ភ្នំពេញ៖ ការិយាល័យទី៤ នៃកងទ័ពជើងគោកកម្ពុជា បានស្នើសុំជំនួយជាសម្ភារៈ និងរថយន្តពីការិយាល័យកងទ័ពជើងគោក នៃសាធារណរដ្ឋកូរ៉េ។ ចំពោះការស្នើសុំនេះ ត្រូវបានកងទ័ពកូរ៉េ សន្យាថា នឹងយកទៅជម្រាបជូនថ្នាក់លើ។
ការស្នើសុំជំនួយយោធានេះ បានធ្វើឡើង នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ក្នុងជំនួបរវាងលោកឧត្តមសេនីយ៍ទោ ជ វណ្ណរិទ្ធ នាយសេនាធិការរង នាយការិយាល័យទី៤ កងទ័ពជើងគោកកម្ពុជា ជាមួយឧត្តមសេនីយ៍ត្រី HA, HEON CHEOL នាយរង ការិយាល័យទី៤ ទទួលបន្ទុកផែនការភស្តុភារកងទ័ពជើងគោក នៃសាធារណរដ្ឋកូរ៉េ។ ក្នុងជំនួបនោះ បានធ្វើឡើង ខណៈលោកឧត្តមសេនីយ៍ត្រី HA, HEON CHEOL បានដឹកនាំប្រតិភូ អញ្ជើញមកធ្វើទស្សនកិច្ច និង បំពេញការងារ នៅកម្ពុជា។
នៅក្នុងជំនួបនោះ លោកឧត្តមសេនីយ៍ទោ ជ វណ្ណរិទ្ធ បានលើកឡើងពីដំណើរទស្សនកិច្ច របស់ការិយាល័យទី ៤ កងទ័ពជើងគោក កងយោធពលខេមរភូមិន្ទ នៅប្រទេសកូរ៉េ នាខែ កញ្ញា ខាងមុខនេះ តបតាមការអញ្ជើញរបស់ភាគីកូរ៉េ ក្នុងគោលដៅធ្វើយ៉ាងណា អោយនាយទាហាន ជំនាញការិយាល័យទី ៤ កងទ័ពជើងគោកក ម្ពុជា បានទទួលនូវចំណេះដឹងថ្មី និងបទពិសោធន៍ការងារ ដើម្បីនាំយកនូវចំណេះដឹងមកធ្វើការ អភិវឌ្ឍអង្គភាព របស់ខ្លូនអោយទទួលបានលទ្ធផលល្អ។
មានមតិឆ្លើយតបវិញ ឧត្តមសេនីយ៍ត្រី (HA, HEON CHEOL) បានទទួលយកនូវសំណើរបស់ ការិយាល័យទី៤ កងទ័ពជើងគោក កងយោធពលខេមរភូមិន្ទ ដើម្បីយកទៅពិក្សាជាមួយថ្នាក់លើរបស់ខ្លួន ក្នុងនោះ រួមមាន ទាំងការស្នើសុំការជួយឧបត្ថម្ភ ទៅលើសំភារៈ និងរថយន្ត ជូនការិយាល័យ ទី៤ កងទ័ពជើងគោកផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ជ វណ្ណរិទ្ធ បានលើកឡើងពីការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក តាមរយៈការចុះកម្មសិក្សារយៈពេលខ្លី និងការធ្វើផ្លាស់ប្តូរទស្សនកិច្ច រវាងជំនាញការិយាល័យទី៤ កងទ័ពទាំងពីរ កម្ពុជា -កូរ៉េ តាមរយៈអនុសារណៈយោគយល់ ( MOU) ដើម្បីធ្វើយ៉ាងណា អោយកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ មានការរីកចំរើនទៅថ្ងៃអនាគត។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី (HA, HEON CHEOL) បានថ្លែងអំណរគុណដល់ ការិយាល័យទី៤ កងទ័ពជើងគោក កម្ពុជា ដែលបានទទួលស្វាគមន៍ ចំពោះប្រតិភូ ភស្តុភារកងទ័ពជើងគោក នៃសាធារណរដ្ឋកូរ៉េ ដែលបានមកធ្វើទស្សនៈកិច្ច និងបំពេញការងារនៅកម្ពុជា៕ សុខ សារ៉ាយ









ចែករំលែកព័តមាននេះ