ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុ​ក ស្រី​មុំ សង្ឃឹម​ទាំង​ពីរ​វិញ្ញាសា​ក្នុង​ការ​ប្រកួត​កីឡា​ពិភពលោក​នៅ​អា​មេ​រិ​ក

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កីឡាការិនី​ប៊ូល និង​ប៉េតង់​ជម្រើសជាតិ​កម្ពុជា អ៊ុ​ក ស្រី​មុំ សង្ឃឹម​ខ្ពស់​ទាំង​ពីរ​

រាជធានី​ភ្នំពេញ ៖ កីឡាការិនី​ប៊ូល និង​ប៉េតង់​ជម្រើសជាតិ​កម្ពុជា អ៊ុ​ក ស្រី​មុំ សង្ឃឹម​ខ្ពស់​ទាំង​ពីរ​វិញ្ញាសា​សម្រាប់​ការ​ចូលរួម​ប្រកួត​កីឡា​ពិភពលោក (World Games) ឆ្នាំ​២០២២​នៅ​ទីក្រុង Birmingham រដ្ឋ​អាល​ឡា​បា​ម៉ា សហរដ្ឋអាមេរិក​។

បន្ទាប់​ពី​ធ្វើ​ដំណើរ​ទៅ​ដល់​សហរដ្ឋអាមេរិក កីឡាការិនី អ៊ុ​ក ស្រី​មុំ បាន​ប្រាប់​ថា ទីលាន​ប្រកួត​គឺ​ថ្មី​សម្រាប់​ខ្លួន ដោយសារ​ដីខ្សាច់ និង​លាយ​ថ្ម​ធំ​មួយ​ៗ ប៉ុន្តែ​អាច​ទទួលយក​បាន​ទាំង​របៀប​ចូល និង​វាយ​។ កីឡាការិនី​រូប​នេះ​សង្ឃឹម​ខ្ពស់​ទាំង​២​វិញ្ញាសា​គឺ​វិញ្ញាសា​វាយ​គូ​នារី​ដែល​ចាប់​ដៃគូ​ជាមួយ​កីឡាការិនី អ៊ុ​ន ស្រី​យ៉ា និង​វិញ្ញាសា​ឯក​ត្ត​ជន​វាយ​យក​ពិន្ទុ​។ ម្ចាស់​មេដាយមាស​ពិភពលោក​ឆ្នាំ​២០២១​បាន​ប្តេជ្ញា​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ដណ្តើម​យក​មេដាយ​ជូន​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ កញ្ញា គិ​ន សំណាង អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា បាន​ឲ្យ​ដឹង​ថា កម្ពុជា​បាន​បញ្ជូន​ប្រតិភូ​កីឡា​ប៉េតង់​ចំនួន​៥​នាក់ គឺ​កីឡាការិនី អ៊ុ​ក ស្រី​មុំ និង​កីឡាការិនី អ៊ុ​ន ស្រី​យ៉ា ដឹកនាំ​ដោយ​កញ្ញា​ផ្ទាល់ ព្រមទាំង​លោក ហៀន ថាវរ​: មន្ត្រី​សហព័ន្ធ និង​លោក ចាន់ វិចិត្រ មន្ត្រី​ព័ត៌មាន​។ កញ្ញា គិ​ន សំណាង បញ្ជាក់​ថា ការ​ប្រកួត​កីឡា​ពិភពលោក​នេះ​មាន​ប្រភេទ​កីឡា​ច្រើន​ចម្រុះ ប៉ុន្តែ​កម្ពុជា​បាន​បញ្ជូន​តែ​កីឡា​ប៉េតង់​ចូលរួម​ប្រកួត​ប៉ុណ្ណោះ​។ ការ​ធ្វើ​ដំណើរ​មិន​មាន​បញ្ហា​អ្វី​ទេ ប៉ុន្តែ​គ្រាន់តែ​ត្រូវ​ចំណាយ​ពេលវេលា​ផ្លាស់​ប្តូរ​ជើងហោះហើរ​២​ទៅ​៣​កន្លែង ដោយសារ​អត់​មាន​ជើងហោះហើរ​ត្រង់​។

តំណាង​សហព័ន្ធ​រូប​នេះ​បាន​បន្ថែម​ថា ការ​ចុះ​ឈ្មោះ គឺ​ក្រុមការងារ World Games រៀបចំ​បាន​ល្អ​សម្រាប់​ប្រតិភូ និង​កីឡាការិនី​កម្ពុជា​។

កន្លែង​ស្នាក់​នៅ គឺ​ស្ថិត​នៅ​សកល​វិទ្យាល័យ អាល​ឡា​បា​ម៉ា ក្នុង​ទីក្រុង Birmingham​។
អត្ត​ព​លិ​ក​កម្ពុជា​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ​ដើម្បី​ដណ្តើម​មេដាយមាស នាំ​កិត្យានុភាព​ជូន​ជាតិ ក្នុង​ព្រឹត្តិការណ៍​កីឡា​ពិភពលោក ជា​ពិសេស​បង្ហូតទង់ជាតិ​កម្ពុជា​។

សូម​បញ្ជាក់​ថា ការ​ប្រកួត​កីឡា​ពិភពលោក ឆ្នាំ​២០២២ ធ្វើ​នៅ​ទីក្រុង Birmingham សហរដ្ឋអាមេរិក មាន​ប្រទេស​ជាង​១០០ ជុំវិញ​ពិភពលោក​ចូលរួម ប្រកួត​លើ​៣៣​ប្រភេទ​កីឡា ចាប់ពី​ថ្ងៃ​ទី​០៨ ដល់​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២២ ក្នុង​នោះ​កីឡា​ប៉េតង់​កម្ពុជា ត្រូវ​បាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​ពិភពលោក អញ្ជើញ​ចូលរួម​ជា​លើក​ដំបូង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ