ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៧​ប្រទេស​ហើយ​ត្រៀម​ចូលរួម​ប្រកួត​គុន​ល្បុក្កតោ​នៅ​ស៊ី​ហ្គេ​ម​២០២៣

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ CAMSOC បាន​ឲ្យ​ដឹង​ថា ពេល​នេះ មាន​ប្រទេស​៦​ទៅ​៧​ហើយ​ត្រៀម​ចូលរួម​ប្រកួត​កីឡា​គុន​ល្បុក្កតោ ដែល​ត្រូវ​បាន​ដាក់​ប​ញ្ជូ​ល​ក្នុង​ចង្កោម​នៃ​យុទ្ធ​គុន​ចម្រុះ សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣​។

ឯកឧត្តម​អគ្គលេខាធិការ​បានឱ្យ​ដឹង​បែប​នេះ នៅ​ក្រោយ​ពេល​បញ្ចប់​កិច្ច​ពិភាក្សា និង​ចុះ​ហត្ថ
លេខា​ជាមួយ​តំណាង​សមាគម​កីឡា​បញ្ច​សិលា​ឥណ្ឌូ​ណេ​ស៊ី និង​តំណាង​ស្ថានទូត​ឥណ្ឌូ​ណេ​ស៊ី ក្នុង​ការ​ផ្លាស់​ប្តូរ​ការ​នៃ​ហ្វឹ​ហាត់គុន​ល្បុក្កតោ និង​បញ្ច​សិលា នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២២​។

ឯកឧត្តម​មាន​ប្រសាសន៍​ថា ថ្ងៃនេះ ភាគី​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​កំណត់​ត្រា​នៃ​ដំណើរការ​ផ្លាស់​ប្តូរ​គ្នា​រវាង​ក្បាច់គុន​ល្បុក្កតោ​របស់​កម្ពុជា និង​បញ្ច​សិលា​របស់​ឥណ្ឌូ​ណេ​ស៊ី ហើយ​បាន​កំណត់​ពេលវេលា​ក្នុង​ការ​បញ្ជូន​ក្រុម​កីឡាករ កីឡាការិនី​កម្ពុជា​ចេញ​ទៅ​ហ្វឹកហាត់​កីឡា​បញ្ច​សិលា និង​រៀបចំ​គ្រូបង្វឹក​កីឡា​គុន​ល្បុក្កតោ​របស់​កម្ពុជា​ទៅ​បង្ហាត់​ដល់​កីឡាករ កីឡាការិនី​ឥណ្ឌូ​ណេ​ស៊ី ដែល​ក្បាច់គុន​ទាំង​ពីរ​នេះ​នឹង​ត្រូវ​រៀបចំ​ការ​ប្រកួត​នៃ​យុទ្ធ​គុន​ចម្រុះ សម្រាប់​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​កម្ពុជា​។

«​នេះ​ជា​អត្ថប្រយោជន៍​ដ៏​សំខាន់​សម្រាប់​កម្ពុជា ក្នុង​ការ​បញ្ជ្រាប​ក្បាច់គុន​ព្រលឹង​ជាតិ​មួយ​នេះ​ទៅ​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ដែល​ឥណ្ឌូ​ណេ​ស៊ី​នឹង​បង្កើត​ឲ្យ​មាន​ជា​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​ឥណ្ឌូ​ណេ​ស៊ី​។ ឯកឧត្តម​ចាត់​ទុក​ថា នេះ​ក៏​ជា​ការ​ពង្រីក​សក្តានុពល​របស់​គុន​ល្បុក្កតោ​កម្ពុជា​បន្ថែម​ទៀត ទៅ​កាន់​តំបន់​អាស៊ី​អាគ្នេយ៍ ក្នុង​ការ​ត្រៀម​រៀបចំ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ ដោយពេល​នេះ​មាន​៦​ទៅ​៧​ប្រទេស​ហើយ​»​។ ឯកឧត្តម វ៉ា​ត់ ចំរើន បាន​បញ្ជាក់​បន្ថែម​។

នា​ដើមខែ​សីហា​ខាង​មុខ​នេះ កម្ពុជា​នឹង​បញ្ជូន​អត្ត​ព​លិ​ក​ចំនួន​៣០​នាក់​ទៅ​ហ្វឹកហាត់​បញ្ច​សិលា នៅ​ឥណ្ឌូ​ណេ​ស៊ី រហូត​ដល់​ជិត​ស៊ី​ហ្គេ​ម ២០២៣​តែ​ម្តង​។ ដើម្បី​ពង្រឹងគុណភាព​ទាំង​ការ​រៀបចំ និង​បច្ចេកទេស​របស់​អត្ត​ព​លិ​ក​ឲ្យ​បាន​ជោគជ័យ ឯកឧត្តម វ៉ា​ត់ ចំរើន ក៏​បាន​អះអាង​ពី​ផែនការ នៅ​ចុងឆ្នាំ​២០២២ ឬ​ដើមឆ្នាំ​២០២៣ កម្ពុជា​នឹង​ទទួល​រៀបចំ​ការ​ប្រកួត​កីឡា​ជើងឯក​គុន​ល្បុក្កតោ និង​បញ្ច​សិលា​អាស៊ី​អាគ្នេយ៍ ដើម្បី​តេស្ត​សមត្ថភាព​កីឡាករ កីឡាការិនី និង​មន្ត្រី​រៀបចំ​ការ​ប្រកួត​នៃ​ប្រភេទ​កីឡា​យុទ្ធ​គុន​ទាំង​ពីរ​នេះ​ឲ្យ​កាន់តែ​ជាក់ច្បាស់ ត្រៀម​ឆ្ពោះទៅ​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣​។

ឯកឧត្តម វ៉ា​ត់ ចំរើន ដែល​ជា​អគ្គលេខាធិការ សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​ផង​នោះ ក៏​បាន​បង្ហាញ​ពី​ការ​ពិភាក្សា​គ្នា​យ៉ាង​លម្អិត និង​បាន​ឯកភាព​គ្នា​ក្នុង​ការ​ត្រៀម​រៀបចំ​ការ​ហ្វឹកហាត់​របស់
ក្រុម​កីឡាករ កីឡាការិនី​កម្ពុជា អំឡុង​ពេល​ហ្វឹកហាត់​នៅ​ឥណ្ឌូ​ណេ​ស៊ី​។ នេះ​ជា​លទ្ធផល​ផ្លែផ្កា ដើម្បី​គាំទ្រ​ដល់​ដំណើរការ​ហ្វឹកហាត់​ឲ្យ​រលូន បន្ទាប់​ពី​ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា កាលពី​ខែ​មុន​រវាង​កម្ពុជា និង​ប្រធាន​សហព័ន្ធ​កីឡា​បញ្ច​សិលា​ពិភពលោក និង​ជា​រដ្ឋមន្ត្រីក្រសួងការពារ​ជាតិ​​ឥណ្ឌូ​ណេ​ស៊ី នៅ​ក្នុង​ជំនួប​សវនាការ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ។

គួរ​រំឭក​ថា កាលពី​បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ាន​ប៉ា​រ៉ា និង​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ី​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២២ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ក្រើនរំឭក​ម្តងទៀត ក្នុង​ការ​ជំរុញ​ឱ្យ​បាន​ខ្លាំង​ថែម​ទៀត ចំពោះ​ការ​អភិរក្ស​កម្រិត​បច្ចេកទេស​កីឡា ទាំង​ល្បុក្កតោ​ខ្មែរ និង​យុទ្ធ​គុន​ឥណ្ឌូ​ណេ​ស៊ី នេះ ដែល​ទទួល​បានការ​ឯកភាព​ជួយ​ពី​ឯកឧត្ដម​រដ្ឋមន្ត្រី​ការពារ​ជាតិ​ឥណ្ឌូ​ណេ​ស៊ី និង​កីឡា​យូ​ដូ​ពី​អតីត​ឯកឧត្ដម​ឯកអគ្គរាជទូត​ជប៉ុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ