រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវរថយន្តដឹកខ្សាច់កិនបែកក្បាលស្លាប់នៅនឹងកន្លែង ចំណែក២នាក់ទៀតបានរងរបួសធ្ងន់ និងស្រាលខណៈដែលជិះម៉ូតូជែងគ្នាទាក់ដៃចង្កូតដួល ហើយរថយន្តដឹកខ្សាច់បើកមកពីក្រោយកិនបែកក្បាលស្លាប់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង១៥នាទីល្ងាច ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិឡកំបោរ សង្ដាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។ ជនរងគ្រោះដែលស្លាប់ពុំត្រូវគេស្គាល់ឈ្មោះឡើយ។
ចំណែកអ្នករងរបួស ប្រុសម្នាក់ស្រីម្នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។ តាមព័ត៌ប្រភពមានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់ជាមួយបុរសម្នាក់ទៀតធ្វើដំណើរតាមផ្លូវជាតិលេខ៥ពីត្បូងទៅជើង។ នៅពេលមកដល់កន្លែងកើតហេតុ ក៏បានបើកជែងរថយន្តដឹកខ្សាច់ខាងលើ ហើយជ្រុលទៅបុកម៉ូតូម៉ាកនិចពណ៌ផ្កាឈូកលាយស ស្លាកលេខ ភ្នំពេញ 1GD-1259 ជិះគ្នា២នាក់ដោយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង បណ្ដាលឲ្យដួលទាំង២គ្រឿង។
តាមសាក្សីបានឲ្យដឹងទៀតថា ខណៈនោះស្រាប់តែរថយន្តដឹកខ្សាច់មួយគ្រឿង ម៉ាកនីសាន់ ពណ៌សលាយខៀវ ពាក់ស្លាកលេខ PP-0243 ដែលកំពុងបើកបរស្របទិសគ្នានោះមកដល់កិនចំក្បាលជនរងគ្រោះបណ្តាលឲ្យស្លាប់នៅកន្លែង។ ចំណែកបុរសម្នាក់ និងស្ត្រីម្នាក់ជិះម៉ូតូនិចបានរងរបួសស្រាល និងធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកកាន់មន្ទីរពេទ្យកាល់ម៉ែត។ បន្ទាប់ពីគ្រោះថ្នាក់អ្នករួមដំណើរជាមួយជនរងគ្រោះដែលស្លាប់ក៏បានលើកម៉ូតូជិះគេចបាត់។
ក្រោយពីគ្រោះថ្នាក់អ្នកបើក រថយន្តបង្កបានបើករត់គេចខ្លួនបាត់ដូចគ្នា។ រថយន្តបង្ក និងម៉ូតូ ត្រូវនគរបាលចុះទៅវាស់វែងនាំយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរជើងគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តតាំងក្រសាំង ស្ថិតនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ