ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​៣៩​ប្រភេទ និង​កីឡា​សម្ដែង​១ ត្រូវ​បាន​អនុម័ត​សម្រាប់​ស៊ី​ហ្គេ​ម​នៅ​កម្ពុជា

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កីឡា​ចំនួន​៣៩​ប្រភេទ និង​កីឡា​សម្ដែង​១​ប្រភេទ ត្រូវ​បាន​អនុម័ត​ដោយ​ក្រុម

រាជធានី​ភ្នំពេញ ៖ កីឡា​ចំនួន​៣៩​ប្រភេទ និង​កីឡា​សម្ដែង​១​ប្រភេទ ត្រូវ​បាន​អនុម័ត​ដោយ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ី​អាគ្នេយ៍ សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា ដែល​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ។ ការ​អនុម័ត​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​២ នៅ​សណ្ឋាគារ​រ៉េ​ស៊ី​ដង់​សុខា​ភ្នំពេញ​រយៈពេល​៣​ថ្ងៃ ពី​ថ្ងៃ​ទី​១១-១៣ ខែកក្កដា ឆ្នាំ​២០២២​។

ជា​បទដ្ឋាន​កីឡា​កាតព្វកិច្ច រួម​មាន​អត្តពលកម្ម និង​កីឡា​ក្នុង​ទឹក នឹង​ស្ថិត​នៅ​ជា​ប្រភេទ​កីឡា​ចំណាត់ថ្នាក់​ទី​១ ដែល​បាន​បញ្ជាក់​សម្រាប់​ស៊ី​ហ្គេ​មនៅ​កម្ពុជា ឆ្នាំ​២០២៣ ។ កីឡា​សរុប​ចំនួន​៣១ ត្រូវ​បាន​សម្រេច​នៅ​ក្នុង​ប្រភេទ​កីឡា​ចំណាត់ថ្នាក់​ទី​២ ដែល​នឹង​ឃើញ​មានការ​រួម​បញ្ចូល​គ្នា​នៃ​ប្រភេទ
កីឡា​អូ​ឡាំ​ពិ​ក និង​កីឡា​អាស៊ី ។ ចំណែក​ប្រភេទ​កីឡា​ចំណាត់ថ្នាក់​ទី​៣ ដែល​ជា​កីឡា​ក្នុង​តំបន់ និង​កីឡា​ប្រ​ពែ​ណី ត្រូវ​បានដឹង​ថា មាន​កីឡា​ចំនួន ៦​ប្រភេទ និង​ចុង​ក្រោយ​កីឡា​សម្ដែង​ដែល​ជា​កីឡា​មិន​ស្ថិត​ក្នុ​ការ​ប្រកួតប្រជែង​ដណ្ដើម​មេដាយ មាន​១​ប្រភេទ​ត្រូវ​បាន​ដាក់​បញ្ចូល​ផង​ដែរ ។ កីឡា​ដែល​ត្រូវ​បាន​អនុម័ត​រួម​មាន​៖
ប្រភេទ​កីឡា​ចំណាត់ថ្នាក់​ទី​១៖ ១.​អត្ត​ពលកម្ម (Track&Field និង ម៉ា​រ៉ា​តុង​), ២.​កីឡា​លើ​ទឹក (​ហែល​ទឹក​, លោតទឹក និង​បាល់​ទឹក​)​។

ប្រភេទ​កីឡា​ចំណាត់ថ្នាក់​ទី​២៖ ៣.​វាយ​សី​, ៤.​បាល់បោះ (៥×៥ និង ៣×៣), ៥.​ប៊ី​យ៉ា ស្នូកឃ័រ​, ៦.​ប្រដាល់សកល​, ៧.​ប្រណាំងទូក​ប្រពៃណី​, ៨.​អុក (​អុកចត្រង្គ និង​អុក​ចិន​), ៩. គ្រី​ឃី​ត​, ១០.​ទោចក្រយាន (​កង់​គួ​ក និង​កង់​ភ្នំ​), ១១.​កីឡា​រាំ​, ១២.​បាល់ទាត់​, ១៣.​គុន​ដាវ​, ១៤. ហែល​ទឹក​ជើង​ទា​, ១៥.​វាយកូនគោល​, ១៦. កាយសម្ព័ន្ធ (Aerobic and Artistic), ១៧.ហុ​ក​គី​(​រួម​បញ្ចូល​ក្នុង​សាល និង​ក្រៅ​សាល​), ១៨. យូ​ដូ​, ១៩.​កា​រ៉ា​តេ​, ២០.​គុន​ខ្មែរ (​មួយ​), ២១. ប៉េតង់​, ២២.​ទូកក្ដោង​, ២៣.​សីដក់ (​រួម​ប​ញ្ជូ​ល​សី​ឈិ​ន​ឡូ​ន​), ២៤.​បញ្ច​សីលា​, ២៥.​សូ​ហ្វ​តេ​ន្នី​ស​,២៦.​វាយ​កូន​ឃ្លី​លើ​តុ​, ២៧.​តេ​ក្វា​ន់​ដូ WT, ២៨. វាយ​កូន​បាល់​, ២៩.​ទ្រី​យ៉ា​ត្លុង (​រួម​ទាំង​អា​គ័​រ​ត្លុង និង​ឌូ​អា​ត្លុង​), ៣០.​បាល់ទះ (​ក្នុង​សាល និង​លើ​ឆ្នេរ​ខ្សាច់​), ៣១.​លើក​ទម្ងន់​, ៣២.​ចំបាប់​, ៣៣.​វ៉ូ​ស៊ូ​។

ប្រភេទ​កីឡា​ចំណាត់ថ្នាក់​ទី​៣៖ ៣៤. កាយ​វប្បកម្ម​, ៣៥.​កីឡា​អេ​ឡិច​ត្រូ​និក​, ៣៦.​កីឡា Floorball, ៣៧.​ម៉ូតូ​ទឹក​, ៣៨.​យុទ្ធ​គុន​ចម្រុះ(​គុន​ល្បុក្កតោ​, Arnis គុនដំបង​របស់​ហ្វី​លី​ពី​ន​, ជឺ​ជី​តស៊ូ​, ឃី​ក​បុក​សី​ង​, យុទ្ធ​គុន​ចម្រុះ​កូរ៉េ ITF, វ៉ូ​វី​ណា​ម និង​៣៩. កីឡា​ឧបសគ្គ​។

ដោយឡែក កីឡា​សម្ដែង​ដែល​មាន​ជា​លើក​ដំបូង​នោះ​គឺ​កីឡា Teqball ជា​កីឡា​បាល់​មួយ​ដែល​ត្រូវ​បាន​លេង​នៅ​លើ​តុ​កោង ដោយ​រួម​បញ្ចូល​គ្នា​នូវ​របៀប​លេង​កីឡាបាល់ទាត់ និង​វាយ​កូន​ឃ្លី​លើ​តុ​។ ជាមួយ​គ្នា​នេះ​ផង​ដែរ​នៅ​មាន​កីឡា​ចំនួន ៥​ប្រភេទ​ផ្សេង​ទៀត ក៏​ត្រូវ​បាន​ស្នើ​សុំ​ដាក់​ពិចារណា​ផង​ដែរ រួម​មាន កីឡា​បាញ់កាំភ្លើង​, កីឡា Kurash, កីឡា​កាយសម្ព័ន្ធ វិញ្ញាសា (Rythmic), អុក​អន្តរជាតិ និង​កីឡា​បាញ់​ធ្នូ​។

ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម
លើក​ទី​៣២ ឆ្នាំ​២០២៣ បាន​មាន​ប្រសាសន៍​ថា ៖«​ចំពោះ​ចំណុច​សំខាន់​ៗ​ដែល​កម្ពុជា​ទទួល​បាន​ក្នុង​កិច្ចប្រជុំ គឺ​កម្ពុជា​ទទួល​បានការ​អនុម័ត​លើ ៣៩​ប្រភេទ​កីឡា និង​ប្រភេទ​កីឡា​សម្ដែង​មាន​១​។ ប្រភេទ​កីឡា​ដែល​យើង​បាន​ធ្វើការ​កំណត់​មាន ៣៩​ប្រភេទ​កីឡា និង​មាន​កីឡា​សម្ដែង​១​ប្រភេទ ហើយ​យើង​ទុក ៥ ប្រភេទ​ទៀត​ដែល​គេ​សំណូមពរ​ឲ្យ​យើង​ទុកជា​ការ​ពិចារណា​។ បើ​អាច​យើង​ដាក់ បើ​មិន​អាច យើង​អត់​ដាក់​ឡើយ​។

អ៊ីចឹង​ក្នុង​៣៩​ប្រភេទ​កីឡា​នេះ ដោយសារ​យើង​បង្រួម​ចូល​គ្នា លើ​ប្រភេទ​កីឡា​មួយ​ចំនួន ៦​ប្រភេទ​កីឡា​ឲ្យ​ចូល​ទៅ​ក្នុង​ក្រុមកីឡា​យុទ្ធ​គុន​ចម្រុះ ដូច​ជា​ល្បុក្កតោ​, Arnis, វ៉ូ​វី​ណា​ម ជាដើម​យើង​ច្របាច់​ចូល​មួយ​ក្រុម អ៊ីចឹង​យើង​ទទួល​បាន​ចំនួន​មួយ​ច្បាស់លាស់ ។ ប្រភេទ​កីឡា​ទាំងអស់ ប្រទេស​ទាំងអស់​សប្បាយចិត្ត​ដោយសារ​យើង​បាន​ដាក់​សឹងតែ​ទាំងអស់​នៃ​ប្រភេទ​កីឡា​របស់​គេ​ទៅហើយ ។ អ៊ីចឹង​គេ​សប្បាយចិត្ត គេ​ថា​លើក​ទី​១ កម្ពុជា​ធ្វើ ប៉ុន្តែ​កម្ពុជា​មាន​បេះដូង​ធំ អាច​ផ្ដល់​ឲ្យ​គេ​នូវ​ទំនុកចិត្ត​ក្នុង​ការ​ដាក់​បញ្ចូល​ប្រភេទ​កីឡា​ទាំងអស់​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ