ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រលឹងចុង​សក់! ​អ្នកទៅ​លេង​​កម្សាន្តនៅ​​«ទឹក​ធ្លាក់​ថ្ម​ក្រាល»​

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ភ្ញៀវ​ទេសចរ​ទៅ​លេង​ទឹកធ្លាក់​ថ្ម​ក្រាល​ជា​ច្រើន​នាក់ ​បាន​រង​ការ​ភិតភ័យ​ព្រលឹង​ចុង​​សក់ ខ្លះ​ស្រែកយំផង បន្ទាប់​ពី​មានភ្លៀង​ធ្លាក់​ខ្លាំង​បណ្តាលឱ្យ​ទឹក​​ជន់​លិច​​កន្លែង​លេង ហើយ​ខ្លះ​បាន​រត់ឡើង​ដើមឈើផងដែរ​​ ហេតុការណ៍កើតឡើង​កាលពីរសៀលថ្ងៃ​ទី​១៧ ​កក្កដា ​​ស្ថិតនៅ​រមណីយដ្ឋាន​«ទឹកធ្លាក់​ថ្ម​ក្រាល»…

ខេត្តកំពង់ឆ្នាំង ៖ ភ្ញៀវ​ទេសចរ​ទៅ​លេង​ទឹកធ្លាក់​ថ្ម​ក្រាល​ជា​ច្រើន​នាក់ ​បាន​រង​ការ​ភិតភ័យ​ព្រលឹង​ចុង​​សក់ ខ្លះ​ស្រែកយំផង បន្ទាប់​ពី​មានភ្លៀង​ធ្លាក់​ខ្លាំង​បណ្តាលឱ្យ​ទឹក​​ជន់​លិច​​កន្លែង​លេង ហើយ​ខ្លះ​បាន​រត់ឡើង​ដើមឈើផងដែរ​​ ហេតុការណ៍កើតឡើង​កាលពីរសៀលថ្ងៃ​ទី​១៧ ​កក្កដា ​​ស្ថិតនៅ​រមណីយដ្ឋាន​«ទឹកធ្លាក់​ថ្ម​ក្រាល» ស្ថិត​ក្នុងភូមិ​កោះ​ខ្ទុ​ម ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។

តាម​ការ​បញ្ជាក់​ពី​អ្នក​ទៅ​លេង​កម្សាន្ត​​​ទីនោះបាន​ឲ្យកោះសន្តិភាព​​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​១២ថ្ងៃត្រង់ (ថ្ងៃដដែល) មេឃ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​តំបន់​ផ្នែក​ខាងលើ​ និង​នៅ​កន្លែង​​លេង​កំសាន្ត​ទឹកធ្លាក់​ថ្ម​ក្រាល ។ ​ពេល​នោះ​ សហគមន៍​ទេសចរណ៍​ ក៏​បាន​ប្រកាស​តាម​ឃោស​​​ន​ស័ព្ទ ឲ្យ​បងប្អូន​ឡើង​ចេញពី​ទឹក ​ព្រោះ​ជា​ទម្លាប់​ឲ្យ​តែ​ភ្លៀង​ធ្លាក់​បែប​នេះ​ ទឹកនឹង​ជន់​ហូរ​លិច​ជាក់ជា​​មិនខាន ​។

​ពេល​នេះ​ បងប្អូន​ខ្លះ​ក៏​ឡើង​មក​ត្រើយម្ខាង​បែក​ខាង​ដាក់​រថយន្ត​ ម៉ូតូ​ និង​ច្រកចូល ។ ចំណែក​បង​ប្អូន​ខ្លះ​ទៀត​ ក៏នៅ​តែ​បន្ត​លេង​នៅ​ត្រើយម្ខាង​ ។​ លុះ​មួយសន្ទុះ​ក្រោយមក​ ស្រាប់តែ​ទឹកធ្លាក់​បាទ​ធ្លាក់​​យ៉ាង​ខ្លាំង ជា​ទឹក​ពណ៌​ខ្មៅ​ល្អក់ ដូច​បាក់​ទំនប់ មក​ផ្នែក​ខាងលើ​ បណ្ដាល​ឱ្យ​ជាប់​បងប្អូន ភ្ញៀវ​ទេសចរ​ប្រមាណ​ជាង​១០​នាក់ មិន​អាច​ឡើង​មក​រួច ហើយ​ទឹកបាន​បន្ត​ជន់​ឡើង​យ៉ាង​លឿន​ជា​បន្តបន្ទាប់ បណ្ដាល​ឱ្យ​លិច​ស្ពាន​ឆ្លង និង​លិច​ទីទួល​លេង​កម្សាន្ត​ផង​ដែរ ។

ក្នុង​សភាព​អាសន្ននោះ​ បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​ភ្ញៀវ​ទេសចរ ខ្លះ​បាន​រត់ឡើង​ដើមឈើ និង​ស្រែកយំ​ឲ្យ​គេ​ជួយ​ ។ ក្នុង​គ្រានោះ​ដែរ សមាជិកសហគមន៍​ទេសចរណ៍​ទឹកធ្លាក់​ថ្ម​ក្រាល បាន​អន្តរា​គមន៍​ទាញ​ខ្សែពួរ ចង​កាត់​ទទឹង​អូ រ​ដើម្បី​រំដោះ​យក​ភ្ញៀវ​ទេសចរ​ម្ដងម្នាក់​ម្ដា​ក់​ៗ រហូត​ដល់​អស់ ។ ទោះ​យ៉ាងណា ​ពុំ​មាន​នរណាម្នាក់​​រងគ្រោះថ្នាក់​នោះ​ទេ ប៉ុន្តែ​របស់​មួយ​ចំនួន​ត្រូវ​បាន​បាត់​ហូរ​ទៅ​តាម​ទឹកអស់ ។

លោក អ៊ឺត អូន ប្រធាន​សហគមន៍​ទឹកធ្លាក់​ថ្ម​ក្រាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ចាប់តាំងពី​រដូវវស្សា​ចូល​មក​ដល់​ គឺ​ភ្លៀង​បាន​ធ្លាក់​ជាប់​ៗ​គ្នា​ប៉ុន្តែ​ជា​ធម្មតា​ទឹកធ្លាក់​តិចតួច​តែ​ប៉ុណ្ណោះ ពុំ​មាន​ជំនន់​ដូច​ថ្ងៃនេះ​ទេ​។ ដោយឡែក ​នៅ​ថ្ងៃនេះ ភ្លៀង​បាន​ធ្លាក់​នៅ​តំបន់​ថ្ម​ក្រាល​និង​ផ្នែក​ខាងលើ​យ៉ាង​ខ្លាំង បណ្ដាល​ឲ្យ​ទឹក​ហូរ​បុក​ឡើង​យ៉ាង​គំហុក មាន​កម្ពស់​ប្រមាណ​ជិត១ម៉ែត្រ មក​ពីលើ​តែ​ម្ដង ។​

យ៉ាងនេះ​ក្តី​ មុន​ពេល​កើតហេតុ​ ខាង​សហគមន៍​ទេសចរណ៍​បាន​ប្រកាស​តាមឃោស​នស័ព្ទ ឲ្យ​បងប្អូន​ឡើង​ចេញពី​ទឹក​មក​ត្រើយម្ខាង ហើយ​បងប្អូន​ខ្លះ​ក៏​មក បងប្អូន​ខ្លះ​ក៏​សំងំ​នៅ​លេង​បន្ត នៅ​ផ្នែក​ត្រើយម្ខាង​ខ្លះ​នៅ​លើ​កោះ ទើប​មាន​បញ្ហា​បែប​នេះ​កើតឡើង ។

​ក្នុង​នាម ​លោក​ជា​ប្រធាន​សហគមន៍​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទៅ​លេង​ទឹកធ្លាក់​ថ្ម​ក្រាល ប្រសិនបើ​មាន​មេឃ​ខ្មៅ​និង​ភ្លៀង​ធ្លាក់​នៅ​ខាងលើ​ សូម​ប្រញាប់​ឡើង​ចេញពី​ទឹកជា
​បន្ទាន់ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា រ​មណី​យ​ដ្ឋា​ន​ទឹកធ្លាក់​ថ្ម​ក្រាល គឺជា​រមណីយដ្ឋាន​មួយ​ក្នុង​ចំណោម​រមណីយ​ដ្ឋាន ទឹកធ្លាក់​ផ្សេង​ទៀត ដូច​ជា​រមណីយដ្ឋាន​ទឹកធ្លាក់​អន្លង់​ស្វាយ នឹង រមណីយដ្ឋាន ទឹកធ្លាក់ ស្រែ​អំពិលជាដើម ។ រមណីយដ្ឋាន​ទឹកធ្លាក់​ថ្ម​ក្រាល មាន​ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត​ជា​ច្រើន​ជា​រៀង​រាល់ថ្ងៃ ថ្ងៃ​ចុង​ស​ប្តា​ហ៍ ពិសេស​ថ្ងៃ​មានបុណ្យ​បុណ្យ​ទាន ៕​​

អត្ថបទសរសេរ ដោយ