស់យ៉ាងណាក៏ដោយ។ ACLU ក៏បានចង្អុលបង្ហាញពីសេចក្ដីសម្រេចតុលាការសហព័ន្ធនៅរដ្ឋម៉ុនតាណា (Montana) ដែលរារាំងការប៉ុនប៉ងក្នុងការហាមឃាត់កម្មវិធី TikTok ដើម្បីគាំទ្រការអះអាងរបស់ខ្លួនថា ការបោះឆ្នោតថ្មីរបស់សភាគឺមិនស្របតាមរដ្ឋធម្មនុញ្ញ៕ (ប្រភព ៖ The Verge និង Aljazeera)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ