គ្រោះថ្នាក់នៃជំងឺពោះវៀនធ្លាក់ចូលពងស្វាសបើនៅតែបន្តទុកមិនព្រមធ្វើការព្យាបាលឲ្យបានត្រឹមត្រូវទេ ពោះវៀននោះនឹងរបួសមិនអាចរុញចូលបរិវេណពោះវិញបានទេ មិនយូរប៉ុន្មានពោះវៀននោះនឹងធ្លាយរលួយ ហើយបង្កឱ្យប៉ះពាល់ដល់ជញ្ជាំងពោះកាន់តែធ្ងន់ធ្ងរបំផុត ។ ជួបជាមួយលោកសាស្ត្រាចារ្យមហាបរិញ្ញាវេជ្ជបណ្ឌិត ថុង សុខហ៊ាន ឯកទេសវះកាត់ជំងឺទូទៅ និងប្រព័ន្ធមូត្រសាស្ដ្រនៃមន្ទីរពេទ្យព្រះកុសុមៈបានប្រាប់កោះសន្តិភាពឲ្យដឹងថា ពោះវៀនធ្លាក់ចូលពងស្វាស ឬជំងឺក្លនលូននេះ គឺជាការលូនចេញរបស់ពោះវៀន ។
ជំងឺនេះបង្កឡើងដោយសារមូលហេតុពីរប្រភេទគឺ បណ្តាលមកពីការបិទមិនជិតនៃបំពង់ Peri toneo-vaginal ដែលតាមធម្មតាបំពង់ Peri toneo-vaginal នេះត្រូវបានបិទជិត តែនៅពេលណាវាខ្សោយហើយបិទមិនជិត ពោះវៀនអាចធ្លាក់ចូលតាមបំពង់នេះចុះមកក្រោមរហូតដល់ពងស្វាស ករណីនេះច្រើនជួបលើកុមារតូច ហើយវាក៏អាចបណ្តាលឲ្យកើតជាជំងឺពងកោបរីកធំលាយជាមួយថែមទៀត ។ មួយករណីទៀត បណ្តាលមកពីការខ្សោយផ្នែកណាមួយរបស់ជញ្ជាំងពោះ Paroi abdominal ដែលបណ្តាលឲ្យពោះវៀនអាចលូនចេញតាមកន្លែងឬប្រហោង ដែលខ្សោយនោះ បង្កើតជាជំងឺក្លនលូន ដែលជាជំងឺច្រើនជួបនៅលើមនុស្សចាស់ ។ លោកសាស្ត្រាចារ្យបានបន្តថា រោគសញ្ញានៃជំងឺនេះ ពេលចាប់ផ្តើមដំបូង អ្នកជំងឺហាក់មានអារម្មណ៍ថាដូចជា តឹង ឬឈឺតិចៗនៅត្រង់ក្រលៀនបន្ទាប់ពីធ្វើការងារធ្ងន់ឬពេលកំពុងដើរ និងជួនកាលអាចឃើញមានដុំសាច់ទន់ៗទំហំប៉ុនមេដៃត្រង់ក្រលៀន(អាចស្ថិតនៅផ្នែកខាងស្តាំ)ពេលលោកអ្នកឈរឬដេក ហើយដុំនោះអាចបាត់ទៅវិញនៅពេលលោកអ្នកដេកផ្ងារ និងជួនការពេលខ្លះដុំនោះអាចលូនធ្លាក់ចូលទៅដល់ពងស្វាសថែមទៀតផង ។
លោកសាស្ត្រាចារ្យមហាបរិញ្ញាវេជ្ជបណ្ឌិត ថ្លែងបន្តថា ការព្យាបាលជំងឺក្លនលូននេះជាទូទៅត្រូវធ្វើការវះកាត់ ដោយពេទ្យឯកទេសផ្នែកវះកាត់ ហើយការវះកាត់ធ្វើឡើងក្នុងគោលបំណងបិទផ្លូវកុំឲ្យពោះវៀនអាច លូនចេញបានបន្តទៅទៀត ។ គ្មានការព្យាបាលដោយការប្រើប្រាស់ថ្នាំដើម្បីបិទ ផ្លូវពោះវៀនដែលធ្លាក់ចុះមកនោះឡើយ ហើយបើសិនជាលោកអ្នកមិនព្រមធ្វើការវះកាត់ទេនោះ លោកអ្នកអាចនឹងជួបនូវផលវិបាកមួយចំនួនដូចជា អាចបណ្តាលឲ្យពោះវៀនដែលធ្លាក់ នោះរបួស មិនអាចរុញចូលក្នុងពោះវិញបាន អាចបណ្តាលឲ្យពោះវៀនរលួយ ធ្លាយ នាំឲ្យមានជំងឺរលាកស្រោមពោះ ហើយអាចបណ្តាលឱ្យអ្នកជំងឺស្លាប់បាន ។
ជម្រើសដែលល្អ នៅពេលដែលលោកអ្នកកើតមានរោគសញ្ញាដូចខាងលើគួរតែប្រញាប់ទៅជួបជាមួយគ្រូពេទ្យជំនាញ ដើម្បីពិនិត្យ និងព្យាបាលឲ្យបានទាន់ពេលវេលាទើបជាការប្រសើរ ៕
ចែករំលែកព័តមាននេះ