ថ្មីៗនេះលោកបេអា រីចន័រ ស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផា បានស្នើឲ្យក្រសួងសុខាភិបាលបញ្ឈប់ការចាក់វ៉ាក់សាំងការពារជំងឺរបេង(BCG) ដែលប្រើប្រាស់តាំងពីឆ្នាំ២០០៥ក្នុងប្រទេសកម្ពុជា ដោយលោកបានលើកឡើងថា កុមារមួយចំនួនដែលបានចាក់វ៉ាក់សាំងការពារជំងឺរបេង តែងកើតមានជំងឺរបេងធ្ងន់ធ្ងរជាងកុមារដែលមិនបានចាក់វ៉ាក់សាំង ។
លោកបេអា រីចន័រ បានលើកឡើងទៀតថា មានកុមារជាច្រើនដែលកើតជំងឺរបេងត្រូវបាននាំយកទៅព្យាបាលក្នុងមន្ទីរពេទ្យគន្ធបុប្ផា ចំពោះកុមារដែលបានចាក់វ៉ាក់សាំងប្រភេទនេះគឺឈឺធ្ងន់ធ្ងរជាងកុមារដែលមិនបានចាក់វ៉ាក់សាំង ។ ជំងឺរបេងធ្ងន់ធ្ងរទាំងនេះមានដូចជា របេងស្រោមខួរ របេងឆ្អឹង របេងរលាកខួរក្បាល របេងដុំខួរក្បាល ដុំខួរក្បាល និងរបេងសួតធ្ងន់ធ្ងរជាដើម ។
ដោយឡែកលោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាន នាយកមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន បានបដិសេធចំពោះករណីដែលកុមារបានធ្វើការចាក់វ៉ាក់សាំង ហើយកើតមានជំងឺរបេងធ្ងន់ធ្ងរទាំងនេះ ព្រោះកម្មវិធីជាតិបានធ្វើការស្រាវជ្រាវនៅតាមភូមិ ឃុំ ស្រុក តាមវត្តអារាម តាមសាលារៀន តាមមន្ទីរពេទ្យនានាមិនបានជួបជាមួយកុមារដែលមានជំងឺរបេងធ្ងន់ធ្ងរនោះទេភាគច្រើនជាជំងឺរបេងស្រាលៗតែប៉ុណ្ណោះ ។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ២ទៅ៣ឆ្នាំចុងក្រោយនេះ កម្មវិធីជាតិបានស្រាវជ្រាវរកកុមារដែលកើតមានជំងឺរបេងមានចំនួន៦៥០០នាក់ទៅ៧០០០នាក់ក្នុងមួយឆ្នាំៗ ។ ដោយឡែក៩ខែដើមឆ្នាំ២០១៦នេះ កម្មវិធីជាតិបានស្រាវជ្រាវកុមារដែលកើតមានជំងឺរបេងមានចំនួនជាង៣៩០០នាក់ភាគច្រើនមិនមែនជាជំងឺរបេងធ្ងន់ធ្ងរនោះទេ ដែលភាគច្រើនជារបេងកូនកណ្តុរ ហើយរបេងសួតមានតិចតួចបំផុត ដែលនេះជាសញ្ញាបញ្ជាក់ថាវ៉ាក់សាំងការពារជំងឺរបេង(BCG) គឺមានប្រសិទ្ធភាព ។
ចំពោះការលើកឡើងរបស់លោកបេអា រីចន័រ លោកនឹងយកករណីនេះទៅពិភាក្សាជាមួយក្រុមមន្ត្រីជំនាញ ដៃគូ ជាពិសេសជាមួយអង្គការសុខភាពពិភពលោក ដើម្បីផ្តល់យោបល់បន្ថែម ហើយបើសិនជាករណីចាំបាច់លោកនឹងធ្វើការបំភ្លឺបន្ថែមទៀត ។ ប៉ុន្តែបច្ចុប្បន្នកម្មវិធីជាតិនៅតែបន្តចាក់វ៉ាក់សាំងការពារជំងឺរបេង(BCG)យ៉ាងណាមិញមាតាបិតាឬអាណាព្យាបាលគ្រប់រូបគួរនាំកូនមកធ្វើការចាក់វ៉ាសាំងឲ្យបានគ្រប់ចំនួនជាពិសេសវ៉ាក់សាំងជំងឺរបេង ព្រោះវ៉ាក់សាំងនេះមានសារប្រយោជន៍៣យ៉ាងដូចជា៖
១-ការពារកុំឲ្យកើតមានជំងឺរបេង
២-ការពារកុំឲ្យអ្នកដែលកើតមានជំងឺរបេងវិវឌ្ឍទៅជាជំងឺរបេងសកម្ម
៣-បើសិនជាកើតមានជំងឺរបេង ការចាក់វ៉ាក់សាំងនេះអាចជួយការពារកុំឲ្យជំងឺរបេងវិវឌ្ឍទៅរកជំងឺរបេងធ្ងន់ធ្ងរជាពិសេសរលាកស្រោមខួរ ឬរបេងសាយភាយជាដើម ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ការធ្វើតេស្ត ការចាក់ថ្នាំបង្ការ ការព្យាបាលជំងឺរបេងមិនត្រូវបានបង់ប្រាក់ទេ ហើយបើមានការសង្ស័យថាកូនលោកអ្នកកើតមានជំងឺរបេង គួរតែនាំកូនទៅកាន់មន្ទីរពេទ្យបង្អែកដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានទាន់ពេលវេលា និងព្យាបាលឲ្យបានត្រឹមត្រូវ ដោយលោកអ្នកអាចសម្គាល់តាមរោគសញ្ញាមួយចំនួនដូចជា ៖
-ក្អកលើសពី២សប្តាហ៍
-ក្តៅខ្លួនលើសបី២សប្តាហ៍
-ស្រក់ទម្ងន់ មិនឡើងទម្ងន់ មិនលេងដូចក្មេងដទៃ
-មានឡើងកូនកណ្តុរនៅត្រង់កជាដើម ។
សូមបញ្ជាក់ថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសទាំង៣០ដែលមានផ្ទុកជំងឺរបេងខ្ពស់នៅលើពិភពលោក ហើយថ្នាំបង្ការBCG គឺជាថ្នាំបង្ការជំងឺរបេងដែលបច្ចុប្បន្ននេះ អង្គការសុខភាពពិភពលោកបានប្រកាសឱ្យបណ្តាលប្រទេសដែលកើតមានជំងឺរបេងច្រើន ឬកើតឡើងវិញត្រូវតែចាក់ថ្នាំបង្ការជំងឺនេះ ។ ការផ្តល់វ៉ាក់សាំងBCGចំពោះទារកដែលទើបនឹងកើតត្រូវបានបង្ហាញយ៉ាងជាក់ច្បាស់តាមបែបវិទ្យាសាស្ត្រ ថាមានប្រសិទ្ធភាពក្នុងការការពារជំងឺរបេង ៕
ចែករំលែកព័តមាននេះ