ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី​ប្រចាំ​ក្រុង​អង់កា​រ៉ា​ត្រូវ​បា.ញ់​សម្លា.ប់​ដោយ​ប៉ូលិស​តួ​ក​គី​ម្នាក់​ (មានវីដេអូឃ្លីប)

8 ឆ្នាំ មុន

ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី​ប្រចាំ​ប្រទេស​តួ​ក​គី​ត្រូវ​បា.ញ់​សម្លា.ប់​កាលពី​ថ្ងៃ​ទី​១៩ ធ្នូ នៅ​ទីក្រុង​អង់កា​រ៉ា ដោយ​ប៉ូលិស​តួ​ក​គី​ម្នាក់ ដែល​អះអាង​ថា ជា​ការ​សងសឹក​ចំពោះ​សោកនាដកម្ម​នៅ​ទីក្រុង​អា​ឡែ​ប ស៊ី​រី ដែល​កំពុង​ធ្លាក់​ក្នុង

ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី​ប្រចាំ​ប្រទេស​តួ​ក​គី​ត្រូវ​បាញ់​សម្លាប់​កាលពី​ថ្ងៃ​ទី​១៩ ធ្នូ នៅ​ទីក្រុង​អង់កា​រ៉ា ដោយ​ប៉ូលិស​តួ​ក​គី​ម្នាក់ ដែល​អះអាង​ថា ជា​ការ​សងសឹក​ចំពោះ​សោកនាដកម្ម​នៅ​ទីក្រុង​អា​ឡែ​ប ស៊ី​រី ដែល​កំពុង​ធ្លាក់​ក្នុង​កណ្តាប់ដៃ​របប​ស៊ី​រី​ទាំងស្រុង​ក្រោម​ការ​ជួយ​ទ្រទ្រង់​របស់​ក្រុង​មូ​ស្គូ ។

ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី​រូប​នេះ លោក​អាន​ដ្រេ​កា ឡូ​វ ត្រូវ​បាញ់​សម្លាប់​ជា​ច្រើន​គ្រាប់​ពេល​លោក​កំពុង​ថ្លែង​សុន្ទរកថា​មួយ​នា​ឱកាស​បើក​ពិព័រណ៍​សិល្បៈ​មួយ​នៅ​រដ្ឋធានី​តួ​ក​គី ។

ប្រធានាធិបតី​តួ​ក​គី លោក​រី​ស៊ី​ប​តៃ​យី​ប អ័​រ​ដូ​ហ្គា​ន និង​ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ក្នុង​សេចក្តីថ្លែងការណ៍​ដាច់​ដោយឡែក​ពី​គ្នា​បាន​ចាត់​ទុក​ការ​ធ្វើឃាត​នេះ​ជា​ការ​បង្កហេតុ ដែល​សំដៅ​បំផ្លាញ​ការ​ធ្វើ​ឱ្យ​មាន​ប្រក្រតី​ភាព​ឡើង​វិញ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ ដែល​ចាប់ផ្តើម​ពី​ខែសីហា​មក ក្រោយ​វិបត្តិ​ការទូត​ធ្ងន់ធ្ងរ​មួយ​មក ។ មេដឹកនាំ​ទាំង​២​បាន​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ ក្រោម​ការ​វាយប្រហារ​នេះ​បន្តិច ។ លោក ពូ​ទី​ន មិន​អត់ឱន​អោយ​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​អគ្គរដ្ឋទូត​រុ​ស្សី(វីដេអូ)

តាម​វី​ដេ​អូ​អំពី​ឆាក​វាយប្រហារ​ផ្សាយ​តាម​បណ្តាញ​សង្គម គេ​ឃើញ​ឃាតករ​ស្រែក​គ្រហឹម​ដំបូង​ជា​ភាសា​អា​រ៉ាប់ បន្ទាប់​មក​ជា​ភាសា​តួ​ក​គី ខណៈ​ឯកអគ្គរដ្ឋទូត​រូប​នេះ​ដេក​ដួល​លើ​ដី​ក្បែរ​រូបគេ ។ បុរស​រូប​នេះ​ស្លៀកពាក់​ខ្មៅ ហើយ​កាន់​កាំភ្លើងខ្លី​មួយ​ដើម បាន​ស្រែក​ពាក្យ​ថា ព្រះ​អាល់​ឡា​ហ៍​ជា​ធំ ហើយ​ស្រែក​ជា​ភាសា​អា​រ៉ាប់​ថា បណ្តា​អ្នកគាំទ្រ​ជី​ហា​ដ ចូរ​កុំ​ភ្លេច​ស៊ី​រី ចូរ​កុំ​ភ្លេច​អា​ឡែ​ប ។ បន្ទាប់​មក​ទៀត គេ​ស្រែក​ជា​ភាសា​តួ​ក​គី​២​ដង​ថា ពួក​អ្នក​ចួ​ល​រួម​ក្នុង​អំពើ​បិសាច​នឹង​ត្រូវ​ទទួល​បាបកម្ម​ម្តង​មួយ​ៗ ។

លោក HASIM KILIC អ្នក​យក​ព័ត៌មាន​របស់​កាសែត HURRIYET ប្រចាំ​រដ្ឋធានី​តួ​ក​គី​ហើយ​មាន​វត្ត​មាននៅ​កន្លែង​កើតហេតុ​រៀបរាប់​ប្រាប់ AFP ថា ពេល​ឯកអគ្គរដ្ឋទូត​រូប​នេះ​ឡើង​ថ្លែង​សុន្ទរកថា បុរស​ម្នាក់​ស្លៀកពាក់​ពណ៌​ខ្មៅ​ដំបូង​បាញ់​ទៅ​លើ​អាកាស បន្ទាប់​មក​បាញ់​សំដៅ​ឯកអគ្គរដ្ឋទូត ។

យោង​តាម​បណ្តាសារ​ព័ត៌មាន​តួ​ក​គី​ថា មនុស្ស​៣​នាក់​ទៀត​ក៏​រង​របួស​ដែរ​ក្នុង​ការ​បាញ់ប្រហារ ។

ឃាតករ​ដែល​ត្រូវ​គេ​បាញ់​សម្លាប់​ត្រូវ​បាន​អាជ្ញាធរ​តួ​ួ​ក​គី​ប្រាប់​ថា មានឈ្មោះ MEVLUT MERT ALTINTAS ជា​ប៉ូលិស​វ័យក្មេង​អាយុ​២២​ឆ្នាំ ។ គេ​ពុំ​ទាន់​ច្បាស់​ក្នុង​ពេល​ភ្លាម​ៗ​ថា​តើ​ប៉ូលិស​រូប​នេះ​ជា​អ្នកចូលរួម​ក្នុង​កិច្ច​ការពារ​ការ​បើក​ពិព័រណ៍​នេះ​ដែរ​ឬ​យ៉ាងណា​ឡើយ ។

តាម​ទីភ្នាក់ងារ​ព័ត៌មាន​តួ​ួ​ក​គី DOGAN ថា ការ​ឆែកឆេរ​ត្រូវ​បាន​ធ្វើ​នៅផ្ទះ​ប៉ូលិស​រូប​នេះ ។ ឪពុក​ម្តាយ ព្រមទាំង​ប្អូនស្រី​គេ​ត្រូវ​ចាប់ខ្លួន ។

ដោយ​បរិហារ​ថា ជា​អំពើ​ភេរវកម្ម​មួយ អ្នកនាំពាក្យ​ក្រសួងការបរទេស​រុ​ស្ស៊ី លោកស្រី​ម៉ា​រី​យ៉ា ហ្សា​ខា​រ៉ូ​វ៉ា អះអាង​ថា ពួក​ឃាតករ​នឹង​ត្រូវ​ទទួល​ការ​ដាក់ទោស ។

កើត​ឆ្នាំ​១៩៥៤ លោក​អាន​ដ្រេ កា​ឡូ​វ ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​តួ​ក​គី​កាលពី​ខែកក្កដា ឆ្នាំ​២០១៣ ។ លោក​មាន​ប្រពន្ធ និង​កូន​ម្នាក់ ។ លោក​ធ្លាប់​ធ្វើ​ឯកអគ្គ​រដ្ឋ​ទូត​ប្រចាំ​ប្រទេស​កូរ៉េ​ទាំង​២ ពិសេស​ធ្វើ​ឯកអគ្គរដ្ឋទូត​ប្រចាំ​ក្រុង​ព្យុ​ង​យ៉ាង​ពី​ឆ្នាំ​២០០១​ដល់​២០០៦ ។

យោង​តាម​ក្រសួងមហាផ្ទៃ​តួ​ក​គី ឃាតករ​ត្រូវ​សម្លាប់ ។ រូបភាព​នានា​បង្ហាញ​ជន​នេះ​ដេក​ដួល​លើ​ដី​ពិតជា​ស្លាប់ ។

សហរដ្ឋអាមេរិក​បាន​ថ្កោលទោស​ថា​នេះ​ជា​អំពើ​ហិង្សា ទោះជា​មាន​ប្រភព​មកពីណា​ក្តី ។ ប្រមុខ​ការទូត​អឺរ៉ុប លោកស្រី FEDERICA MOGHERINI សម្តែង​ការ​ក្តុកក្តួល​យ៉ាង​ខ្លាំង​ចំពោះ​ការ​ធ្វើឃាត​នេះ ចំណែក​ប្រធានាធិបតី​បារាំង លោក​ហ្វ្រ​ង់​ស្វ័​រ​ហូ​ឡង់ បាន​ធ្វើការ​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា ៕