ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ ម្ទេសខ្មាំង អាច​ជាប់​ជម្រើសជាតិ​សា​ជា​ថ្មី ខណៈ​ក្លិប​អា​រុណ​រះ​ប្រកាស​សុំ​ជំនួយ​សម្ភារ​ហ្វឹកហាត់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក អាត សំរឹទ្ធ គ្រូបង្វឹក​ប្រដាល់​ប្រចាំ​ក្លិប​អា​រុណ​រះ​ បានឱ្យ​ដឹង​ថា លោក ប៊ុ​យ

រាជធានី​ភ្នំពេញ ៖ លោក អាត សំរឹទ្ធ គ្រូបង្វឹក​ប្រដាល់​ប្រចាំ​ក្លិប​អា​រុណ​រះ​ បានឱ្យ​ដឹង​ថា លោក ប៊ុ​យ សោ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​សាកល​មាន​បំណង​ចង់ឱ្យ​សិស្សគណ​របស់​លោក​គឺ​ពេជ្រ ម្ទេសខ្មាំង ជាប់​ជា​កីឡាករ​ជម្រើសជាតិ​ឡើង​វិញ ប៉ុន្តែ​ក៏​ត្រូវ​មើល​លើ​ការ​ប្រឹងប្រែង​ហ្វឹកហាត់​របស់​គេ​សិន​ដែរ ថា​ឈាន​ដល់​កម្រិត​មួយ​ដែល​អាច​ទទួលយក​បាន​ឬ​អត់​។

លោកគ្រូ អាត សំរឹទ្ធ បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរ​សព្ទ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ ទី​​១៧ កក្កដា នេះ​​ថា កីឡាករ​ពេជ្រ ម្ទេសខ្មាំង ដែល​បាន​បាត់​មុខ​ពី​ពិភព​កីឡាប្រដាល់​សាកល​អស់​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​នេះ កីឡាករ​រូប​នេះ​បាន​វិល​មក​ហ្វឹកហាត់​វិញ​ហើយ​គឺ​ហាត់​នៅ​ក្នុង​ក្លិប​អា​រុណ​រះ​ដែល​មា​នទី​តាំងនៅ​ជាយក្រុង​តា​ខ្មៅ ជាប់​ព្រំប្រទល់​ខេត្តកណ្ដាល ប៉ុន្តែ​ការ​ហ្វឹកហាត់​របស់​គេ​មិនសូវ​ដិត​ដល់​នៅឡើយ​នោះ​ទេ ។

ទោះជា​យ៉ាងណា លោក​កំពុង​តែ​ព្យាយាម​ជំរុញ​ឱ្យ​គេ​ហ្វឹកហាត់​ឱ្យ​បាន​ខ្លាំង ដោយសារ​ចង់​ឃើញ​រូបគេ​ក្លាយជា​កីឡាករ​ជម្រើសជាតិ​ដូច​មុន​ក្រែង​មានឱកាស​បាន​បញ្ចេញថ្វីដៃ​នៅ​លើ​ឆាក​អន្តរជាតិ​ដូច​កីឡាករ​ជម្រើសជាតិ​ដទៃ​ទៀត​ដែរ​។​ទន្ទឹម​គ្នា​នេះ​ដែរ​លោក​ក៏​បាន​ប្រាប់​ទៅ​លោកប៊ុ​យ សោ​ភ័​ណ្ឌ ពី​ការ​វិល​ត្រឡប់​មក​ហ្វឹកហាត់វិញ​របស់​កីឡាករ​ពេជ្រ ម្ទេសខ្មាំង​នេះ​ដែរ ហើយ​លោក​ប៊ុ​យ សោ​ភ័​ណ្ឌ ក៏​បាន​តប​ថា បើសិនជា​ពេជ្រ ម្ទេសខ្មាំង ប្រឹងប្រែង​ហ្វឹកហាត់​ដូច​ដើម បង្កើន​បច្ចេកទេស​ឡើង​វិញ លោក​នឹង​ផ្ដល់​ឱកាស​ឱ្យ​គេ​ជាប់​នៅ​ក្នុង​ក្រុម​ជម្រើសជាតិ​តែ​ម្ដង​។

នៅ​ក្នុង​ក្លិប​អា​រុណ​រះ​បច្ចុប្បន្ន​ លោកគ្រូ អាត​សំរឹទ្ធ មិន​ត្រឹមតែ​ខិតខំ​ចំណាយ​ពេលវេលា​អូស​ទាញ​កីឡាករ​ពេជ្រ ម្ទេសខ្មាំង ឱ្យ​ហ្វឹកហាត់​ឡើង​វិញ​ប៉ុណ្ណោះ​នោះ​ទេ លោកគ្រូ​ថែម​ទាំង​ប្រមែប្រមូល​ក្មេង​កំព្រា​តូច​ៗ​ជា​ច្រើន​នាក់​ឱ្យមក​ហ្វឹកហាត់​ផង​ដែរ ដើម្បី​កុំ​ឱ្យ​ពួក​គេ​ដើរ​លេង​ផ្ដេសផ្ដាស់​ឬ​អាច​ឈាន​ទៅ​ជក់​គ្រឿងញៀ.ន​ទៀត​ផង​។ រហូត​មក​ទល់​ពេល​នេះ មាន​ក្មេង​ជិត​៣០​នាក់​ហើយ​ដែល​កំពុង​ហ្វឹកហាត់​រាល់ថ្ងៃ ។ លោក​ក៏​សប្បាយចិត្ត​ខ្លាំង​ណាស់​ដែរ​ដែល​ក្នុង​នាមរូប​លោក​ជា​អតីត​កីឡាករ​ប្រដាល់​សាកល​ជម្រើសជាតិ​មួយ​រូប ចង់​ឃើញ​ពួក​គេ​ថ្ងៃក្រោយ​មាន​អនាគត​ល្អ និង​ក្លាយជា​កីឡាករ​ជម្រើសជាតិ​ដណ្ដើម​យក​មេដាយ​ជូន​ជាតិ​។

ប៉ុន្តែ​ក្រោយ​ពី​ជំងឺ​កូ​វី​ដ​-១៩ មាន​ភាព​ធូរស្រាល​សម្ភារ​ហ្វឹកហាត់​នៅ​ក្នុង​ក្លិប​ត្រូវ​រង​នូវ​ការ​ខូចខាត​ស្ទើរតែ​ទាំងស្រុង​ទៅ​ហើយ ដោយសារ​ត្រូវ​ភ្លៀង​ខ្លះ​ទៀត​ត្រូវ​សត្វ​កណ្ដុរ​កកេរ​បំផ្លាញ ។ ដូច្នេះ​លោក​សូម​អំពាវនាវ​ទៅ​ដល់​សប្បុរសជន មេត្តា​ជួយ​តាម​សទ្ធា ដើម្បី​បាន​សម្ភារ​មក​បង្ហាត់​ក្មេង​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ