ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នរណា​ជា​ម្ចាស់​ខ្សែក្រវាត់​គោ​ជល់​នៅ​លើ​សង្វៀន​ទូរទស្សន៍ CNC ?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​រដូវ​កាល​ទី​៦​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍ CNC បាន​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ​នៅ​ថ្ងៃ​សៅរ៍ ​ទី​២៤ ធ្នូ​ ស្អែកនេះ ។

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​រដូវ​កាល​ទី​៦​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍ CNC បាន​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ​នៅ​ថ្ងៃ​សៅរ៍ ​ទី​២៤ ធ្នូ​ ស្អែកនេះ ។ បេក្ខភាព​ដែល​ត្រូវ​ឡើង​មក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​មាន មឿ​ន សុខ​ហ៊ុ​ច មក​ពី​ក្លិប​ពុទ្ធ​សិរី​វង្ស​ព្រែក​តា​ទែន ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ ឈ្មោះ ចម​ភព ស​.​វី​រ៉ា​វ៉ា​ន់ ដណ្ដើម​ចំណាត់ថ្នាក់​លេខ​១ ខណៈ​ឃុន សំខាន់ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ នឹង​ត្រា​កាន ក​.​កាម​មន្ត​វ៉ា​ត ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣ ។

ការ​ជួប​គ្នា​រវាង​មឿ​ន សុខ​ហ៊ុ​ច និង ចម​ភព​ស​.​វិ​រ៉ា​វ៉ា​ន់ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​តាមដាន​ការ​ប្រកួត​ភាគច្រើន​ពិបាក​វាយ​តម្លៃ​ខ្លាំង​ណាស់ ព្រោះ​កាល​ប្រកួត​វគ្គ​ជម្រុះ​ពួក​គេ​ទាំង​២​សុទ្ធតែ​មិន​ធ្លាប់​ស្គាល់​ចាញ់​ដូច​គ្នា ។ មឿ​ន សុខ​ហ៊ុ​ច មាន​ប្រវត្តិ​ប្រកួត​១០១​ដង ឈ្នះ​៧២​ដង ចាញ់​២៤​ដង ស្មើ​៥​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១៥​ដង ក្នុង​ពេល​កីឡាករ​ថៃ​ចម​ភព ស​.​វី​រ៉ា​វ៉ា​ន់ ធ្លាប់​ប្រកួត​៨៩​ដង ឈ្នះ​៧៧​ដង ចាញ់​១០​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១៦​ដង ។ សំអាង​ទៅ​លើ​ប្រវត្តិ​ប្រកួត​និង​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​ប្រើ​កែង និង​ជង្គង់​របស់​មឿ​ន សុខ​ហ៊ុ​ច តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់​គោ​ជល់​រដូវ​កាល​ទី​៦​នេះ​ប្រហែលជា​គេច​មិន​ផុត​ពី​ធ្លាក់​ក្នុង​កណ្ដាប់ដៃ​កីឡាករ​កម្ពុជា​រូប​នេះ​ទេ​មើលទៅ​។

ចំណែក​ការ​ប្រកួត​ដណ្ដើម​យក​ចំណាត់ថ្នាក់​លេខ​៣​រវាង ឃុន សំខាន់ ជាមួយនឹង​ត្រា​កាន ក​.​កា​មន្ត​វ៉ា​ត វិញ​នោះ គេ​មិនសូវ​ជា​មាន​ជំនឿ​ចិត្ត​លើ​កីឡាករ​កម្ពុជា​រូប​នេះ​ប៉ុន្មាន​ឡើយ ព្រោះ​ឃុន សំខាន់ មុន​នឹង​បាន​ឡើង​មក​ដល់​វគ្គ​នេះ​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ។ លោក ទេស សា​រិ​ន ដែល​ជា​គ្រូបង្ហាត់​កីឡាករ​ឃុន សំខាន់ ប្រាប់​ថា សិស្ស​របស់​គាត់​ធ្លាប់​ជួប​កីឡាករ​ថៃ​រូប​នេះ​២​លើក​ចាញ់​ទាំង​២​លើក​ទើប​លោក​ពិបាក​និយាយ​កាន់ជើង​កូនសិស្ស​ម្នាក់​នេះ​ណាស់ ។

ក្រៅពី​គូ​ដណ្ដើម​ខ្សែក្រវាត់​ទាំង​២​គូ​នេះ​ទៅ នៅ​មាន​គូប្រកួត​មិត្តភាព​អន្តរជាតិ​កម្ពុជា​-​ថៃ​មួយគូ​ទៀត​គឺ ឃឹម ឌី​ម៉ា មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ ដែល​ធ្លាប់​ប្រកួត​៦៤​ដង ឈ្នះ​៥៥​ដង ចាញ់​៦​ដង ស្មើ​៣​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​២០​ដង នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ កី​នុ​ក ណ​យ​លូក​ឈុ​ន​ប្រា​ថា​ន ដែល​ធ្លាប់​ប្រកួត​១៣០​ដង ឈ្នះ​១០៥​ដង ចាញ់​២០​ដង ស្មើ​៥​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១៥​ដង ។ ដូច្នេះ​សម្រាប់​ការ​ប្រកួត​លើក​នេះ ឃឹម ឌី​ម៉ា មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ ។

ក្រឡេក​មើល​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​កម្ពុជា​-​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​CTN​ថ្ងៃ​សៅរ៍​នេះ​ដែរ​ពោរពេញ​ដោយ​កីឡាករ​ខ្លាំង​ៗ ដូច​ជា វី សេរី​ចាន់​ឌី​ន មក​ពី​ក្លិប​ខ្លារខិន​មាន
រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ អិន​ស៊ី ឌែ​ង វិ​រិ​យៈ​ហ្វា​ម ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម រីឯ​ផង់ សុភាព មក​ពី​ក្លិប​រាជសីហ៍​ខេត្តរតនគិរី ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​កុង​ម៉េ​ធី ស៊ី​ត​ប៉ុ​ម ពឺ​ន ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។

វី សេរី​ចាន់​ឌី​ន ធ្លាប់​ប្រកួត​៦៧​ដង ឈ្នះ​៥២​ដង ចាញ់​១២​ដង ស្មើ​៤​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១៥​ដង ក្នុង​ពេល​កីឡាករ​ថៃ​ជា​គូប្រកួត ធ្លាប់​ប្រកួត​បាន​៦៤​ដង ឈ្នះ​៥១​ដង ចាញ់​១២​ដង ស្មើ​១​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១​ដង ។  រីឯ​ផុង សុភាព ធ្លាប់​ប្រកួត​បាន​៧៩​ដង ឈ្នះ​៦២​ដង ចាញ់​១៥​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូ​ប្រកួត​ឱ្យ​សន្លប់​បាន​១៣​ដង ក្នុង​ពេល​កីឡាករ​ថៃ​ដែល​ជា​គូប្រកួត​ធ្លាប់​ប្រកួត​បាន​១០៥​ដង ឈ្នះ​៨១​ដង ចាញ់​២១​ដង ស្មើ​៣​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១០​ដង ។

នៅ​លើ​សង្វៀន​ដដែល​សម្រាប់​គូប្រកួត​មិត្ត​ភាព​ធម្មតា​វិញ​មាន​កីឡាករ ព្រំ វី មក​ពី​ក្លិប​ទីបញ្ជាការ​កងទ័ពជើងទឹក ប្រកួត​ជាមួយ​កីឡាករ ហ៊ែ​ល វ៉ា មក​ពី​ក្លិប​ឃ្លាំងមឿង កីឡា និង​កីឡាករ​ផា​ន ចំណាន មក​ពី​ក្លិប​រាជសីហ៍​ខេត្តរតនគិរី ប្រកួត​ជាមួយ​កីឡាករ រៀវ ចំណាប់ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួង​ការពារ​ជាតិ ។

ដោយឡែក​សម្រាប់​កម្មវិធី​ប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​ទូរទស្សន៍​CNC​ថ្ងៃអាទិត្យ​ទី​២៥​ធ្នូ ប្រជុំ​ដោយ​កីឡាករ​ខ្លាំង​ៗ​ជា​ច្រើន​គូ​ដែល​ត្រូវ​ចូលខ្លួន​សាក​វិជ្ជា​គុន​ជូន​ទស្សនិកជន​ទស្សនា​កម្សាន្ត​នៅ​ថ្ងៃ​សម្រាក​ចុង​ស​ប្តា​ហ៍ ។ កីឡាករ សិទ្ធ លី​ដា មក​ពី​ក្លិប​សាមគ្គី​កូន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ សុខ កាន មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ។ កីឡាករ លី​ន ជី មក​ពី​ក្លិប​បុរី​រាជសីហ៍ ប្រកួត​ជាមួយ កីឡាករ ហេង ពៅ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ។ កីឡាករ ង៉ែ​ត្រ វុ​ធ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ប្រកួត​ជាមួយ​កីឡាករ ឌុ​ម កែវ​​ដប មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ ។ កីឡាករ ឡុ​ង ឡា មក​ពី​ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់​វែង​ប្រកួត​ជាមួយ​កីឡាករ ចេ​ង គា មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា និង​គូ​ចុង​ក្រោយ​កីឡាករ វី រ៉ា​កុង មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ សូ ស៊ី​ន មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ៕